ព័ត៌មានជាតិ

ភ្ញាក់ផ្អើល​ប្រទះឃើញ​យុវជន​ម្នាក់​ដេក​ក្បែរ​កន្លែង​ចាក់សំរាម​មាន​ស្នាម​ដាច់​បំពង​ក​

​ភ្នំពេញ ៖ បុរស​ជា​អ្នក​រើស​អែ​ត​ចាយ​ម្នាក់​ដេក​ស្ដូកស្ដឹង​ក្បែរ​កន្លែង​ចាក់សំរាម​ដោយមាន​ស្នាម​របួស​ដាច់​បំពង​ក​ចេញឈាម​ដក​ដង្ហើមផ្ទឹកៗ ដោយ​មិន​ដឹង​មូលហេតុ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​បាន​អោយ​ដឹងថា ខណៈ​គាត់​យក​សំរាម​មក​ចោល​ក៏បាន​ប្រទះឃើញ​យុវជន​ម្នាក់​ដេក​ស្ដូកស្ដឹង​ដក​ដង្ហើមផ្ទឹកៗ និង​មាន​ស្នាម​ដាច់​ត្រង់​បំពង់​ក​ហូរឈាម​ក៏​បាន​រាយការណ៍​ប្រាប់​មេភូមិ​និង​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ​និង​រក​រថយន្ត​សាមុយ​មក​ដឹក​ជនរងគ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រោះ​ជនរងគ្រោះ​នៅ​មាន​ដង្ហើម​។ ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អា​ត ជា អាយុ​២០​ឆ្នាំ​ជា​អ្នក​រើស​អែ​ត​ចាយ ស្នាក់នៅ​ម្ដុំ​ភូមិ​ព្រែក​ទល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា ចំពោះ​ករណី​នេះ​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​បាន​ថា ជា​ករណី​អត្តឃាត ឬ​ករណី​ឃាតកម្ម​នោះ​ទេ ព្រោះ​នៅ​មុនពេល​កើតហេតុ​គឺ​ពុំ​មាន​នរណា​ម្នាក់​បាន​ឃើញ​ហេតុការណ៍​ឡើយ ហើយ​សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវរ​ក​មូលហេតុ​ពិតប្រាកដ​ចំពោះ​ករណី​នេះ​ផងដែរ​។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​៕
អ្នករើស​អេតចាយ​

មតិយោបល់