ព័ត៌មានជាតិ

រថយន្ត​២​គ្រឿង​បុក​គ្នា​នៅ​ចំណុច​ផ្លូវបែក​ជា​បួន​បណ្ដាលអោយ​រង​ការខូចខាត​ទាំងសងខាង​

ភ្នំពេញ ៖ រថយន្ត​លុច​ស៊ី​ស​LX470 មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កែង​បែក​ជា​បួន​មិន​បន្ថយល្បឿន​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​កាត់​ឆ្លងផ្លូវ​ធ្វើអោយ​បុក​គ្នា​ចំ​ពេញទំហឹង​ចំ​កណ្ដាល​ផ្លូវ​បណ្ដាលអោយ​រង​ការខូចខាត​ទាំងសងខាង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៣​ខែ​មិថុនា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ផ្លូវ​លេខ​៣៦០​កែង​ផ្លូវ​លេខ​១៦៣ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​លុច​ស៊ី​LX470 មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-8699 ជិះ​ធ្វើ​ដំណើរ​ដោយ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ផ្លូវកែង​លេខ​៣៦០ ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​មែក​សឺ​ដែស S320 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-9293 ជិះ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦០ ទិសដៅ​ពី​លិច​ទៅ​កើត​ឆ្លងផ្លូវ ធ្វើអោយ​រថយន្ត​ទាំង​២​គ្រឿង​បុក​គ្នា​ចំ​ពេញទំហឹង​នៅ​កណ្ដាល​ផ្លូវ​បណ្ដាលអោយ​រង​ការខូចខាត​ទាំងសងខាង​។​

​ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​ធ្វើ​ការសម្របសម្រួល​គ្នា​ជាង​១​ម៉ោង​ទើប​សម្រេច​យក​រថយន្ត​ទៅ​ជួសជុល​រៀងខ្លួន​ដើម្បី​បញ្ចប់រឿង ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះទេ​៕​
1

234

មតិយោបល់