ស្រោមអនាម័យជាច្រើនដែលបានដាក់លក់នៅក្នុងប្រទេសប្រេស៊ីល ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2014 ភាគច្រើនមានលក្ខណៈជាជាតិនិយម ដោយមានពណ៌ដូចទង់ជាតិតំណាងប្រទេសប្រេស៊ីល។
តើលោកអ្នកដឹងថា ចាប់តាំងពីផ្ដើមការប្រកួតបាល់ទាត់ពិភពលោក World Cup នៅក្នុងប្រទេសប្រេស៊ីលមក មានស្រោមចំនួនប៉ុន្មានត្រូវបានលក់?
សារព័ត៌មាន WSJ បានចុះផ្សាយថា ស្រោមដែលលក់ដាច់ជាងគេនៅក្នុងប្រទេសប្រេស៊ីលគឺមកពីក្រុមហ៊ុន Karex Bhd របស់ប្រទេសម៉ាឡេស៊ី ដោយនៅសប្ដាហ៍ដំបូងលក់បាន ៨៦៤.០០០កញ្ចប់ (១កញ្ចប់មាន ៣ស្រោម)។ ទិន្នន័យនេះទទួលបានមកពីអង្គការ DKT International ដែលជាអ្នកចេញគម្រោង និងរចនាស្រោមមានលក្ខណៈជាទង់ជាតិប្រទេសប្រេស៊ីល ដើម្បីការពារកុំឲ្យមានជនរងគ្រោះពីជំងឺអេដស៍ កើនឡើង។
នាយកប្រតិបត្តិក្រុមហ៊ុន Karex លោក Goh Miah Kiat បានថ្លែងឲ្យដឹងថា ការលក់ស្រោមរបស់ក្រុមហ៊ុនលោក នៅក្នុងប្រទេសប្រេស៊ីលបានកើនឡើង ២៥ភាគរយ។
របាយការណ៍ស្រាវជ្រាវរបស់ Global Industry Analysts បានប៉ាន់ប្រមាណថា ការប្រើប្រាស់ស្រោមនៅទូទៅពិភពលោកនឹងកើនឡើងដល់ ៤៤ពាន់លានស្រោម ក្នុងឆ្នាំ ២០២០ ដោយសារតែការបង្កើនការប្រើប្រាស់សម្រាប់ផែនការគ្រួសារ និងសម្រាប់ការ ការពារនៃការឆ្លងមេរោគតាមរយៈការរួមភេទ៕
មតិយោបល់