ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ព្រោះតែជីវភាពដើរជីកទំពាំងតាមបន្ទាត់ព្រំដែនកម្ពុជា – ថៃ ជាអកុសលជាន់មីនផ្ទុះសា្លប់នឹងកន្លែង។ ហេតុការណ៍ដ៏អាណោចអាធម៌នេះកើតឡើងកាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ នៅចំណុចចន្លោះបង្គោលសីមា២៨-២៧ក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះក្នុងហេតុការនេះមានឈ្មោះ ឡូយ កើយ អាយុ៦៧ឆ្នាំ មានប្រពន្ធពិកាស្វិតដៃ-ជើង និងមានកូនប្រុសស្រី៥នាក់ ក្នុងបន្ទុករស់នៅភូមិតាឡី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ បើតាមប្រភព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយឆ្មារ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងកូនស្រី បានដើរទៅរកជីកទំពាំងយកទៅលក់ ដោយកូនស្រី និងជនរងគ្រោះនៅចម្ងាយពីគ្នាប្រហែល១០ទៅ២០ម៉ែត្រលុះ ជីកទំពាំង បានមួយសន្ទុះក្រោយមក ស្រាប់តែបុរសរងគ្រោះដើរទៅជាន់មីនកប់ក្នុងដីនៅ ចំណុចខាង លើបណ្តាលឲ្យផ្ទុះឡើងត្រូវដាច់ជើងខាងស្តាំ និងអំបែងជះត្រូវពេញដងខ្លួនធ្វើឲ្យស្លាប់មួយរំពេចនៅកន្លែងកើតភ្លាមៗនោះសមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុ។
មីនដែលផ្ទុះបណ្តាលឲ្យជនរងគ្រោះស្លាប់ជាប្រភេទមីន K58 ផលិតនៅ អតីតសហភាពសូវៀត កប់បន្សល់ទុកពីសម័យសង្គ្រាម ហើយចំនុចផ្ទុះ នៅតំបន់ដែលជនរងគ្រោះជាន់មីនផ្ទុះស្លាប់នោះ ក៏មានដាក់ស្លាកសញ្ញាហាមឃាត់ជាតំបន់គ្រោះថ្នាក់ដោយគ្រាប់មីនផងដែរ ។
សពជនរងគ្រោះបន្ទាប់មកត្រូវបានសមត្ថកិច្ចទំនាក់ទំនងសាច់ញាតិមកទទួលដឹកយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដើម្បីចូលរួមជាមួយគ្រួសារសពនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ លោក អាត់ ខែម ស្នងការនគរបាលខេត្ត ចាត់តំណាងឲ្យយកថវិកា និងអំណោយមួយចំនួន ប្រគល់ជូនក្រុមគ្រួសារសព៕
មតិយោបល់