ខេត្តស្ទឹងត្រែង៖កម្លាំងអាវុធហត្ថខេត្តបានចុះឡោមព័ទ្ធឆែកឆេរហាងខារ៉ាអូខេមួយកន្លែងនិងផ្ទះចំនួន៣កន្លែង តាំងពីយប់រហូតដល់ព្រឹក ឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ថ្នាំញៀនប្រភេទមេតំហ្វេតាមី( WY )ចំនួន៣៤៥១គ្រាប់ ម៉ូតូ៦គ្រឿង ប្រាក់រៀល ប្រាក់ដុល្លា ទូរស័ព្ទ សម្ភារៈប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជាច្រើនទៀត។
ប្រត្តបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រីអៀង វ៉ានឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីលោកព្រះរាជអាជ្ញាប៉ែន សារ៉ាត់ លោកស្រីព្រះរាជអាជ្ញារងស៊ុន យ៉ឺន សាលាដំបូងខេត្ត និងកម្លាំងសម្ងាត់ ធ្វើការឡោមព័ទ្ធចាប់តាំងពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី២៤ រហូតដល់ព្រឹកថ្ងៃ២៥ខែសីហាឆ្នាំ២០១៤ ចំនួនបួនចំណុចផ្សេងៗគ្នា។
លោកអៀង វ៉ាន់ឌី ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថាករណីបង្ក្រាបគ្រឿងញៀនចំនួន៤កន្លែងខាងលើនេះ មានមួយកន្លែងបានឆែកឆេរ នៅវេលាម៉ោង២២និង៣០នាទីយប់នៅហាងខារ៉ាអូខេស្រីម៉ៅ ដែលមានទីតាំងស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ ក្រុងស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ម៉ូតូ៦គ្រឿង គ្រឿងញៀនប្រភេទគ្រាប់ ៤៧គ្រាប់ កាំបិទជុំពុះទុង១ ទូរស័ព្ទ១០គ្រឿង និងមាន៤នាក់ មកពីស្រុកសៀមប៉ាង នឹង៣នាក់រស់នៅក្នុងក្រុងស្ទឹងត្រែ។
លោកឧត្តមសេនីយ៍មេបញ្ចាការបានបន្តថាផ្អែកតាមចម្លើយជនសង្ស័យ៧នាក់ខាងលើ កម្លាំងអាវុធហត្ថ បានបើកប្រត្តបត្តិការទាំងយប់ ចុះឡោមព័ទ្ធផ្ទះចំនួនបីកន្លែងផ្សេងទៀត។នៅព្រឹកឡើងថ្ងៃ២៥បានបន្តឆែកឆេរ ១ផ្ទះឈ្មោះម៉ុំ សារិទ្ធ ២ផ្ទះឈ្មោះឈឹម សាវ៉េត និង៣ផ្ទះឈ្មោះរ័ត្ន ពៅ។ក្នុងការឆែកឆេរផ្ទះទាំង៣កន្លែងនេះ ឃាត់ខ្លួនបានជនសង្ស័យចំនួន៩នាក់ ស្រី៣នាក់ គ្រឿងញៀន៣៤០៤គ្រាប់ដែលមានទីតាំង ស្តិតក្នុងភូមិព្រែក សង្កាត់ក្រុងស្ទឹងត្រែង សរ៉ុបទាំងបួនកន្លែងមានចំនួន៣៤៥០គ្រាប់។
លោកមេបញ្ជាការបន្តថាមុននិងឈានទៅធ្វើការបង្ក្រាបករណីនេះបាន កម្លាំងជំនាញបានសិក្សាស្រាវជ្រាវស្វែងយល់លើបញ្ហានេះ អស់ជាច្រើនថ្ងៃមកហើយ ទើបរៀបចំបច្ចេកទេសជំនាញ នៅតាមគោលដៅសំខាន់ៗជាមុខសញ្ញា ដែលតែងតែលបលួចធ្វើសកម្មភាព នៅពេលយប់ដើម្បីលាក់បាំងពីសមត្ថកិច្ច តែទោះជាយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចជំនាញ បានរៀបចំមួយជំហ៊ានមុនរួចហើយ គ្រាន់តែជនសង្ស័យ ធ្វើសកម្មភាព កម្លាំងគោលដៅ ដែលបានបង្កប់ជាស្រេច បានធ្វើការឡោមព័ទ្ធគ្រប់គោលដៅ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង១៦នាក់ រួមនិវត្ថុតាំងបម្រើឱ្យបទល្មើសផ្សេងៗទៀតជាច្រើន។
ចុងក្រោយលោកថានិងបន្តបោសសំអាតក្រុមដែលមានការពាក់ព័ន្ធ និងករណីគ្រឿងញៀន ដែលនៅពីក្រោយខ្នង ជនសង្ស័យខាងលើ ធ្វើការចែកចាយ និងជួញដូរ បង្កភាពអសន្តិសុខដល់សង្គមជាតិ និងយុវវ័យជាច្រើនត្រូវបានបាត់បង់សតិ និងខ្លះទៀតឈានដល់ប្រើហឹង្សា ដល់អ្នកដ៏ទៃ ឪពុកម្តាយដើម្បី យកប្រាក់ទៅប្រើប្រាស់ថ្នាំញៀន។
បច្ចុប្បន្នជនសង្ស័យទាំង១៦នាក់ រួមនិងវត្ថុតាងគ្រឿងញៀន៣៤៥១គ្រាប់និងសម្ភារៈបំរើឱ្យបទល្មើសជាច្រើនទៀត ដែលមានខ្លះពាក់ព័ន្ធនឹងការប្រើប្រាស់ នឹងខ្លះជាអ្នកចែកចាយនិងជួញដូរគ្រឿងញៀន កំពុងស្ថិតក្នុងការឃាត់ខ្លួន នៅទីបញ្ជាការកងរាជអាវុធហត្ថ ដើម្បីរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់