កំពង់ឆ្នាំង៖ សមត្ថកិច្ចចំរុះស្ទាក់ចាប់បានរថយន្ត១គ្រឿងដឹកឈើប្រណិត៣ប្រភេទមាន នាងនួន ធ្នង់ និងក្រញូងចំនួន១៦ដុំ កាលពីម៉ោង៧និង៥០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤រួចមកនៅក្នុងភូមិពោធិរិទ្ធីក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ក៍លេចឭពាក្យមិនល្អមួយ មានសមត្ថកិច្ចក្រសួងម្នាក់បានចរចារទារ ប្រាក់ពីម្ចាស់រថយន្តចំនួន២ម៉ឺនដុល្លា តែខាងភាគីម្ចាស់រថយន្ត ហ៊ានត្រឹមតែ១ម៉ឺនដុល្លាប៉ុណ្ណោះជាថ្នូរនឹងការប្រគល់រថយន្តមកវិញ ពេលមិនត្រូវថ្លៃគ្នាទើបត្រូវគេចាប់។
សមត្ថកិច្ចបានអោយដឹងថា៖ឈើប្រណិតខាងលើនេះឈ្មួញបានដឹកតាមរថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2J-1127 ដែលមានម្ចាស់ឈ្មោះ ភុំ ថៃឌឿម ដែលជាមន្ត្រីនគរបាល និងជាឈ្មួញរកស៊ីដឹកឈើប្រណិតដុះស្លែក្នុងខេត្តពោធិសាត់នោះ ត្រូវបានលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បញ្ជារកំលាំងចំរុះអោយស្ទាក់ចាប់បាន ក្រោយពីទទួលព័ត៌មានពីប្រភពរួចមក។
ការបង្ក្រាបនេះ បានធ្វើឡើងនៅក្នុងភូមិសាស្ត្រផ្សារត្រាច ស្ថិតក្នុងចំណុចខាងលើ ។បន្ទាប់មកសមត្ថកិច្ចបានយកវត្ថុតាង និងមធ្យោបាយដឹកជញ្ជូនល្មើសច្បាប់នោះ មករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាចវិញដើមប្បីកសាងសំណុំរឿងតាមនិតិវិធី។
ប្រភពពីមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង បានទម្លាយអោយដឹងថា៖ក្រោយពីបង្ក្រាបបានភ្លាម មន្ត្រីជាសមត្ថកិច្ចក្រសួងម្នាក់បានចរចារទាមទារទឹកប្រាក់ពីឈ្មួញឈ្មោះ ភុំ ថៃឌឿម ចំនួន២ម៉ឺនដុល្លាជាថ្នូរនិងការដោះដូរយករថយន្តល្មើសខាងលើវិញ តែថាខាងភាគីម្ចាស់រថយន្តនោះបានសុំត្រឹម១ម៉ឺនដុល្លា មិនត្រូវរ៉ូវគ្នាទើបគេចាប់រថយន្តនោះ។
គេមើលឃើញថា៖នៅក្នុងខេត្តកំពង់ឆ្នាំង មានសមត្ថកិច្ចចំរុះជាច្រើនអង្គភាពដូចជា៖សមត្ថកិច្ចខ័ណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងក្រសួង ស្នាក់ការសន្តិសុខកងរាជអាវុធហត្ថខេត្ត ព្រមទាំងសមត្ថកិច្ចអង្គភាពផ្សេងៗទៀត ជាច្រើនឈរជើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ តែការចរាចរណ៍ឈើខុសច្បាប់មិនព្រមចាប់នៅតែកើតមានដដែល បើចាប់បាននោះគឺចាប់បានតែឈើលោតឆ័ត្រមិនព្រមបង់លុយអោយតែប៉ុណ្ណោះ។
ដូចជាការចាប់រថយន្តខាងលើនេះត្រូវបានសមត្ថកិច្ចដែលមិនពេញចិត្តគេបានរាយការណ៍អោយអ្នកកាសែតយើងដឹងថា៖ មកពីការចរចារតម្លៃមិនត្រូវទើបគេនាំគ្នាចាប់ មិនខុសពីពាក្យគេថា ត្រីងៀតឆ្លៀតពងនោះឡើយ ករណីបែបនេះល្មមបញ្ចប់ហើយ ដូចសុភាសិតមួយឃ្លាមួយនិយាយថា « ខំស្នេហាជាតិបើភា្លត់ស្នៀតជាតិងឆងដាក់ទោសវិញហើយ »៕
មតិយោបល់