បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៤នេះប្រធានការិយាល័យលិខិតឆ្លងដែនប្រចាំនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានប្រាប់ភ្នាក់ងារសារព័ត៌មានយើងថា៖ការិយាល័យលិខិតឆ្លងដែនប្រភេទថ្មីដែលមានសុពលភាពចំនួន១០ឆ្នាំនោះមិនទាន់ធ្លាក់ដល់ថ្នាក់មូលដ្ឋាននៅឡើយ ។
មន្ត្រីការិយាល័យលិខិតឆ្លងដែនរូបនោះបានបន្តថានៅការិយាល័យលិខិតឆ្លងដែនរបស់លោកឯក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យឯណេះសព្វថ្ងៃធើ្វតែលិខិតឆ្លងដែនគំរូចាស់ដែលមានសុពលភាពត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ។ជាមួយគ្នានេះដែរ មន្ត្រីការិយាល័យខាងលើបានឲ្យដឹងថា៖ការិយាល័យលិខិតឆ្លងដែននៅក្រុងប៉ោយប៉ែតមិនសូវមានប្រជាពលរដ្ឋលោកមកស្នើសុំធើ្វលិខិតឆ្លងដែននោះទេ ហើយអ្នកដែលមកស្នើសុំលិខិតឆ្លងដែនសព្វថ្ងៃនេះភាគច្រើនពួកគាត់ជាកម្មករដែលមានបំណងចេញទៅរកការងារធើ្វនៅប្រទេសថៃ ។
បើទោះជាយ៉ាងនេះក្តី លោកវរសេនីយ៏ទោប៉ោសារៈប្រធានការិយាល័យលិខិតឆ្លងដែនក្រុងប៉ោយប៉ែតបានប្រាប់នៅថ្ងៃទី១៧កក្កដាឆ្នាំ២០១៤នេះថា៖នៅមិនយូទៀតទេ លិខិតឆ្លងដែនប្រភេទថ្មីនឹងធ្លាក់មកដល់ថ្នាក់មូលដ្ឋាននេះហើយ ព្រោះសព្វថ្ងៃនេះយើងនូវខ្វះសម្ភារៈបចេ្ចកទេសផ្នែកម៉ាស៊ីនថតនិងឧបករណ៏ជាច្រើនទៀតផងដែរ ។លោកថា៖បើលិខិតឆ្លងដែនប្រភេទថ្មីមកដល់ដៃយើងនោះយើងត្រូវរៀបចំឧបករណ៏មុនដើម្បីធើ្វការលើវាបាន ព្រោះលិខិតឆ្លងដែននោះត្រូវប្រើម៉ាស៊ីនទំនើបស្កិនក្រយៅដៃទាំងអស់ចូលក្នុងទិន្ន័យ ហើយឧបករណ៏ប្រភេទថ្មីនេះយើងមិនទាន់មាននៅឡើយទេ ។
ពាក់ពន្ធ័លិខិតឆ្លងដែនប្រភេទថ្មីដែលមានសុពលភាពចំនួន១០ឆ្នាំនោះ ប្រជាពលរដ្ឋនៅតំបន់ប៉ោយប៉ែតតែងតែមកសាកសួរ មន្ត្រីជំនាញនៅការិយាល័យលិខិតឆ្លងដែនខាងលើ ជាញឹកញ៉ាប់ផងដែរ ប៉ុន្តែមន្ត្រីទាំងនោះខ្លះឆ្លើយថាមិនដឹងទេ ដោយពួកគេបញ្ជាក់ថាវាជារឿងថ្នាក់លើតែប៉ុណ្ណោះ ចំណែកពួកលោកបើមានគឺធើ្វជូនប្រជាពលរដ្ឋ ។
ចំណែកមន្ត្រីម្នាក់ទៀតដែលទំនងជាបុគ្គលិកបំរើការនៅការិយាល័យលិខិតឆ្លងដែនដែរនោះបានបង្ហើបប្រាប់ថាបញ្ហាលិខិតឆ្លងដែនប្រភេទថ្មីនោះមានតែនៅឯរាជធានីភ្នំពេញទេចំណែកការិយាល័យថ្នាក់ខេត្តដូចនេះ ថ្នាក់លើមិនទាន់បញ្ជូនមកដល់ថ្នាក់ក្រោម ហើយក៏មិនអាចនិយាយបានថាប៉ុន្មានខែទៀតទើបមកដល់កើតដែរ លុះត្រាតែអស់លិខិតឆ្លងដែនប្រភេទចាស់សិនទើបអាថ្មីមកដល់មើលទៅ ចំណែកតម្លៃគឺដូចតែគ្នាទេ ។
មតិយោបល់