ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានទិញរថយន្តក្រុងប្រើហើយ (រថយន្តមួយទឹក) ចំនួន៤០គ្រឿងពីប្រទេសកូរ៉េខាងត្បូងដើម្បីពង្រីកសេវាកម្មរថយន្តក្រុងសាធារណៈដ៏ក្មេងខ្ចីក្នុងរាជធានី។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតខេមបូឌា ដេលី។
ប្រភពខាងលើបានបញ្ជាក់ដោយដកស្រង់សំដី លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីថា រថយន្តក្រុងដែលបានទិញនោះ គ្រោងនឹងដឹកមកដល់រាជធានីភ្នំពេញក្នុងរយៈពេល១៥ថ្ងៃទៀត ចំណែកតម្លៃរថយន្តក្រុង ឬថារថយន្តទាំងនេះទិញមកពីក្រុមហ៊ុនណា លោកសុំមិនបង្ហាញឲ្យដឹង។
សេវាកម្មរថយន្តក្រុងសាធារណៈបានចាប់ផ្តើមកាលពីដើមឆ្នាំនេះ ដោយក្រុមហ៊ុនចិន Global (Cambodia) TradeDevelopment ជាអ្នកទទួលបន្ទុក ដោយមិនមានដំណើរការដេញថ្លៃត្រឹមត្រូវឡើយ ហើយផ្អែកទៅលើការព្រមព្រៀងផ្ទាល់មាត់តែប៉ុណ្ណោះ។ ក្រោយមកក្រុមហ៊ុននេះបានដកខ្លួនចេញ បន្ទាប់ពីមិនទទួលបានការលើកលែងពន្ធសម្រាប់អាជីវកម្មរថយន្តតាក់ស៊ីរបស់ខ្លួន ហើយសាលារាជធានីបានសម្រេចធ្វើគម្រោងនេះតែឯងនៅពេលដែលខ្លួនស្វែងរកក្រុមហ៊ុនផ្សេងឲ្យអនុវត្តសេវាកម្មនេះបន្តទៀត។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ សេវាកម្មរថយន្តក្រុងមាន ៣៦ចំណត នៅតាមមហាវិថីព្រះមុនីវង្ស ហើយការពង្រីកសេវានៅពេលខាងមុខ នឹងបន្ថែមរថយន្តថ្មីជាច្រើនខ្សែទៀត៕
https://i1272.photobucket.com/albums/y389/domneng/3D/7986_1_1393814299_zpsfbf16b54.jpg
មតិយោបល់