ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌឫស្សីកែវបង្ហាញមុខក្រុមចោរដែលតែងតែប្រើដាវសាំម៉ូរ៉ៃកាប់ប្លន់ពីប្រជាពលរដ្ឋ

ភ្នំពេញ: នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ លោកវរ:សេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានធ្វើការបង្ហាញមុខក្រុមចោរ ដែលតែងតែធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពី ប្រជាពលរដ្ឋយ៉ាងសកម្ម ហើយត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយនគរបាលទាំងប៉ុស្តិ៍ទាំង៦ បើកការស្រាវជ្រាវចាប់ឃាត់ខ្លួនចំនួន៧នាក់ កាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាតឈានចូល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទន:តេលា ក្នុងដីឡូត៍គ្មានលេខ តាមបណ្តោយផ្លូវឧកញ៉ា ម៉ុងឫទ្ធី ក្រុម៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

លោកវរ:សេនីយ៍ឯង ទៀង ច័ន្ទសារ បានប្រាប់ឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការនេះដែរ គឺធ្វើឡើងដោយមានការ បញ្ជាដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានី ភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បើកការស្រាវជ្រាវ និងបានដាក់កម្លាំងសមត្ថកិច្ចពួកស្ទាក់គ្រប់មធ្យោបាយទាំងថ្ងៃទាំងយប់ ដើម្បីតាមប្រមាញ់ក្រុម ចោរទាំងនោះយកមកអនុវត្តតាមច្បាប់ ។ លុះនៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១យប់រំលង​អធ្រាត្រក៏មានជនសង្ស័យ៤នាក់បានជិះម៉ូតូ២គ្រឿងមកធ្វើសកម្មភាពគំរាមកាប់ប្លន់ទៅលើនារីរងគ្រោះម្នាក់ឈ្មោះ លាង ស្រីយូ ភេទស្រី អាយុ១៨ឆ្នាំ ធ្វើការងារនៅភោជនីយដ្ឋានបុប្ជារាជធានី មានស្រុកកំណើតនៅភូមិគិរី​អណ្ដែត ឃុំទ្រា ស្រុកបារាយ ខេត្តកំពង់ធំ ដោយក្នុងនោះសម្ភារ:ដែលត្រូវចោរប្លន់យកទៅរួមមាន៖ ខ្សែកផ្លាកទីន​ចំនួន០១ខ្សែទំងន់៣ជី ,ទូរសព្ទ័ដៃម៉ាកIPhone 6 មួយគ្រឿង និងទូរស័ព្ទម៉ាកអ៊ិនចុចពិល ចំនួន មួយគ្រឿង ខណ:ពេលដែលនារីរងគ្រោះបានជិះម៉ូតូ មួយគ្រឿង ម៉ាក Today ចេញពីក្លឹប ម៉ារីន បានប្រហែលជា៥០ម៉ែត្រ​ក៏បានធ្វើសកម្មភាពគំរាមកាប់ប្លន់បានសម្រេច ។

