ព័ត៌មានជាតិ

បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើករថយន្ត​បុក​ម៉ូតូ​ចំ​ពី​មុខ​រង​របួសស្រាល​ប្ដី​ប្រពន្ធ​២​នាក់​ផ្អើល​ពេញ​ខណ្ឌចំការមន​

​ភ្នំពេញ ៖ បុរស​ស្ដ្រី​២​នាក់​ប្ដី​ប្រពន្ធ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ក៏​ត្រូវ​បុរស​ម្នាក់​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង​បុក​ចំ​ពីមុខ​បណ្ដាលអោយ​ដួល សំណាង​គ្រាន់តែ​រងរបួស​ស្រាល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៤​ខែ​មិថុនា​ឆ្នាំ​២០១៤​ត្រង់​ចំណុច​មុខ​ហាង​កាត់ដេរ ខេ​ស៊ី តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន​។​
https://i1272.photobucket.com/albums/y389/domneng/3D/2014-06-25_103744_zpscb9acfa0.png
​បើតាម​សម្ដី​របស់​ប្ដី​ប្រពន្ធ​រងគ្រោះ​ទាំង​២​នាក់​បាន​អោយដឹងថា រូប​គាត់​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AG-3030 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុចកើតហេតុ​ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​បា​ឡែន ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-5337 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​បើក​រេ​ពេញ​ផ្លូវ ហើយក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ជនរងគ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​បណ្ដាលអោយ​ដួល សំណាង​គ្រាន់តែ​រងរបួស​ស្រាល ប៉ុន្តែ​បែក​កញ្ចក់​ទូរស័ព្ទ​អាយ​ហ្វូន​៤​មួយគ្រឿង​។ បន្ទាប់ពី​កើតហេតុ​ភាគី​ទាំងសងខាង​ក៏​បាន​ធ្វើ​ការសម្របសម្រួល ដោយ​ភាគី​រងគ្រោះ​ទារ​សំណង​ចំនួន​៤០០​ដុល្លារ​ថ្លៃ​ខូចខាត​ទូរស័ព្ទ ប៉ុន្តែ​ភាគី​បង្ក​មិន​ព្រម​ហើយក៏​មាន​ការ​ទាស់សម្ដី​គ្នា ភ្លាមៗ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ចំណែក​ភាគី​បង្ក​បាន​ទូរស័ព្ទ​ហៅ​បុរស​ម្នាក់​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​អះអាង​ថា​ខ្លួន​ប្រាប់​សមត្ថកិច្ច​និង​អ្នកសារព័ត៌មាន ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ​ទួលគោក និង​បាន​បញ្ជា​អោយ​ម្ចាស់​រថយន្ត​បើករថយន្ត​ចេញ​ពី​កន្លែងកើតហេតុ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់​មិន​អោយ​យក​រថយន្ត​ទៅ ហើយក៏​មាន​ការប្រតាយប្រតប់​គ្នា​រវាង​សមត្ថកិច្ច​និង​បុរស​ដែល​ថា​ខ្លួន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​។ បន្ទាប់ពី​កើតហេតុ​បុរស​ដែល​អាង​ខ្លួន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​នោះបាន​នាំ​បើកប​រថយន្ត​ក្នុងស្ថានភាព​ស្រវឹង​បង្កហេតុ​នោះ​គេច​ពី​កន្លែងកើតហេតុ​បាត់ ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​

​គួរបញ្ជាក់​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ គេ​សង្កេតឃើញ​បុរស​ម្នាក់​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្លៀកពាក់​ស៊ីវិល​ដែល​អះអាង​ខាង​ខ្លួន​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ​ទួលគោក បាន​ចេញមុខ​មក​កាង​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរ​និង​រារាំង​សមត្ថកិច្ច​មិនអោយ​ធ្វើ​ការវាស់វែង​យក​រថយន្ត​ទៅ​ដោះស្រាយ ថែមទាំង​មិន​អោយ​អ្នកសារព័ត៌មាន​ផ្ដិត​យក​រូបភាព​ថែមទៀត​ផង​៕​

មតិយោបល់