ភ្នំពេញ ៖ រថយន្តមួយគ្រឿងបើកបត់ឆ្វេងមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងបុកចំពេញទំហឹងបណ្ដាល ឱ្យបុរសម្នាក់រងរបួសធ្ងន់ត្រង់ចំណុចផ្លូវបែកជា៤ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៤ ត្រង់ចំណុចមុខបណ្ណាគាអាយប៊ីស៊ី តាមបណ្ដោយផ្លូវ២១៥កែងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿងមិនចាំម៉ាកបានបើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៥ ទិសដៅពីត្បូង ទៅជើងក្នុងល្បឿនលឿន ខណៈមកស្ដុបកែងផ្លូវកម្ពុជាក្រោមរថយន្តបានបត់ឆ្វេងមិនបានប្រយ័ត្ន ក៏ត្រូវម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1CE-4980 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៥ ទិសដៅពីជើងទៅត្បូងបុកចំរថយន្ត ពេញទំហឹង បណ្ដាលអោយដួលបោកនិងថ្នល់រងរបួសធ្ងន់ ចំណែករថយន្តរងការខូចខាត បន្តិចបន្តួចក៏បានបន្ថែមល្បឿនគេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍រង់ចាំបងប្អូនមកទទួលយកវិញ៕
មតិយោបល់