លោកបានបន្តទៀតថា ជនសង្ស័យដែល​​សមត្ថកិច្ចចាប់ឃាត់ខ្លួនបានខាងលើ ទី១ .ឈ្មោះ ថាន់ ថងថាំង ភេទប្រុស អាយុ២៩ឆ្នាំ (ជាមេក្លោង) ស្នាក់នៅផ្ទះលេខ២៤១K ផ្លូវលំ ក្រុម៧ ភូមិទួលគោក សង្កាត់ទួលសង្កែ ។ ទី២.ឈ្មោះ សុភាព វិសាល ហៅកូកា ភេទប្រុស អាយុ ១៩ឆ្នាំ (ជាបងធំទី២ ហើយក៏ជាជនដៃដល់) ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម១៤ ភូមិទួលសង្កែ សង្កាត់ទួសង្កែ ។ទី៣.ឈ្មោះ មុន្នី ស៊ីសុវ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ (ជាជនដៃដល់) ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ ។ទី៤.ឈ្មោះ ថុន សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ (ជាជនដៃដល់) ស្នាក់នៅក្រុម៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ទី៥.ឈ្មោះ សូ វណ្ណ: ភេទប្រុស អាយុ២១ឆ្នាំ (ជាជនដៃដល់) ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ។ ទី៦.ឈ្មោះ អ៊ុក ហ៊ា ហៅហៀក ភេទប្រុស អាយុ ២០ឆ្នាំ (ជាជនដៃដល់) ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុម១១ ភូមិទួលគោក សង្កាត់ទួលសង្កែ និងទី៧.ឈ្មោះ សុខ វ៉ា ហៅម៉ាប់ ភេទប្រុស អាយុ៤៥ឆ្នាំ (ជាអ្នកទទួលផលចោរកម្ម) ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០៣ ក្រុម១២ ភូមិទួលសង្កែ សង្កាត់ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ក្រោយពីមានករណីកាប់ប្លន់នៅក្នុងភូមិសាស្ត្រជាញឹកញាប់ពេក លោកអធិការនគរបាល​ខណ្ឌប្ញស្សីកែវ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចឃ្លាំមើលមុខសញ្ញា ដែលយើងបានកំណត់រួចទៅហើយនោះ​អស់រយ:​ពេល៥ទៅ៦យប់មកហើយ ទើបតែដល់យប់កើតហេតុ កម្លាំងសមត្ថកិច្ចយើងបានធ្វើការដេញ​ចាប់មុខសញ្ញាខាងលើជាប់រហូត លុះដល់វេលាម៉ោងកើតហេតុ ក៏ឃើញជនសង្ស័យ ០២នាក់កំពុងតែជិះម៉ូតូ មួយគ្រឿង ទៅវិញទៅមកនៅមុខក្លឹបម៉ារីន ដោយមានការសង្ស័យទើបកម្លាំងសមត្ថកិច្ចយើងបានធ្វើការដេញតាម ហើយបានជិះបុកជនសង្ស័យទាំង២នាក់នោះឲ្យដួល រួចពួកបានរត់ចូលទៅក្នុងព្រៃមួយកន្លែង ភ្លាមៗនោះក៏​ឃាត់​ជនសង្ស័យ២នាក់ ហកដូតម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីសេ១១០ ស៊េរី២០១២ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FJ-9593 និងដាវសាំម៉ូរ៉ៃ យកទៅមកប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ ទើបដឹងថាបក្សពួករបស់ពួកគេទាំងអស់​មាន​គ្នាជិត២០នាក់ ដែលរស់នៅក្នុងដីឡូត៍របស់អតីតរោងចក្រដែលត្រូវបានឆាបឆេះអស់នៅសល់​តែរបងព័ទ្ធជុំវិញ​នោះដែលជាទីតាំងសម្រាប់ជក់ និងចែកចាយគ្រឿងញៀនផងដែរ ។
លោក ទៀង ច័ន្ទសារ បានបញ្ជាក់ទៀតថា ក្រោយពីកម្លាំងសមត្ថកិច្ចយើង បានដឹងតម្រុយហើយនោះ ក៏បានបញ្ជា​ឲ្យកម្លាំងសមត្ថកិច្ចចុះទៅឡោមព័ទ្ធទីតាំងខាងលើ ដែលជនសង្ស័យកំពុងតែពួនស្នាក់នៅនោះ ខណ:ពេលដែលកម្លាំងសមត្ថកិច្ចបានទៅដល់ ក៏ប្រទះឃើញរថយន្ត ឡិចស៊ីសមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាក​លេខ ភ្នំពេញ 2F-5777 ដែលជារថយន្តធ្វើសកម្មភាព ដាក់ដាវសាំម៉ូរ៉ៃឲ្យក្រុមចោរទាំងនោះវាយកាប់ប្លន់យក​ម៉ូតូនៅខណ្ឌឫស្សីកែវនិងខណ្ឌសែនសុខកាលពីពេលថ្មីៗនេះ ។ ហើយនៅក្នុងរថយន្តនោះ មានមនុស្សកំពុងដេក​នៅ​ក្នុងរថយន្តចំនួន២នាក់ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចដាស់ហៅមកសាកសួរនិងបានឃាត់ខ្លួនមនុស្សទាំង២នាក់​យកមកសាកសួររកបក្សពួកបន្ថែមទៀត ក្រោយមកក៏បានចូលទៅក្នុងដីឡូត៍មួយកន្លែង និងឃាត់បានបក្សពួក១​នាក់ទៀត ដែលកំពុងតែដេកក្នុងដីឡូត៍ និងចេញមកវិញឃាត់បានបក្សពួកមួយក្រុមទៀតដែលកំពុងតែ​ឈរ​ប្រមូលផ្តុំគ្នានៅមុខដីឡូត៍ ដោយមានស្រីមានប្រុស១៥នាក់ទៀតបានយកទៅសួរនាំនៅប៉ុស្តិ៍ទួលសង្កែ ដោយនៅក្នុង​ចំណោម​១៥នាក់នោះ មានស្រីប្រុស៩នាក់ ត្រូវបានសមត្ថកិច្ចអប់រំ និងហៅក្រុមគ្រួសារមកយកទៅលំនៅដ្ឋានវិញ ។ក្រោយពីសាកសួរនាំរួចមក លុះព្រឹកឡើង លោកអធិការខណ្ឌឫស្សីកែវ បានបើប្រតិបត្តិការចុះទៅឆែក​ឆេរទីតាំងពីរកន្លែងជាប់ៗគ្នា ដែលទទួលផ្ញើរម៉ូតូ ២៤ម៉ោង ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ១០៣ ក្រុម៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ដោយក្នុងនោះមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលា​ដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការឆែកឆេរ និងបានឃាត់ខ្លួនម្ចាស់ទីតាំង ដែលទទួលផ្ញើរម៉ូតូនោះ។ ក្រោយមក កម្លាំងសមត្ថកិច្ចយើងបានធ្វើការត្រួតពិនិត្យទៅលើម៉ូតូទាំងអស់ ដែលនៅក្នុងទីតាំងផ្ញើរម៉ូតូ ក្នុងនោះដែរសមត្ថកិច្ច​បា​ន​ដកហូតម៉ូតូនៅក្នុងទីតាំងនោះមានចំនួន៤៣គ្រឿង ដោយនៅក្នុងចំណោមម៉ូតូ៤៣គ្រឿងនោះ មានជាប់ពាក់ព័ន្​ធទៅនឹងករណីកាប់ប្លន់កន្លងមក ។

