ភ្នំពេញៈ រថយន្តដឹកដែកមួយគ្រឿងដឹកខ្ពស់ពេក បើកទៅទាក់ខ្សែភ្លើងបណ្តាលឲ្យបាក់បង្គោលភ្លើងថ្ម២ដើម និងទ្រេតបង្គោលដែកមួយដើមទៀត បណ្តាលឲ្យដាច់ខ្សែភ្លើងទទឹងផ្លូវរងការខូចខាតតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទីឈានចូលថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៦ ស្ថិតតាមបណ្តោយផ្លូវលេខ ៣១៥ ក្នុងសង្កាត់បឹកកក់២ ខណ្ឌទួលគោក ។
អ្នកឃើញហេតុការណ៍និយាយថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក យ៉ានដាយ ពណ៌ស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 3C-3588 បើកបរដោយបុរសម្នាក់ ដោយបានដឹកដែកពេញរថយន្ត មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងខ្ពស់ទៀតផង បានបើកតាមបណ្តោយផ្លូវលេខ ៣១៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុរថយន្តនេះបានបើកទៅទាក់និងខ្សែភ្លើងកាត់ទទឹងផ្លូវ បណ្តាលឲ្យដាច់រប៉ាប់រប៉ាយពេញផ្លូវនិងធ្វើឲ្យបង្គោលភ្លើងថ្មបាក់២ដើម និងបង្គោលភ្លើងដែកទ្រេតមួយដើមខូចខាត ។ សំណាងល្អមិនបណ្តាលឲ្យនណារម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើកគេច បានប្រហែលជា១០០ម៉ែត្រ ទើបអ្នកបើកបររថយន្តនោះសម្រេចចិត្ត ទុករថយន្តចោល ចុះរត់គេចខ្លួនទៅបាត់ស្រមោល ។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌទួលគោក បានចុះមកដល់ចំណុចកើតហេតុភ្លាម ៗ ដោយសហការជាមួយសមត្ថកិច្ចចរាចរណ៍នៃការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅរក្សាទុក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាស់ ៕
មតិយោបល់