ព័ត៌មានជាតិ

យុវជន​ម្នាក់​ត្រូវ​ក្រុមចោរប្លន់​៤​នាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាត់​

​ភ្នំពេញ​៖ យុវ​សិស្សសាលា​ភាសា​កូរ៉េ​ម្នាក់​ត្រូវ​ក្រុមចោរប្លន់​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ យុវជន​រងគ្រោះ​ជិះ​ម៉ូតូ ម្នាក់ឯង​ត្រឡប់ទៅផ្ទះ​វិញ​ដល់​ពាក់កណ្តាល កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២​ខែ​កញ្ញា ឆ្នាំ​២០១៤​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​នគរបាល​បានឲ្យដឹងថា យុវជន​រងគ្រោះ​មាន​ឈ្មោះ គិន ចាន់ថន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មាន​មុខរបរ​ជា​អ្នកលក់​គ្រឿង​ទូរស័ព្ទ​និង​ជា​អ្នក​សិស្ស​រៀន​ភាសា​កូរ៉េ​ស្នាក់នៅ​ក្នុង​ភូមិ​ត្រាំ​ស្លឹក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​សំណ​ខ្មៅ ឃុំ​សំណរ​ខ្មៅ ស្រុក​ទ្រាំង ខេត្តតាកែវ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៣​ឡើង​តែម​ឆ្នាំ​២០១៤​ពាក់​ស្លាក​លេខ​តាកែវ 1H-8647​។ យុវជន​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា កាលពី​វេលា​ម៉ោង​៦​ជាង​រូបគេ​បាន​ជិះ​ម៉ូតូ ម្នាក់ឯង​មក​រៀន​ភាសា​កូរ៉េ​នៅ​ខាងលិច​សាលា​សង្កាត់​ចោមចៅ បន្ទាប់​ពី​រៀន​ចប់​បាន​ជិះ​ម៉ូតូ​ទៅ​រង្វង់​មូល​ចោម​ចៅ​ហូប​បង្អែម​លុះ​ប្រហែល​ម៉ោង​៨​និង​២០​នាទី​បាន​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុង​គោលបំណង​ត្រឡប់ទៅផ្ទះ​វិញ លុះដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​ពី​រគ្រឿង​មួយគ្រឿង​ម៉ាក​SZ​ពណ៌​ក្រហម​និង​មួយ​គ្រឿង​ទៀត​ម៉ាក​វីវ៉ា​១២៥​ដោយ​មួយគ្រឿង​បាន​ជិះ​មក​ស្ទាក់​ពីមុខ​និង​មួយ​គ្រឿង​ទៀត​ជិះ​គៀរ​រួចហើយ​អ្នក​អង្គុយ​ខាងក្រោយ​ចុះ​ពីលើ​ម៉ូតូ​ដក​កាំភ្លើងខ្លី​១​ដើម​ម្នាក់​មក​ក្រៀក​ភ្ជង់​គាំ​មិន​ឲ្យ​ស្រែក​រួច​ហើយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ពេល​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច​ហើយ​យុវជន រងគ្រោះ​ពុំបាន​ស្រែក​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​នោះ​ទេ បាន​ដើរ​ទៅ​កន្លែង​ស្នាក់នៅ​យ៉ាង​ស្ងាត់​ទៅ​ផ្ទះ​ហើយក៏​បាន​ប្រាប់​បងប្អូន​ទើប​នាំគ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ឲ្យជួយ​អន្តរាគមន៍​។​
​យុវជន​រងគ្រោះ​បាន​បន្តថា ជនសង្ស័យ​ទាំង​៤​នាក់​នោះ​គឺ​ពុំ​ចាំ​អត្តសញ្ញាណ​នោះ​ទេ​ប៉ុន្តែ​២​នាក់​មាន​វ័យ​ប្រហែលជា​៤០​ឆ្នាំ​ជាង​ជិះ​ម៉ូតូ​SZ​និង​ពីរ​នាក់​ទៀត​អាយុ​ប្រហែលជា​២៥​ឆ្នាំ​ជិះ​ម៉ូតូ​វីវ៉ា បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​រួច​បាន​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ទិស​ខាងត្បូង​បាត់ ៕

2014-09-04_055742

មតិយោបល់