ព័ត៌មានជាតិ

ក្រសួងទេសចរណ៍សម្រេចការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្ម​សម្រាប់ទីផ្សារទេសចរចិន

ភ្នំពេញ: ដើម្បីធានាឱ្យបានប្រសិទ្ធភាពនៃគុណភាពសេវាកម្មទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែប្រសើរសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរចិន ដែលមានការកើនឡើងជាលំដាប់នោះ ក្រសួងទេសចរណ៍បានពិនិត្យនិងសម្រេចរៀបចម្ការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន (Cambodia China Ready Accreditation) ។

យោងតាមគេហទំព័រក្រសួងទេសចរណ៍បានបង្ហាញនៅថ្ងៃនេះថា “ក្រសួងបានស្នើឱ្យប្រតិបត្តិករទេសចរណ៍ ឬម្ចាស់សេវាកម្មទេសចរណ៍ ស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្ម សម្រាប់ទីផ្សារទេសចរចិនចំនួន០៧ដែលមានដូចជា ៖ សេវាកម្មម្ហូបអាហារ និងភេសជ្ជ: សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរ (ផ្លូវទឹក និងផ្លូវគោក) រមណីយដ្ឋានទេសចរណ៍ ហាងលក់ទំនិញ អាជីវកម្មសេវាកម្សាន្តទេសចរណ៍ អាជីវកម្មការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍”។

សម្រាប់ដំណាក់កាលនៃការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន មាន៣ដំណាក់កាលគឺ ការដាក់ពាក្យស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិនដោយផ្ទាល់នៅក្រសួងទេសចរណ៍ឬតាមរយ:គេហទំព័រ cambodia-chinaready.com ដោយភ្ជាប់នូវឯកសារតម្រូវពាក់ព័ន្ធ។ ការពិនិត្យលើពាក្យស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន និងឯកសារតម្រូវពាក់ព័ន្ធ និងប្រកាសលទ្ធផលនៃការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន និងប្រគល់ស្លាកសញ្ញា វិញ្ញាបនបត្រ ដល់សេវាកម្មទេសចរណ៍ ដែលទទួលបានជ័យលាភី។

ចំពោះប្រតិបត្តិករទេសចរណ៍ ដែលអាចដាក់ពាក្យស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិនចាំបាច់ត្រូវមាន៖ ពាក្យស្នើសុំវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន,កិច្ចសន្យាគោរពលក្ខខណ្ឌវាយតម្លៃ,អាជ្ញាបណ្ណទេសចរណ៍ ដែលមានសុពលភាព (សម្រាប់អាជីវកម្មផ្សារទំនើប និងហាងលក់វត្ថុអនុស្សាវរីយ៍ ត្រូវមានលិខិតអនុញ្ញាតទីតាំង ឬលិខិតបញ្ជាក់ ផ្សេងៗ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ)និងបង្កាន់ដៃបង់ប្រាក់ពាក្យស្នើសុំ។

ក្រសួងទេសចរណ៍បញ្ជាក់ថា វិញ្ញាបនបត្រ និងស្លាកសញ្ញាបញ្ជាក់កម្រិតសេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន មានសុពលភាព០១ឆ្នាំ ហើយប្រតិបត្តិករទេសចរណ៍ ដែលបានចូលរួមអនុវត្តស្តង់ដា“កម្ពុជា-ត្រៀមទទួលទេសចរចិន”នឹងទទួលបានអត្ថប្រយោជន៍គឺ ត្រូវចុះឈ្មោះក្នុងវែបសាយដែលទទួលសិទ្ធរៀបចំកម្មវិធី ស្តង់ដា កម្ពុជាត្រៀមទទួលទេសចរចិន ,ចុះឈ្មោះក្នុងវែបសាយ China Union Pay ,ចុះឈ្មោះក្នុងគេហទំព័រក្រសួងទេសចរណ៍ ផ្នែកទីផ្សារចិន,ប្រើប្រាស់ស្លាកសញ្ញា CHINA READY កម្ពុជា-ត្រៀមទទួលទេសចរចិននិងមានលទ្ធភាពចូលក្នុងចលនាប្រឡងប្រណាំងរង្វាន់ទេសចរណ៍ CHINA READY កម្ពុជា-ត្រៀមទទួលទេសចរចិនទៀតផង៕

photo_2016-10-14_14-21-55

photo_2016-10-14_14-22-03

មតិយោបល់