ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់រ៉ឺម៉កម៉ូតូកង់៣បានរងរបួសធ្ងន់ ខណៈដែលកំពុងជិះធ្វើដំណើរហើយ ត្រូវម៉ូតូមួយគ្រឿងបុកចំពេញទំហឹង កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤ ត្រង់ចំណុចខាងក្រោយផ្សារទំនើបសូរិយា តាមបណ្ដោយផ្លូវលេខ៦៧ កែងផ្លូវលេខ ១៤២ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា គេបានឃើញបុរសម្នាក់ជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ ពាក់ស្លាកលេខ កណ្ដាល 1C-1213 កំពុងជិះ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦៧ក្រោយផ្សារទំនើបសូរិយា ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកចំណុចផ្លូវកែងលេខ១៤២ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីលែង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CK-7240 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៤២ ក្នុងទិសដៅពីលិចទៅកើត បុកចំម៉ូតូរ៉ឺម៉កកង់៣ចំពេញទំហឹងធ្វើអោយម៉ូតូស៊ុយស៊ូគីលែត អូសជាង៥០ម៉ែត្ររងរបួសស្រាល ចំណែកម្ចាស់ម៉ូតូរ៉ឺម៉ករងរបួសធ្ងន់ដេកនៅនិងថ្នល់។ បុរសជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣មានឈ្មោះ A8 អាយុ៥៤ឆ្នាំជាប្រធានក្រុមនៅក្នុងសមាគមន៍ ចូលរួមគ្នាអភិវឌ្ឍន៍កម្ពុជា មានទីលំនៅឃុំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
បន្ទាប់ពីកើតហេតុរថយន្តសាមុយមន្ទីរពេទ្យឯកជនចំនួន២គ្រឿងបានមកដល់ ប៉ុន្តែត្រូវខាង ដំណាងភាគីរងគ្រោះដែលជាសមាគមន៍ចូលរួមគ្នាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ 711 មិនអោយយក ជនរងគ្រោះទៅដោយសំអាងថាខាងគេមានរថយន្តសង្គ្រោះមកដឹកជនរងគ្រោះឥឡូវហើយ ប្រហែលជាងកន្លះម៉ោងមិនឃើញមានរថយន្តសង្គ្រោះមកដឹកជនរងគ្រោះ ទើបខាងដំណាង ភាគីរងគ្រោះសំរេចអោយរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនដឹកជនរងគ្រោះ ទៅព្យាបាលរបួសភ្លាមៗ។
បន្ទាប់ពីកើតហើយសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះធ្វើការវាស់វែងយកម៉ូតូនិងម៉ូតូរ៉ឺម៉កកង់៣ទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះគ្នាជាក្រោយ៕
មតិយោបល់