ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកសសរបេតុងដែលគេដាក់កាត់ទទឹងផ្លូវដែលមិនទាន់អោយយានជំនិះគ្រប់ប្រភេទបើកឆ្លងកាត់បណ្ដាលអោយដួលរងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៤ ត្រង់ចំណុចមុខ រោងចក្រខ្មែរផលិតស្រាបៀកម្ពុជា តាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ចាម 1K-5529 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនស្រាប់តែមកដល់ចំណុចកើតហេតុជាការដ្ឋានជួសជុលផ្លូវចាក់បេតុង និងមិនមែនភ្លើងបំភ្លឺ ក៏ជ្រុលទៅបុកនិងសសរបេតុងមួយដើមដែលគេដាក់កាត់ទទឹងផ្លូវបេតុងមិនទាន់អោយយានជំនិះគ្រប់ប្រភេទបើកឆ្លងកាត់និងមិនមានដាក់ស្លាកសញ្ញាសំគាល់ បណ្ដាលអោយដួលអូសជាង១០ម៉ែត្ររងរបួសធ្ងន់ម្នាក់ស្រាលម្នាក់។ បន្ទាប់ពីកើតហេតុរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនបានដឹកបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យភ្លាមៗ ចំណែកម៉ូតូសមត្ថកិច្ចបានយកមករក្សាទុករង់ចាំបងប្អូនជនរងគ្រោះមកទទួលយកទៅវិញ៕
មតិយោបល់