ខេត្តកំពង់ធំ៖ បទល្មើសព្រៃឈើបានធ្វើសកម្មភាព សារជាថ្មី បន្ទាប់ពីទីផ្សានៅប្រទេសវៀតណា បើកចំហរ ទទួលការទិញឈើម្តងទៀត បន្ទាប់ពីបានផ្អាកមួយរយះ ទទឹមគ្នានោះដែរក៏គេសង្កេតឃើញថា សមត្ថកិច្ច មេព្រៃនៅក្នុងខេត្តកំពង់ធំ រួមទាំងសមត្ថកិច្ចពាក់ព័ន្ឋ ហាក់ដូចគ្នាជិះទូកជាមួយគ្នា ដោយពុំមានការបញ្ជេញស្នាដៃបង្ក្រាបបទល្មើសដែលធ្វើសកម្មភាព ដឹកជញ្ជូនឆ្លងកាត់ខេត្តកំពង់ធំនោះទេ។
ជាក់ស្តែងបទល្មើសដឹកជញ្ជូនឈើប្រណិត បានដឹកបន្តកន្ទុយគ្នាដូចគោហ្វូង ទាំងយប់ទាំងថ្ងៃដោយមិនមាន ការខ្លាចញញើតពីច្បាប់នោះទេ តែផ្ទុយទៅវិញក្រុមឈ្មួញបានដឹកដោយរំភើយ ទោះជាមានការទូរស័ព្ទប្រាប់ ដល់អស់លោក សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ដែលមានតួនាទីបង្ក្រាបនៅតាមដងផ្លូវ ក៏ជាការឥតប្រយោជន៍ ដោយសារតែមាននាយផ្នែក នាយសង្កាត់ខ្លះ ឃើញរថយន្តដឹកបទល្មើស ហើយបែរជាមិនព្រម បង្ក្រាប ហើយឆ្លើយថាអត់ឃើញ ពេលខ្លះរថយន្តដឹកបទល្មើសឆ្លងកាត់នៅនឹងមុខ លោកមេព្រៃឆ្លើយថា អត់មានកំលាំង និងស្ទាក់ចាប់ដែរតែចាប់ពុំបាន ទោះជាមានការទូរស័ព្ទបញ្ជាពីលោក ព្រះរាជអាជ្ញាខេត្តកំពង់ធំ ក៏ដោយ លោកមេព្រៃកំពង់ថ្ម ឆ្លើយថាដេញចាប់ដែរតែពុំអាចចាប់បាន។
ករណីនិងទង្វើរបស់មេព្រៃ និងសមត្ថកិច្ចមួយចំនួន ដែលមានតួនាទីចូលរួមសហការបង្ក្រាបបទល្មើស បាន អសមត្ថភាព ព្រោះជាប់ត្រគៀគងើបមិនរួចនោះទេ ដោយសារតែឥទ្ធិពលរបស់ឈ្មួញ បានក្រសោមទិញទឹក ចិត្តរបស់អស់លោកទាំងនេះទៅហើយនោះ ទើបបានជារថយន្តដឹកបទល្មើសដឹកជញ្ជូនយ៉ាងរំភើយ តែគ្មាន ឃើញមានការបង្ក្រាបនោះទេ ។ តាមប្រភពពត៌មាន បានឲ្យដឹងថា ក្បួនការដឹកជញ្ជូបទល្មើសព្រៃឈើ ឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានប្រភព បញ្ជាក់ថា ក្នុងនោះមានសមត្ថកិច្ចប៉ូលិសសេដ្ឋកិច្ចខេត្ត សេដ្ឋកិច្ចក្រសួង ជាច្រើននាក់ និងមន្ត្រីនៃស្នងការ ខេត្តកំពង់ធំ និងកងរាជអាវុធហត្ថស្រុក មួយចំនួនមានជាប់រឿងពាក់ព័ន្ឋ រកស៊ីធំនៅក្នុងខេត្តកំពង់ធំ និងបានបញ្ជាឲ្យរថយន្តដឹកបទល្មើសចេញ នៅពេលថ្ងៃ និងពេលយប់ ។
ក្នុងនោះដែរប្រជាពលរដ្ឋ ដែលបានដឹងពីស្ថានភាព នៃអំពើពុករលួយដែល ត្រូវបានចងក្រងជាប្រព័ន្ឋបង្ហាញ ឲ្យឃើញថា ទោះជាមានការបង្ក្រាបពីស្ថាប័នខាងណានោះ ក៏មិនអាចធ្វើទៅរួច ដោយសារតែ ទាំងស្គរ ទាំង ចាប៉ី ទាំងមន្ត្រីតូច ធំ បានឈ្លក់វង្វេងសំណល់ដុល្លាពីឈ្មួញទុកជូនសម្រាប់ហូបបបរសរ បានធ្វើឲ្យមន្ត្រីនៃ ស្នងការខេត្តកំពង់ធំ និងលោក សមត្ថកិច្ចជំនាញមេព្រៃភ្លេចអស់តួនាទី ប្រជាពលរដ្ឋបានសំណូមពរឲ្យលោក ឳម យិនទៀង បើកករណីជាបន្ទាន់ដើម្បីកំចាត់អំពើពុករលួយ ដែលកើតចេញពីមន្ត្រីនៃស្នងការ នគបាលខេត្តកំពង់ធំ កំពុងតែធ្វើសកម្មភាព។
មតិយោបល់