ព័ត៌មានជាតិ

រថយន្ត​លុច​ស៊ី​ស​៥៧០​បុក​ម៉ូតូ ឃ្លីក​នៅ​ចំណុច​ផ្លូវបែក​ជា​បួន​បណ្ដាលអោយ​នារី​២​នាក់​រងរបួស​ធ្ងន់​ស្រាល​

​ភ្នំពេញ ៖ នារី​២​នាក់​ជិះ​ម៉ូតូ មួយ​គ្រឿង​កំពុងធ្វើដំណើរ​តាមផ្លូវ​មកដល់​ចំណុច​ផ្លូវបែក​ជា​បួន​ស្រាប់តែ​មាន​រថយន្ត​លុច​ស៊ី​ស​៥៧០​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ក៏​បុក​ចំ​ម៉ូតូ​បណ្ដាល​អោយ​នារី​ទាំង​២​នាក់​ដួល​រងរបួស​ធ្ងន់​ស្រាល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃទី​១២​ខែ​សីហា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ផ្លូវបែក​ជា​បួន តាម​បណ្ដោយ​ផ្លូវ​លេខ​៤៥៤​កែង​ផ្លូវ​លេខ​១២៣ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​។​

​ប្រភព​ព័ត៍មាន​ពី​កន្លែងកើតហេតុ​បាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​នារី​២​នាក់​ជិះ​ម៉ូតូ មួយគ្រឿង​ម៉ាក​ហុងដា​ឃ្លីក ពណ៍​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AF-2117 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៥៤ ទិសដៅ​ពី​លិច​ទៅ​កើត ស្រាប់តែ​មក​ដល់​ចំណុច​ផ្លូវ​បែក​ជា​បួន​កែង​ផ្លូវ​លេខ​១២៣​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​លុច​ស៊ី​ស​LX570 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-4622 បើក​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​នារី​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១២៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក៏​បុក​ប៉ះ​ម៉ូតូ​ដួល​បណ្ដាលអោយ​នារី​ម្នាក់​រង​របួស​ជើង​ខាងស្ដាំ​និង​ម្នាក់​ទៀត​រងរបួស​ស្រាល​។
​បន្ទាប់ពី​កើតហេតុ​ភាគី​ខាង​រថយន្ត​មិន​ចុះ​មក​មើល​ជនរងគ្រោះ​ទេ​គឺ​អង្គុយ​ក្នុង​រថយន្ត​ហើយ​ចុច​ទូរស័ព្ទ​ធ្វើ​មិនដឹង ភ្លាមៗ​ប្រជាពលរដ្ឋ​ជាច្រើន​ក៏​បាន​មក​ចោមរោម​មើល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​ផងដែរ​។​
​មួយសន្ទុះ​ក្រោម​មក​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​អន្តរាគមន៍​និង​បាន​អោយ​ភាគី​ទាំង​២​ធ្វើ​ការសម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​ម៉ូតូ សុំ​សំណង​ពី​ខាង​រថយន្ត​ចំនួន​៥០០​ដុល្លារ​ដើម្បី​ព្យាបាល​របួស​និង​ជួសជុល​ម៉ូតូ ប៉ុន្តែ​ភាគី​ខាង​រថយន្ត​មិន​ព្រម​ដោយ​ព្រម​សង​តែ​១០០​ដុល្លារ ហើយ​ភាគី​ទាំង​២​បាន​ធ្វើ​ការដោះស្រាយ​គ្នា​ជាង​១​ម៉ោង​ក៏​សម្រេច​ដោយ​ភាគី​ខាង​រថយន្ត​ព្រម​សង​សំណង​ចំនួន​២០០​ដល់​ភាគី​ខាង​ម៉ូតូ ហើយ​ភាគី​ម៉ូតូ ក៏​ព្រម​ទទួល​សំណង​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕

2014-08-13_104836

មតិយោបល់