ភ្នំពេញ ៖ក្នុងទិវាជាតិវេជ្ជសាស្ត្រ-ឱសថសាស្ត្រលើកទី១១ស្តីពីសុខភាព ដើម្បីទាំងអស់គ្នា ឆ្នាំ២០១៤កាលពីថ្ងៃទី១៤ ខែសីហាឯក ឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអះអាងថា កម្ពុជាមានវិធាន ការគ្រប់គ្រាន់ក្នុងការទប់ស្កាត់ជំងឺអ៊ីបូឡា ដែលពិភពលោកកំពុងមានការព្រួយ បារម្ភនោះ។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសានស៍ថា វិធានការគ្រាប់គ្រាន់ឆ្លើយតបនឹងជំងឺឆ្លងនេះ ក្រសួងសុខាភិបាលបានរៀបចំតាំងពីថ្ងៃទី០៨ខែសីហាមកម្លេះ ដោយដាក់ក្រុមពេទ្យជំនាញនៅតាមច្រកទ្វារចេញចូលអន្តរជាតិ ដើម្បីឆែកពិនិត្យរករោគសញ្ញានៃជំងឺ Ebola នេះ ។ បន្ទាប់មក បើសិនជាមានរោគសញ្ញានេះ យើងនឹងបញ្ជូនអ្នកជំងឺទៅព្យាបាលក្នុងមន្ទីរពេទ្យ ដែលបានរៀបចំជាស្រេច ។ បន្ទាប់ មកទៀត បញ្ជូនអ្នកមានរោគសញ្ញានេះទៅធ្វើរោគវិនិច្ឆ័យនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយមានអ្នកគ្រប់គ្រងពីមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លងនៅវិទ្យាស្ថានប៉ាស្ទ័រ ជា អ្នកគ្រប់គ្រងបច្ចេកទេសមកពីអង្គការសុខភាពពិភពលោក ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការចាត់វិធានការជាមុននេះ ព្រោះយើងមិនចង់ឲ្យមានការចម្លងរីករាលដាលជាសកលនៃមេរោគនោះទេ ។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា យើងក៏មានបណ្តាញទំនាក់ទំនងអន្តរ ជាតិគ្រប់ប្រទេសទាំងអស់ ដើម្បីជូនព័ត៌មានជួយគ្នា ព្រោះថា ជំងឺ Ebola នេះចាប់ ពី២ទៅ៣សប្តាហ៍ទើបមានរោគសញ្ញា ដូច្នេះពេលមកដល់អាកាសយានដ្ឋានយើងឆែកមើលអ្នកដំណើរភ្លាមៗ ពេលឆែករួចហើយត្រូវឲ្យគាត់បំពេញថា មកពីទីកន្លែងណា ហើយធ្លាប់មកពីប្រទេសដែលឆ្លងជំងឺ Ebola នេះឬអត់ បន្ទាប់មកយើងប្រាប់គាត់ថា បើសិនជាមានរោគសញ្ញាមេរោគនេះ ត្រូវឲ្យគាត់ជូនព័ត៌មានមកក្រុមការងារយើងតាមលេខទូរស័ព្ទដែលយើងផ្តល់ឲ្យគាត់ ដើម្បីយើងទៅ ដល់ទីកន្លែងដែលគាត់ស្នាក់នៅ យកគាត់មកពិនិត្យឲ្យបានត្រឹមត្រូវនៅក្នុងមន្ទីរ ពេទ្យ ដែលក្រសួងបានរៀបចំ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ អង្គការសុខភាពពិភពលោកបានអនុញ្ញាតឲ្យប្រើថ្នាំដែលកំពុងពិសោធន៍ ដើម្បីប្រយុទ្ធប្រឆាំងជំងឺ Ebola ខណៈពេលដែលការស្លាប់បានកើនឡើងដល់ទៅប្រមាណ១ ០០០នាក់ហើយ ព្រមទាំងបព្វជិតជនជាតិអេស្ប៉ាញមួយអង្គបាន ក្លាយទៅជាជនជាតិអឺរ៉ុបទីមួយ ដែលបានបាត់បង់ជីវិតដោយសារការរាលដាលនៃជំងឺនេះ៕
មតិយោបល់