ខេត្តកំពត៖ ប៉េអឹមខេត្តកំពត នៅយប់ថ្ងៃទី 2 ខែកញ្ញាឆ្នាំ 2014 នៅវេលាម៉ោង11.00 ចាប់បានរថយន្តសាមយ៉ុងដឹកឈើគ្រញូងនិងឈើធ្នង់មួយគ្រឿងនៅចំណុចមុខវត្តឈូក ស្ថិតក្នុងស្រុកឈូក ខេត្តកំពត តាមបណ្តោយផ្លូវជាតិពីផ្សារឈូកទៅស្រុកជុំគីរី។
សមត្ថកិច្ចតូចតាចម្នាក់បានខ្សឹបថា ក្រោយពីកំលាំង ប៉េអឹមចាប់ឃាត់បានរថយន្តដឹកឈើមួយគឿងពិនិត្យឃើញឈើគ្មានច្បាប់ប្រមាណជាង 2 គីបប្រភេទឈើធ្នងនិងគ្រញូង ប៉ុន្តែរយៈពេលប្រហែល 2 ម៉ោងស្រាប់តែមានការដោះលែងវិញ ដោយមេបញ្ជាការអាវុធហត្ថខេត្តកំពតបញ្ជាអោយលែង ដោយប្រាប់ថា មានគេរត់ការបង់លុយអោយរួចហើយ។
បើតាមប្រភពច្បាស់ការបានបង្ហើបអោយដឹងថា ឈើគ្មានច្បាប់ដែលប៉េអឹមចាប់បាននេះមានអ្នករត់ការឈ្មោះអាបារាំងរស់នៅស្រុកឈូកមានតួនាទីជាសមត្ថកិច្ចឈរជើងនៅព្រំដែនតន់ហន់ហើយរាល់ការដឹកជញ្ជូនឈើឈ្មោះអាបារាំងនេះតែងរត់ការ បង់លុយសមត្ថកិច្ចគ្រប់ជំនាញ និងមានសមត្ថភាពអាចប្រើសមត្ថកិច្ចមួយចំនួនអោយមើលផ្លូវទៀតផង។
ប្រភពបានបន្តថា ឈើប្រណិតដែលប៉េអឹមចាប់បាននោះឈ្មួញបានដឹកជញ្ជូនពីភ្នំឱរ៉ាល់ខេត្តកំពង់ស្ពឺឆ្លងកាត់ផ្សារត្រពាំងអណ្តើកផ្សារស្រុកជុំគីរីចូលកាត់ផ្សារស្រុកឈូកឆ្ពោះទៅកាន់ច្រកព្រំដែនតន់ហន់និងច្រកព្រំដែនព្រែកចាកដើម្បីលោតឆត្រ័ទៅលក់អោយវៀតណាមដូចសព្វដង។
ជុំវិញការរិះគន់ចោទប្រកាន់ចំពោះទង្វើរបស់មេបញ្ជាការប៉េអឹមស្រុកឈូកដែលមានការឃុបឃិតជាមួយឈ្មួញដោះលែងបទល្មើសនោះមិនអាចធ្វើការបំភ្លឺបានទេព្រោះទូរស័ព្ទចូលបែរជានិយាយថាគាត់ឈឺឡើសឈាមដេកហើយ៕
មតិយោបល់