ព័ត៌មានជាតិ

ស្ត្រី​២​នាក់​ជា​ម្ដាយ​និង​កូន​ចេញពី​ផ្សារ​ទំនើប អ៊ី​អន​ម៉ល ត្រូវ​ចោរ​ឆក់​កាបូប​បាន​សម្រេច

​ភ្នំពេញ ៖ ស្ត្រី​២​នាក់​ដែល​ជា​ម្ដាយ​និង​កូន​បាន​រងរបួស​ស្រាល ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅផ្ទះ​ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​បានសម្រេច បណ្ដាលអោយ​ដួល​ម៉ូតូ ហើយ​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ក្បែរ​ផ្ទះ​លក់​ឱសថ វិសិដ្ឋ លេខ 150BEo តាម​បណ្ដោយ​ផ្លូវ​លេខ​២១៥ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​២​នាក់​ដែល​ជា​ម្ដាយ​និង​កូន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1G-2754 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៥ ទិស​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ មិន​ចាំ​ស្លាក​លេខ បានធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​ដៃ​ស្ត្រី​ជា​ម្ដាយ​ដែល​អង្គុយ​ជិះ​ពីក្រោយ​បានសម្រេច បណ្ដាលអោយ​ជនរងគ្រោះ​ទាំង​២​នាក់​ដួល​ម៉ូតូ ហើយ​ស្ត្រី​ជា​កូន​គ្រាន់តែ​រងរបួស​ស្រាល ចំណែក​ស្ត្រី​ជា​ម្ដាយ​រងរបួស​ចំ​ក្បាល​និង​ជើង រួច​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។​

​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋានក៏​បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ផងដែរ​។ បើតាម​សម្ដី​ស្ត្រី​រងគ្រោះ​ជា​កូនសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា មុនពេល​កើតហេតុ​រូប​គាត់​និង​ម្ដាយ​របស់​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​លេង​កម្សាន្ត​នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉ល លុះ​ពេល​ជិះ​ម៉ូតូ​ត្រឡប់មកវិញ​បំណង​ទៅផ្ទះ ស្រាប់តែ​ត្រូវ​ចោរ​ឆក់​យក​កាបូប​បាត់ បណ្ដាលអោយ​ដួល​ម៉ូតូ​តែ​ម្ដង​។ ស្ដ្រី​រងគ្រោះ​បាន​និយាយ​បន្តថា នៅ​ក្នុង​កាបូប​ដែល​បាត់​នោះ​មាន​លុយ​ចំនួន​៣០០​ដុល្លារ​និង​ទូរស័ព្ទ​១​គ្រឿង ហើយ​និង​សៀវភៅ​កត់ត្រា​ចំនួន​១​។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ ដោយ​រូបគាត់​និយាយថា​កាបូប​របស់​គាត់​បាត់​ហើយ​ទោះ​ដាក់​ពាក្យបណ្ដឹង​ក៏​មិន​អាច​បាន​ត្រឡប់​មក​វិញ​ដែរ​។ ចំណែក​ស្ត្រី​ជា​ម្ដាយ​ដែល​រងគ្រោះ​ត្រូវបាន​ដឹក​តាម​ម៉ូតូ​រឺ​ម៉កក​ង់​បី​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយ​មាន​សមត្ថកិច្ច​ទៅ​ជាមួយ​ផង​ដែរ​៕

2014-07-16_133253

មតិយោបល់