ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung លោក Lee Sang-hoon បានព្រមានដល់វិនិយោគិនរបស់ក្រុមហ៊ុនកូរ៉េមួយនេះថា ស្ថានភាពហិរញ្ញវត្ថុនៅក្នុងអំឡុងពេលត្រីមាសទី២ នៃឆ្នាំ ២០១៤ នេះមើលទៅមិនមានលទ្ធផលល្អនោះទេ ហើយប្រាក់ចំណេញត្រូវបានរំពឹងថា នឹងធ្លាក់ចុះ។ ចំណែកភាគហ៊ុនរបស់ Samsung ក៏បានធ្លាក់ចុះ ២ភាគរយផងដែរ។
ការធ្លាក់ចុះនេះ ត្រូវបានប្រធានហិរញ្ញវត្ថុ Samsung ថ្លែងថា វាមិនមែនជាបញ្ហាធំនោះទេ គ្រាន់តែថាលទ្ធផលនៃការលក់មិនល្អប៉ុណ្ណោះ។
លោកបានបន្ថែមទៀតថា បើនិយាយពីការលក់ស្មាតហ្វូន Samsung Galaxy S5 វិញ ទាំងទីផ្សារក្រុងស្រុក និងសហរដ្ឋអាមេរិកគឺទទួលបានជោគជ័យ បើធៀបជាមួយនឹង HTC,Sony, LG នោះឈ្នះដាច់តែម្ដង។ តាមការរំពឹងទុក ប្រាក់ចំណេញប្រតិបត្តិរបស់ Samsung អាចនឹងធ្លាក់ចុះ ១៦ភាគរយ នៅពាក់កណ្ដាលឆ្នាំនេះ ហើយការលក់ អាចនឹងថយចុះពី ៨៨លានគ្រឿង មកនៅត្រឹម ៧៧លានគ្រឿង ខណៈដែល Samsung រំពឹងថា នឹងលក់បាន ៩០លានគ្រឿង៕
មតិយោបល់