ព័ត៌មានជាតិ

យុវជន​២​នាក់​រងរបួស​បាក់ជើង​ខាងស្ដាំ​ទាំង​២ ដោយសារ​រថយន្ត​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​ពេញទំហឹង​

​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​បុក​នៅ​ចំណុច​ផ្លូវ​កែង​បណ្ដាលអោយ​រងរបួស​បាក់ជើង​ខាងស្ដាំ​ទាំង​២​នាក់ ហើយ​រថយន្ត​បើក​រត់​បាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​សាលាបឋមសិក្សា អនុវត្ត​រាជធានី​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​កែង​ផ្លូវ​លេខ​២០០២ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CE-4872 ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ ក៏​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ធ្វើដំណើរ​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០២ ទិសដៅ​ពី​លិច​ទៅ​កើត បំរុង​បត់​ឆ្វេង​ទៅ​ផ្លូវ​លេខ​២៧១ ក៏​បុក​ម៉ូតូ​ចំ​ពេញទំហឹង​ប៉ើង​ខ្ទាត​ជាង​១០​ម៉ែត្រ​បណ្ដាលអោយ​ជនរងគ្រោះ​រងរបួស​បាក់ជើង​ខាងស្ដាំ​ទាំង​២​នាក់ ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាង​មុខ​បន្តិចបន្តួច​បាន​បើក​រត់គេច​បាត់​។​

​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​យក​មក​រក្សាទុក​រង់ចាំ​បងប្អូន​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​ទទួលយក​ម៉ូតូ​ទៅវិញ​៕

2014-07-28_114037

មតិយោបល់