ព័ត៌មានជាតិ

ឃាត់​ខ្លួន​មុខ​សញ្ញា​គ្រឿងញៀន​នៅ​មុខ​​ខារ៉ាអូខេ ស៊ីធីឡាយ

​ភ្នំពេញ​៖ កម្លាំងនគរបាលមន្ទីរ​ប្រឆាំងគ្រឿងញៀន​បាន​ចាប់​ជនសង្ស័យ​ម្នាក់ កាលពី​ម៉ោង​៩និង​៣០​នាទី​យប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិត​នៅ​ចំណុច​ខារ៉ាអូខេ ស៊ី​ធីឡាយ ក្នុង​សង្កាត់ វាលវង់ ខណ្ឌ​៧​មករា​។

​យោងតាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​របស់​ខារ៉ាអូខេ ស៊ី​ធីឡាយ បានឲ្យដឹងថា មុនពេល​ធ្វើការឃាត់ខ្លួន​ជនសង្ស័យ​នេះគឺ​ជនសង្ស័យ​ម្នាក់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​ឡង់​គ្រីស័រ​៥៧០ពណ៌​ស ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​០១ ២-០០៧៧ បាន​បើក​ចូល​មក​កម្សាន្ត​ក្នុង​ខារ៉ាអូខេ​ខាងលើ​ជាមួយ មិត្ត​ភ័ក្តិ​ច្រើន​នាក់​ទៀត ស្រាប់តែ​មួយ​សន្ទុះ​ក៏​មាន​រថយន្ត​៣​គ្រឿង​មួយ​គ្រឿង​ម៉ាក​តូយ៉ូតា​កាមរី ពណ៌​ស មួយគ្រឿង​ម៉ាក​រ៉េវ​ហ្វ័​រ ពណ៌​ខ្មៅ និង​មួយ​គ្រឿង​ទៀត​ម៉ាក​តូយ៉ូតា​វី​ហ្គោ ពណ៌​ស្ករ បានមកឈប់ហើយ មនុស្ស​ក្នុង​រថយន្ត​ចុះ​ពី​រថយន្ត​ឈរ​ចាំ​បុរស​ដែល​ជា​ម្ចាស់​រថយន្ត​ឡង់​គ្រីស័រ ចេញ​មក​ក៏​ធ្វើការ​គ្រៀក និង​ចាប់​បុរស​ខាងលើ​នេះ​ញាត់​ចូល​រថយន្ត​ពួកគេ​ហើយ​​បាន​ប្រាប់​ក្រុម​សន្តិសុខ​ថា ពួកគេ​ជាសមត្ថកិច្ច​ព្រហ្មទណ្ឌ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ហើយ​ចំពោះ​បុរស​នេះ​គឺ​ជា​ជនសង្ស័យ​ជំពាក់លុយ​ទើបត្រូវ​គាត់​ឃាត់ខ្លួន​យកទៅ​ធ្វើការ​សាកសួរ​សិន ដោយ​បន្សល់​តែ​រថយន្ត​ម៉ាក ឡង់​គ្រីស័រ​(៥៧០)មួយ​គ្រឿង​នៅ​មុខ ខារ៉ាអូខេ ស៊ី​ធីឡាយ​តែប៉ុណ្ណោះ ។​

​ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​អន្តរាគមន៍​ផងដែរ និង​បាន​ខ្សឹបប្រាប់​អ្នកសារព័ត៌មាន​ថា បុរស​ដែលត្រូវ​គេ​ឃាត់ ខ្លួន​នេះ​គឺជា​មុខសញ្ញា​ដែល​គេ​តាម​យូរហើយ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ព្យាយាម​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿង សួរ​ឲ្យ​ច្បាស់ពី​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ឲ្យបានច្បាស់ផងដែរ​៕​
2

មតិយោបល់