ព័ត៌មានជាតិ

យុវជន​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្តពេញ​ទំហឹង​របួស​ធ្ងន់​

​ភ្នំពេញ ៖ យុវជន​ម្នាក់​រងរបួស​ធ្ងន់ ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​មក​ដល់​ចំណុច​ផ្លូវបែក​ជា​បួន​ក៏​មាន​រថយន្ត​មួយ​គ្រឿង​បើក​កាត់​ពីមុខ ហើយ​ជនរងគ្រោះ​គេច​មិន​ទាន់​ក៏​ជ្រុល​បុក​ចំ​រថយន្ត​ពេញទំហឹង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​៣​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ផ្លូវ​ព្រះសីហនុ​កែង​ផ្លូវ​លេខ​១០៥ ស្ថិតក្នុង​សង្កាត់ ខណ្ឌចំការមន​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ធូ​ដេ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-3760 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​លិច​ទៅ​កើត ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយ៉ូតា​កាមរី ពណ៌​ស្ករ អត់​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ឆ្លងផ្លូវ​ព្រះសីហនុ ក៏​ត្រូវ​ម៉ូតូ​របស់​យុវជន​រងគ្រោះ​បុក​ចំ​ផ្នែក​ខាងក្រោយ​ជំ​ហៀ​ង​ខាងឆ្វេង​ពេញទំហឹង​ដួល​ទៅ​និង​ថ្នល់​សន្លប់​ស្ដូកស្ដឹង ចំណែក​រថយន្ត​ក្រោយពេល​ឃើញ​ជន​រងគ្រោះ​ដេក​សន្លប់​នៅលើ​ថ្នល់ ក៏​បន្ថែម​ល្បឿន​ទៅ​មុខ​ហើយ​ឈប់​ចត​ក្បែរ​ក្លិប​កម្សាន្ត​C2 ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។ បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕

2014-07-03_132548

មតិយោបល់