សៀមរាប៖ សមត្ថកិច្ចចំរុះ រួមមានតំណាងអយ្យការ និង រដ្ឋបាលព្រៃឈើ ព្រមទាំងនគរបាលប៉ុស្តិបានធ្វើការឆែកឆេរអ្នកជួលផ្ទះល្វែងក្នុងបូរីសៀងណាំ រកឃើញឈើប្រណិតជាច្រើនដុំ និង គ្រឿងសង្ហារឹមមួយចំនួន ព្រមទាំងឈានទៅឃាត់ខ្លួនអ្នកស្តុបឈើខុសច្បាប់ជាជនជាតិវៀតណាមស្រី ប្រុស២នាក់ផងដែរ។ ហេតុការបង្ក្រាបឈើខុសច្បាប់នេះធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ខែសីហានៅចំនុចផ្ទះល្វែងក្នុងបុរីសៀងណាំ ស្ថិតក្នុងភូមិខា្នរ សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោក ម៉ែន វុទ្ធី មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានមានប្រាប់ថា ដោយមានបណ្តាញរាយការណ៍មកថា ផ្ទះល្វែងនេះមានការប្រមូលទិញឈើខុសច្បាប់គ្រប់ប្រភេទ រួចហើយពួកគេធ្វើការដុសខាត់ដើម្បីដាក់កេះយកទៅលក់នៅក្រៅប្រទេសក្នុងតម្លៃខ្ពស់បំផុត។ លោកបន្តថា ដោយឃើញភាពជាក់ស្តែងយ៉ាងដូច្នេះ កម្លាំងរដ្ឋបាលព្រៃឈើនៃខេត្តសៀមរាប បានរាយការណ៍ទៅតំណាងអយ្យការនៃសាលាដំបូងខេត្ត ដើម្បីធ្វើការឆែកឆេរ ហើយក៏រកឃើញឈើជាច្រើនដុំដូចជាៈឈើគ្រញូងចំនួន២៣០គីឡូក្រាម ស្មើនឹង ០,១៩១ម៉ែត្រគូប , ឈើពកម្រះព្រៅចំនួន៥ដុំ ស្មើនឹង ៧០០គីឡូក្រាម ,ឈើធ្នង់៣សន្លឹក ស្មើនឹង ០,៣០០ម៉ែត្រគូប, ឈើកកោះ២២ដុំ ស្មើនឹង ០,៩០០គីឡូក្រាម និង គ្រឿងសង្ហារឹមជាច្រើនទៀត ព្រមទាំងធ្វើការឃាត់ខ្លួនម្ចាស់ឈើជាជនជាតិវៀតណាមចំនួន២នាក់ ទី១ .ឈ្មោះ ជិញ ចន្ថា ភេទស្រីអាយុ៣៦ឆ្នាំ និង ទី២ឈ្មោះ ចាង វ៉ាងតាយ ភេទប្រុសអាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះល្វែងជួលក្នុងបុរីសៀងណាំ ។
លោកបន្តទៀតថា ការចុះឆែកឆេរនេះ ដឹកនាំផ្ទាល់ដោយលោក សុក កែវបណ្ឌិត ព្រះ រាជអជ្ញារងអមសាលាដំបូងខេត្ត និង សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្ត ព្រមទាំង នគរបាលប៉ុស្តិសង្កាត់ជ្រាវ ។ បច្ចប្បន្ននេះ ម្ចាស់ឈើទាំងពីរនាក់កំពុងត្រូវបាននាំខ្លួនមកសួរនាំនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់រីឯឈើទាំងនោះត្រូវកម្លាំងជំនាញធ្វើការរឹបអូសបានចំនួន២ឡាន យកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើកំព្រុំក្នុងស្រុកបន្ទាយស្រី ដើម្បីរងចាំម្ចាស់ឈើបង់ផាកពិន័យ៕
មតិយោបល់