ខេត្តកំពត ៖ រយះពេលប៉ុន្មានខែនេះគេកត់សម្គាល់ឃើញក្រុមទេសចរណ៍ហាក់ពុំសូវឆ្លងកាត់តាមមាត់ច្រកទ្វារអន្តរជាតិព្រែកចាក កក្តាបែបនេះបានធ្វើឲ្យតំបន់ទល់ដែននេះមានសភាពស្ងប់ស្ងាត់ផងដែរ។ដោយឡែកអ្នករកស៊ីដឹកទំនិញផ្សេងៗតាមច្រកទ្វារនេះក៏កាន់តែថយចុះដោយសារតែស្ថានភាពស្ថិតមុខប៉ុស្តិ៍ពោពេញទៅដោយភក់ជ្រាំសឹងតែឆ្លងកាត់មិនរួច។
គេបានសង្កេតឃើញកាលពីរយៈពេលប៉ុន្មានខែមុននៅតំបន់ច្រកទ្វារមានសភាពអ៊ូរអ ដោយសារមានអ្នកដឹកទំនិញនិងក្រុមអ្នកទេសចរណ៍ក៏ឆ្លងកាត់ទៅមកមិនដាច់ ហើយក៏ធ្វើឲ្យសមត្ថកិច្ចក្នុងច្រកទ្វារទាំងមូលមានការមមាញឹករកពេលទំនេរគ្មាន ប៉ុន្តែឥឡូវនេះអ្នករកសីុក៌ចុះខ្សោយ ឯអ្នកទេសចរណ៍បរទេសក៏មិនសូវឃើញឆ្លងកាត់ មានតែជនជាតិវៀតណាមចរាចរមកកំសាន្តនៅក្នុងកាសីុណូបន្តិចបន្តួចតែប៉ុណ្ណោះ។
នេះព្រោះតែផ្លូវចេញចូលនៅក្នុងច្រកទ្វារអន្តរជាតិព្រែកចាកមានស្ថានភាពយ៉ាប់យឺនខ្លាំងពេក ដោយគេអាចវាយតម្លៃថាដរាបណាពុំមានការស្ថាបនាដងផ្លូវស្ថិតតាមមុខប៉ុស្តិ៍ច្រកទ្វារព្រែកចាកឲ្យបានឆាប់រហ័សនោះទេ ពិតជាធ្វើឲ្យតំបន់ខាងលើកាន់តែស្ងប់ស្ងាត់ហើយសេដ្ឋកិច្ចក្នុងតំបន់នេះក៏កាន់តែធ្លាក់ចុះផងដែរ។ម្យ៉ាងវិញទៀតក្រោយពីដងផ្លូវក្នុងច្រកទ្វារមានភាពយ៉ាប់យឺន អ្នករកសីុដឹកទំនិញក៏មានការលំបាកខ្លាំង ហើយពេលចរាចរឆ្លងកាត់ម្តងៗតែងតែជួបកក្តាគ្រោះថ្នាក់ ដូចជាផុងនឹងជង្ហុកឬរអិលដួលចាក់ឥវ៉ាន់ចោលប្រឡាក់ប្រឡូកដោយដីភក់។
ចំណែករថយន្តក៏ពិបាកធ្វើដំណើរឆ្លងកាត់ ជួនត្រូវជាប់ផុង ទៅមុខមិនរួចទៅក្រោយមិនរួចក៏មានច្រើនអន្លើដែរ ដោយពួកគេជៀសមិនផុតត្រូវជួលអ្នកអូសឬរុញ ដើម្បីឆ្លងកាត់ផ្លូវនៅទីនោះដោយការលំបាក ណាមួយខាតទាំងប្រាក់កាក់និងខាតពេលវេលាទៀតផង។ ទាក់ទងនឹងក្រុមទេសចរណ៍បរទេសមានការថយចុះនេះដែរ លោក ណុប សារឹម ប្រធានប៉ុស្ត៍ប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វេរអន្តរជាតិ នៅព្រឹកថ្ងៃទី២ខែសីហា ឆ្នាំ២០១៤នេះបានឲ្យដឹងថា លោកពិតជាទទួលស្គាល់ថា ក្នុងរយៈកាលកន្លងមកក្រុមអ្នកទេសចរណ៍អន្តរជាតិពិតជាមិនសូវសំបូរ តែ
ក៏មានអ្នកទេសចរណ៍មួយផ្នែកតូចដែលជាប្រទេសទី២ គឺជនជាតិវៀតណាម ដែលគេច្រើនតែនាំក្រុមគ្រួសារមកលេងកំសាន្តតាមរមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជា ដូចជារមណីយដ្ឋានឆ្នេរកែបឬឋានសួគ៌បូកគោ ក្នុងខេត្តកំពត ជាដើម។លោកបានបញ្ជាក់ទៀតថា ចំពោះការបាត់បង់ភ្ញៀវទេសចរណ៍នៅក្នុងតំបន់នេះ ក៏ជាកក្តាមួយទាក់ទិននឹងស្ថានភាពផ្លូវមានការលំបាកខ្លាំង ដែលធ្វើឲ្យក្រុមអ្នកទេសចរណ៍មានភាពធុញទ្រាន់ តែបើការកែទម្រង់អគារនិងដងផ្លូវបានរួចរាល់សង្ឃឹមថា ច្រកទ្វារអន្តរជាតិព្រែកចាកពិតជាមានសភាពអ៊ូរអជាងមុនមិនខានឡើយ៕
មតិយោបល់