ជាក់ស្តែង​សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ៧នាក់យកទៅសួរនាំ និងដកហូតបានរថយន្តមួយ​គ្រឿង ម៉ូតូមួយគ្រឿង ព្រមទាំងដាវសាម៉ូរ៉ៃ កាំបិត និងពូថៅមួយចំនួនធំទៀតផង ។ ចំណែកទូរស័ព្ទដៃ និងខ្សែករបស់​ជនរងគ្រោះ ដែលត្រូវបានជនសង្ស័យធ្វើសកម្មភាពប្លន់បាននោះ ត្រូវបានសមត្ថកិច្ចដកហូតបាន​ទាំងអស់វិញ ដោយបានប្រគល់ទៅឲ្យម្ចាស់ដើមវិញហើយ ។ក្នុងនោះដែរ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានធ្វើការប្រគល់​ម៉ូតូដែលមិនមានការជាប់ពាក់ពន្ធ័ទៅឲ្យប្រជាពលរដ្ឋវិញ។ ចំណែកឯជនសង្ស័យទាំង៧ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូន​ទៅកាន់តុលាការចាត់ការបន្តតាមនិតីវិធីច្បាប់ ៕

បង្ហាញមុខក្រុមចោរ

បង្ហាញមុខក្រុមចោរ

បង្ហាញមុខក្រុមចោរ

បង្ហាញមុខក្រុមចោរ

បង្ហាញមុខក្រុមចោរ

បង្ហាញមុខក្រុមចោរ

បង្ហាញមុខក្រុមចោរ

បង្ហាញមុខក្រុមចោរ

បង្ហាញមុខក្រុមចោរ

បង្ហាញមុខក្រុមចោរ

បង្ហាញមុខក្រុមចោរ

មតិយោបល់