ព័ត៌មានជាតិ

រថយន្ត​កាមរី​ហាយ​ប្រ៊ីត​ស្រវឹងធ្លាក់ភ្នែក​បើកបុ​ករនាំង​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​ផ្ទាំង​

​ភ្នំពេញ​៖ រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៥​ផ្ទាំង​ត្រូវបាន​បាក់ នឹង​ទ្រេត​ដោយសារ​រថយន្ត កាមរី​ហាយ​ប្រ៊ីត​ពណ៌​ស​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​បុក​កាលពី វេលា​ម៉ោង​២​នឹង​៤០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៨​ខែ​មិថុនា​ឆ្នាំ​២០១៤​តាម​បណ្តោយ​មហាវិថី​សហព័ន្ឋរុស្ស៊ី​ខាងលិច​ខ្លោងទ្វារវត្ត​នាគវន្ត័​ប្រមាណ​១០០​ម៉ែត្រ​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ខណ្ឌ​ទួលគោក​។​

​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្ត​សញ្ញា​បុរស​ស្រវឹងស្រា​ជោកជាំ​បើក​រថយន្ត​បង្កហេតុ​នៅឡើយ​ទេ​។​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹង​ថា​មុនពេល​កើតហេតុ​មាន​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​ពណ៌​ស​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-2688 បើកបរ​ដោយ​បុរស ស្រវឹងស្រា ជោកជាំ ម្នាក់​បាន​ធ្វើដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​មហាវិថី​សហព័ន្ឋរុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​បាន​ព្យាយាម​បើក​ជែង នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ពី​មុខ​ទើប​ជ្រុល​ចង្កូត​ទៅបុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់អស់ ៥​ផ្ទាំង​។​

​ចំណែក​រថយន្ត​បង្កហេតុ​ដាច់​កង​មុខ​ខាងឆ្វេង​ទៅមុខ​លែងរួច​។​ក្រោយពេល​កើតហេតុ​រថយន្ត បង្កហេតុ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នង់ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕
2014-06-18_111905

មតិយោបល់