ព័ត៌មានជាតិ

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ឆ្នាំ​នេះ​មាន​បេក្ខជន​សរុប​៩៣ ៤៥៦​នាក់​

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ដែល​សម័យ​ប្រឡង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៤ មាន​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ដែល​មាន​បេក្ខជន​សរុប​៩៣ ៤៥៦ នាក់ ព្រមទាំង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៥៤​មណ្ឌល និង​ចែកចេញជា​៣ ៧៧៩ បន្ទប់ នៅ​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃ​ទី​១៨ ខែកក្កដា​ឆ្នាំ​២០១៤ បានឲ្យ​ដឹង​ផងដែរ​ថា ការប្រឡង​នេះ​នឹង​ត្រូវ​ប្រកាស​លទ្ធផល​នៅ​តាម​មណ្ឌល​ប្រឡង​នី​មួយៗ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៤ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៤ សម្រាប់​មណ្ឌល​ប្រឡង​នៅ​ខេត្ត​ផ្សេងៗ​ទៀត​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បានឲ្យ​ដឹង​ទៀ​ថា ដើម្បីឲ្យ​ដំណើរ​ការប្រឡងប្រព្រឹ​ត្ត​ទៅ​តាម គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់ ត្រូវគោរព​បទបញ្ញត្តិ​នៃ​ការប្រឡង​ឲ្យបាន​ល្អ ប្រសើរ ជាពិសេស​មិន​ត្រូវ​លាក់​ទុក​ជាប់​នឹង​ខ្លួន​នូវ​ឧបករណ៍​អេឡិចត្រូនិ​ចគ្រប់​ប្រភេទ​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជាដាច់ខាត​។ ក្នុងករណី​រកឃើញ​ឧករ​ណ៍​ដែល​ហាមឃាត់ ត្រូវ​ចាត់ទុក​ថា បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទបញ្ញត្តិ និង​កម្រិត​វិន័យ​ចំពោះ​បេក្ខជន នឹង​បាន​កំណត់​ឲ្យ​ធ្លាក់ជា​ស្វ័យប្រវត្តិ​។ មាតា បិតា ឬ​អាណាព្យាបាល​បេក្ខជន និង​សាធារណជន​អាច​ទទួលបាន​ព័ត៌មាន​ថ្មីៗ ឬ​សាកសួរ និង​បញ្ចេញ​យោបល់​ពាក់ព័ន្ធ​នឹង​ដំណើរការ​ប្រឡង​នេះ តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏បាន​៕​
Bak-II

មតិយោបល់