ព័ត៌មានជាតិ

ចាប់​រថយន្ត​លុច​ស៊ី​ស​ដឹក​ឈើ​គ្រញូង​មួយគ្រឿង រី​ឯ​ម្ចាស់​គេចខ្លួនបាត់​

​ខេត្តសៀមរាប​៖ កម្លាំង​សមត្ថកិច្ច​ចំរុះ​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក សំរិទ្ធ សុខុន ព្រះរាជ​អា​ជ្ញរង អម​សាលាដំបូង​ខេត្ត​បាន​ធ្វើការ​ប្រដេញ​ចាប់​រថយន្ត​លុច​ស៊ី​ស​៣០០​ផ្ទុក​ឈើ​គ្រញូង​ល្មើសច្បាប់​មួយគ្រឿង ខណៈពេល​ដែល​រថយន្ត​នោះ​បើក​រត់​ត្រឡប់​ពី​ខេត្ត​កំពង់ធំ ចូល​សម្ងំ​ក្នុង​ខេត្តសៀមរាប ប៉ុន្តែ​រត់​លែងរួច​ក៏​បាន​ទុក​រថយន្ត​ចោល​គេចខ្លួន​ចូល​ក្នុង​បន្ទាយ​ភូមិភាគ​ទី​៤​បាត់ស្រមោល​សូន្យឈឹង​។ ហេតុ​ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​១៩​ខែសីហា​នៅ​ចំនុច​មុខ​ភូមិភាគ​ទី​៤ ក្នុង​ភូមិ​ស្ពាន​ក្អែក ឃុំ​កណ្តែង ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​។

​លោក ស្រី យូ​រ៉ា មេបញ្ជាការរង​អាវុធហត្ថ​ខេត្តសៀមរាប​បានឲ្យដឹងថា ដោយមាន​សេចក្តីរាយការណ៍​មក​ថា មាន​រថយន្ត​លុច​ស៊ី​ស​ដឹក​ឈើ​គ្រញូង​មួយគ្រឿង ត្រូវបាន​សមត្ថកិច្ច​ខេត្តកំពង់ធំ​ដាក់​បា​រ៉ាស់​ចាំ​ស្ទាក់​ទើប​រថយន្ត​នោះ​ត្រឡប់​ក្រោយ​មក​វិញ​តាម​ផ្លូវជាតិ​លេខ​៦​រត់​សំដៅ​មក​ខេត្ត​សៀមរាប​ដើម្បី​ចូល​ជ្រក ប៉ុន្តែ​ត្រូវបាន​ក្រុម​សមត្ថកិច្ច​ចំរុះ​នៃ​ខេត្ត​សៀមរាប​ធ្វើការ​ប្រដេញ​ស្ទាក់​ចាប់បាន រី​ឯ​ម្ចាស់​រថយន្ត​បាន​ទុក​រថយន្ត​ចោល ហើយ​បោល​ចូល​ក្នុង​បន្ទាយ​ភូមិភាគ​ទី​៤​បាត់ស្រមោល​។​

លោក​បន្តថា បច្ចុប្បន្ន​វត្ថុតាង​ទាំងអស់​រួមមាន រថយន្ត​លុច​ស៊ី​ស​មួយគ្រឿង នឹង ឈើ គ្រញូង​មួយចំនួន​ត្រូវបាន​អាវុធហត្ថ​ខេត្ត​ប្រគល់ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ចាត់ការ​បន្ត​។ លោក ឡឹង សុខា មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បានឲ្យដឹងថា រថយន្ត​ល្មើស ច្បាប់​នោះ​ម៉ាក​លុច​ស៊ី​ស​៣០០​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2J 6819 ដែល​ផ្ទុក​ឈើ​គ្រញូង​ចំនួន​១១៤៩​គីឡូក្រាម ស្មើនឹង​១៥៦​ដុំ​។​លោក​បន្តថា វត្ថុតាង​ទាំងអស់​ត្រូវបាន​កម្លាំង ជំនាញ​រដ្ឋបាល​ព្រៃឈើ​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​នៅ​ឃុំ ព្រះ​ដាក់ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕​
Lexus

មតិយោបល់