ព័ត៌មានជាតិ

បុរស​ស្លាប់​ម្នាក់​ជុង​និង​បំណែក​រនាំង​ដែក​ចំ​ទ្រូង ខណៈ​រថយន្ត​ទួរីស​ដឹក​ផ្លែ​មង្ឃុត​មួយ​គ្រឿង​បុក​រះ​រនាំងដែក​ពុះ​ចែក​ទ្រូង​

​ភ្នំពេញ ៖ រថយន្ត​ទួរីស​មួយ​គ្រឿង​ដឹក​ផ្លែ​មង្ឃុត​ពី​ខេត្ត​កោះកុង​យក​មក​អោយ​ម៉ូយ​នៅ​ផ្សារ​នាគ​មាស បាន​បុក​រះ​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៨​ផ្ទាំង ហើយ​បំណែក​រនាំង​ដែក​បាន​ចាក់​ទម្លុះ​រថយន្ត​ធ្លាយ​ទៅ​ជុង​អ្នកបើកបរ​ចំ​ទ្រូង​ខាងស្ដាំ​បណ្ដាលអោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ក្រុមហ៊ុន​រថយន្ត ម៉ា​សដា (MAZDA) តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា គេ​បាន​ឃើញ​រថយន្ត​ទួរីស​មួយ​គ្រឿង​ដឹក​ផ្លែឈើ​យ៉ាង​ពេញ​ក្នុង​រថយន្ត​និង​លើ​ដំបូល ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុង​ល្បឿន​យ៉ាង​លឿន ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​បាន​រេ​ចង្កូត​បុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៨​ផ្ទាំង​បណ្ដាលអោយ​បុរស​ជា​អ្នកបើកបរ​ជុង​និង​បំណែក​រនាំង​ដែក​ចំ​ទ្រូង​ខាងស្ដាំ​ស្លាប់​ភ្លាមៗ​តែម្ដង​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ សំ ផាត អាយុ​២២​ឆ្នាំ​ជា​ព្រូ​រថយន្ត (​ជា​អ្នក​កាន់​ចង្កូតរថយន្ត​បង្កអោយមាន​គ្រោះថ្នាក់​) និង​ម្នាក់​ទៀត​រងរបួស​ស្រាល​ឈ្មោះ តឿ អាយុ​២៧​ឆ្នាំ​ជា​តៃកុង (​អង្គុយ​នៅ​ខាងស្ដាំ​ក្បែរ​អ្នក​កាន់ចង្កូត​) អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​បឹង​ព្រាវ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​។​
​បើតាម​សម្ដី​ឈ្មោះ តឿ ដែល​រង​របួសស្រាល​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ រូបគេ​ទាំង​២​នាក់​បាន​រៀបចំ​ផ្លែ​មង្ឃុត​ដាក់​លើ​រថយន្ត​នៅ​ខេត្ត​កោះ​ដើម្បី​ដឹក​យក​មក​អោយ​ម៉ូយ​នៅ​ផ្សារ​នាគ​មាស​រាជធានី​ភ្នំពេញ បាន​ចេញដំណើរ​ពី​ខេត្តកោះកុង​ម៉ោង​៧​យប់​ធ្វើដំណើរ​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​ដោយ​រូបគេ​ជា​អ្នកបើករថយន្ត ខណៈ​ធ្វើដំណើរ​មក​ដល់​បាន​ពាក់កណ្ដាល​ផ្លូវ​រូបគេ​ក៏​បាន​ប្ដូរ​អោយ​ព្រូ​ឈ្មោះ សំ ផាត បើកបរ​ជំនួស​ម្ដង ស្រាប់តែ​ធ្វើដំណើរ​មក​ដល់​ជិត​ចំណុចកើតហេតុ​ក៏​មាន​គេ​ទូរស័ព្ទ​មក​ហើយ​ឈ្មោះ សំ ផាត ជា​អ្នក​កាន់​ចង្កូតរថយន្ត បាន​លូកដៃ​យក​ទូរស័ព្ទ​ក៏​រេ​ចង្កូត​រថយន្ត​ជ្រុល​ទៅ​បុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​តែម្ដងប​ណ្ដា​លអោយ​ឈ្មោះ សំ ផាត ដែលជា​អ្នក​កាន់​ចង្កូតរថយន្ត​ជុង​និង​បំណែក​រនាំង​ដែក​ចំ​ទ្រូង​ខាងស្ដាំ​ស្លាប់​ភ្លាមៗ​តែម្ដង ចំណែក​រូបគេ​មិន​មាន​រង​គ្រោះថ្នាក់​អ្វី​នោះទេ​។​

​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគម​ន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​បាន​ប្រគល់​សព​ជនរងគ្រោះ​អោយ​ទៅ​ក្រុមគ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​វាស់វែង​ស្ទូច​យក​មក​រក្សាទុក​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕
2014-07-29_102847

មតិយោបល់