ភ្នំពេញ៖ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានសន្យាថា លោកនឹងបង្កើតសារមន្ទីរមួយកត់ត្រាអំពី «ឧក្រិដ្ឋកម្ម» ដែលប្រព្រឹត្តដោយក្រុមមេដឹកនាំគណបក្សកាន់អំណាច។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត ខេមបូឌា ដេលី។
កាលពីថ្ងៃសៅរ៍ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រើពិធីរំឭកខួបលើកទី១៧ នៃការវាយប្រយុទ្ធគ្នាកាលពីខែកក្កដា ឆ្នាំ១៩៩៧ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើការសន្យាថានឹងបង្កើតសារមន្ទីរមួយកត់ត្រាអំពើ ” ឧក្រិដ្ឋ” ដែលប្រព្រឹត្តដោយក្រុមមេដឹកនាំនៃប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៩៣មក។
លោកបាននិយាយនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងក្រុងភ្នំពេញថា ដើម្បីកុំឲ្យភ្លេចអំពើឧក្រិដ្ឋទាំងនោះ ខ្ញុំសូមនិយាយឲ្យច្បាស់ថា យើងនឹងសាងសង់មជ្ឈមណ្ឌលមួយសម្រាប់កត់ត្រាព្រឹត្តិការណ៍ឧក្រិដ្ឋកម្មទាំងឡាយនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣មក”។
លោកបានបន្ថែមថា “យើងនឹងប្រមូលឯកសារទាំងអស់ យើងនឹងមិនរក្សាទុកវានៅប្រទេសកម្ពុជាទេ គឺទុកនៅប្រទេសក្រៅ។ ខ្ញុំបានទាក់ទងបងប្អូនខ្មែរ និងមិត្តភក្ដិបរទេសរបស់យើងរួចហើយ ដើម្បីបង្កើតមជ្ឈមណ្ឌលនេះឡើង”។
ការប្រយុទ្ធគ្នានៅឆ្នាំ១៩៩៧ កាលពីថ្ងៃទី៥និងទី៦ខែកក្កដា បានបណ្ដាលឲ្យមានមនុស្សស្លាប់ ការធ្វើទារុណកម្ម ឬការចាប់ខ្លួនមនុស្សច្រើនជាង២០០នាក់ ដែលស្មោះត្រង់នឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយក្រុមមនុស្សស្មោះត្រង់នឹងលោក ហ៊ុន សែន។ ដំបូង ព្រះអង្គម្ចាស់បានស្វែងរកការជ្រកកោននៅប្រទេសបារាំង មុនពេលយាងត្រឡប់មកវិញ ហើយបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នៅខែវិច្ឆិកា ឆ្នាំ១៩៩៨៕
មតិយោបល់