ព័ត៌មានជាតិ

ដីព្រៃ​នៅ​លើ​ខ្នងភ្នំ​ដងរែក​ត្រូវបាន​ប៉ូលីស​វរ​ការពារ​ព្រំដែន​៩០៥​រុករាន​ធ្វើ​ជា​កម្ម​សិទ្ធ​​​​

​ឧត្ដរមានជ័យ ៖ ដីព្រៃ​ខ្នងភ្នំ​ដងរែក​ជា​ជំរក​កងទ័ព និង​ដី​ព្រៃ​រក្សាទុក​ជុំវិញ​រមណីយដ្ឋាន​ផ្ទះ​តា​ម៉ុក ត្រូវបាន​ក្រុម​ប៉ូលីស​វរ​ការពារ​ព្រំដែន​លេខ​៩០៥ បាន​ឈូស​ឆាយ​ធ្វើ​ជា​កម្ម​សិទ្ធ​របស់ខ្លួន មាន​មួយ​ចំនួន​បាន​ដាំ​ដើម​កៅស៊ូ និង​តា​ង៉ែ​ន ហើយ​មួយចំនួន​ទៀត ឃើញ​មាន​ដាំ​សណ្តែកសៀង នេះ​ជា​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យដឹង​ពី​អាជ្ញាធរ​ភូមិ​អូរ​គ្រញូង ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ។

​លោក សាស់ សុថន ជា​មេភូមិ​អូរ​គ្រញូង​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៤​នេះ​ថា ដីព្រៃ​នៅ​លើ​ខ្នងភ្នំ​ដងរែក​ដែល​ត្រូវ​ប៉ូលីស​ព្រំដែន​លេខ​៩០៥ យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដែល​មួយចំនួន​តូច គឺ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ តែ​មួយចំនួនធំ​បាន​រុករាន​យក​អណាធិបតេយ្យ ដោយ​ពុំមាន​ច្បាប់​ទំលាប់ និង​គ្មាន​អ្នកទទួលខុសត្រូវ ហើយ​ក្នុងនោះ​រូបលោក ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​គ្រញូង មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ដែល​ព្រៃឈើ​ខ្នងភ្នំ​ដងរែក​ក្លាយ​ទៅ​ទីវាល​ជាច្រើន​រយ​ហិច​តា ព្រោះ​ព្រៃឈើ​ទាំងនោះ ជា​តំបន់​ជំរក​របស់​កងទ័ព និង​ជា​ព្រៃ​រមណីយដ្ឋាន​ផ្ទះ​តា​ម៉ុក ដែល​អាជ្ញាធរ និង​ការិយាល័យ​ទេសចរណ៍​បាន​រក្សាទុក​។​

​ហើយក៏​បាន​បញ្ជាក់ថា មាន​ន្ត្រី​ប៉ូលីស​ព្រំដែន​២​នាក់ បាន​ចេញ​មុខ​យក​គ្រឿងចក្រ​មក​រុករាន​ដីព្រៃ​ខាងលើ ដែល​មានឈ្មោះ សូ វ៉ា និង ឡេង សារ៉ាន់ ជា​ប៉ូលីស​វរ​ការពារ​ព្រំដែន​លេខ​៩០៥​។ លោក ស៊ុំ សារឿ​ន មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩០៤ នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៤​នេះ​ឱ្យដឹងថា លោក​មិន​បាន​ឱ្យ​កាប់​ដីព្រៃ​ទេ ហើយ​ដី​ទាំងនោះ​នៅ​ព្រៃ​នៅឡើយ​ទេ លោក​បញ្ជាក់ថា ឯកឧត្តម នួន នៅ បាន​ប្រគល់​ដី​កងទ័ព​នៅតាម​បណ្តោយ​ជុំវិញ​ប៉ុស្តិ៍​ព្រំដែន​ក្បាល​អ​ន្សោង ប្រហែល​ជាង​១​គីឡូ​ដី​។

​ទោះបីយ៉ាងណា​ក៏ដោយ​ដីព្រៃ​ជំរក​កងទ័ព និង​ដី​ព្រៃ​ជុំវិញ​រមណីយដ្ឋាន​ផ្ទះ​តា​ម៉ុក បាន​ក្លាយទៅជា​ទីវាល​ចំការកៅស៊ូ និង​ចំការ​តា​ង៉ែ​ន អស់​ទៅហើយ ដោយ​បញ្ហា​នេះ​ឯកឧត្តម នួន នៅ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បានឱ្យដឹងថា ឯកឧត្តម​បាន​ប្រគល់​ដី​ចំណុច​ខាងលើ ត្រឹម​តែ​ប៉ុន្មាន​ម៉ែត្រ​៤​ជ្រុង សំរាប់តែ​សាងសង​ប៉ុស្តិ៍​របៀង​ព្រំដែន ហើយ​មិន​បាន​អនុញ្ញាត​ឱ្យទៅ​កាប់បំផ្លាញ​ព្រៃ​ដែល​ប៉ះពាល់​ដល់​ជម្រក​កងទ័ព​នោះទេ ព្រោះ​ដី​ព្រៃ​ទាំងនោះ ជាទី​តាំង​របស់​កម្លាំង​ការពារ​ព្រំដែន ខ្សែរ​ត្រៀម​ជួរមុខ​៕​
dong Rek

មតិយោបល់