កំពង់ស្ពឺ ៖ ឈើប្រណិតប្រភេទនាងនួន និងធ្នុងរាប់រយម៉ែតគូប ក្នុងមួយខែត្រូវបានក្រុមឈ្មួញសម្រុកដឹកចេញ តាមរទេះគោក្របី ចេញពីក្នុងព្រៃនៃតំបន់ជួរភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ឆ្លងកាត់ច្រកអូត្រាវ ចូលទឹកដីឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយគ្មានទប់ស្កាត់ពីសំណាក់មន្ត្រីជំនាញឡើយ ។
ប្រជាពរដ្ឋបានរាយមកថា ជារៀងរាល់ថ្ងៃពួកគាត់សង្កេតឃើញមានរទេះគោ ក្របីមិនក្រោមពី២០ ទៅ៣០គ្រឿងនោះទេ បានដឹកឈើប្រណិតគ្រប់ប្រភេទចុះពីលើភ្នំចេញពីស្រុកក្រវ៉ាញ ខេត្តពោធិសាត់ ឆ្លង់ដំណាក់ធំពិល និងច្រកអូត្រាវ ជូលក្នុងទឹកដីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ទាប់មកត្រូវបានបែងចែកទៅគោលដៅផ្សេងទៀតរបស់ឈ្មួញកណ្តាល ទើបដឹកបន្តទៅភ្នំពេញ ។ ប្រភពបន្តថាឈើប្រណិតដែល ត្រូវបានក្រុមឈ្មូញដឹកតាមរទេះនោះ មានដូចជាប្រភេទប៉េង ធ្នុង និងនាងនួន ដែលបច្ចុប្បន្នវាតម្លៃខ្ពស់កប់ពពក ស្ទើស្មើរឈើក្រញូងដែរ ប៉ុន្តែមន្ត្រីជំនាញគ្រប់គ្រង ក្នុងតំបន់អភិរក្សព្រៃភ្នំឱរ៉ាល់ ទាំងខេត្តកំពង់ស្ពឺ និងពោធិសាត់ មានភាពធូរលុងច្រើន គឺបានឃុបឃិតជាអ្នករកស៊ីល្មើសច្បាប់ បើកភ្លើងខៀវ ឱ្យមានការកាប់បំផ្លាញ ព្រមទាំងដឹកចេញយ៉ាងអាណាធិបតេយ្យបែបនេះ ។
ប្រភពពីអ្នកស៊ីឈ្នួលបរទេសទេះគោ ក្របីដឹកឈើបាននិយាយថា ពួកគាត់ស៊ីឈ្នួលដឹកឈើឱ្យថៅកែ ក្នុងមួយរទេះបានកម្រៃចាប់ពី ២៥០ ទៅ ៣៥០ដុល្លា ក្នុងមួយជើង តាមស្ថានភាពផ្លូវស្រួលឬពិបាក ហើយមួយរទេះអាចដាក់ឈើ បានប្រហែល៨ផ្លានក្បែរមួយគូបដែរ មិនតែប៉ុណ្ណោះត្រូវចំណាយពេល ៥ ទៅ ៧ថ្ងៃទើបមកដល់គោលដៅចំណុចអូត្រាវ ។ ប្រភពបន្តថា ពួកគាត់បន្តថា ចំពោះការដឹកជញ្ជូនមិនដែលមានការបង្ក្រាបឬចាប់ពីអស់លោកសមត្ថកិច្ច ព្រោះមុនចូលទៅដឹកថៅកែមានទំនាក់ទាំងអស់គ្រប់កន្លែង ទាំងបរិស្ថានពោធិសាត់ និងកំពង់ស្ពឺ ។
ប្រភពច្បាស់លាក់មួយបានបង្ហើបប្រាប់ឱ្យដឹងថា ឈើប្រណិតដូចជាធ្នុងនាងនួនទាំងនោះ វាមានតម្លៃណាស់សម្រាប់នាំចេញទៅក្រៅប្រទេស ហើយសព្វថ្ងៃនេះក្នុងទឹកដីខេត្តកំពង់ស្ពឺ រលាយហិនហោចអស់រលីងហើយ ដូច្នេះក្រុមឈ្មួញធំៗបានទំលាក់លុយឱ្យទៅអ្នកតូចៗបន្ត ដើម្បីចំណាយលើកម្មករ ជួលជាងទៅអាឈើលើភ្នំជ្រៅ ក្នុងតំបន់ជួរភ្នំក្រវ៉ាញ នៅស្រុកវាលវែង និងភ្នំក្រវ៉ាញ ខេត្តពោធិសាត់ រួចជួលរទេះគោរបីដឹកឆ្លងកាត់ដំណាក់អំពិល ឆ្លងច្រកអូត្រាវ រួចទើបបែងចែកបន្តទៀត ។ប្រភពបន្តថា ក្នុងមួយថ្ងៃៗមានរទេះដឹកឈើប្រណិតចុះពីលើភ្នំចុះមកច្រកអូត្រាវ មិនតិចជាង២០រទេះឡើយ ហើយការដឹកនោះ ត្រូវបង់ឱ្យមន្ត្រីបរិស្ថាន ដែនជំរកសត្វព្រៃ ខេត្តពោធិសាត់ មួយក្រុមឈរជើងតំត្រង់តំបន់អូត្រាវ រទេះមួយគ្រឿង២០ម៉ឺនរៀង និងបង់ឱ្យបរិស្ថានដែនជំរកសត្វព្រៃ ខេត្តកំពង់ស្ពឺ២០ម៉ឺនដូចគ្នា ពុំដូច្នេះទេម្ខាងបិតម្ចាងបើករកឡេះរហួត ។
ប្រភពដដែលបន្តថា មានមន្ត្រីបរិស្ថាន ក្នុងដែនជំរកសត្វព្រៃ ភ្នំឱរ៉ាល់ ខេត្តពោធិសាត់ មួយចំនួនដែលឈជើងនៅគោលដៅច្រកអូត្រាវ មានការពាក់ព័ន្ធក្នុងបទល្មើសព្រៃឈើដែរ ដោយសារតែឃុបឃិតជាមួយ ឈ្មួញកណ្តាលបើកភ្លើងខៀវឱ្យកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនដោយខុសច្បាប់ចេញពីតំបន់ខ្លួនគ្រប់គ្រង ទទួលសំណូក និងពេលខ្លះទៀតនាំឈើលក់ឱ្យថៅ ទទួលបានប្រាក់កុម្មុយសុង (ក្បាលកាត់)ថែមទៀតផង ។
ចំពោះថៅឈើធំប្រចាំតំបន់នោះ ត្រូវបានបង្ហើបឱ្យដឹងថា មានចំនួន៣នាក់ ម្នាក់ជាកូនប្រសាររបស់មន្ត្រីប៉េអឹម និង២នាក់ទៀតជាមន្ត្រីយោធាភូមិភាគទី៣ ក្រៅនៅមានឈ្មួញតូចៗជាច្រើននាក់ ប៉ុន្តែប្រភពមិនបានប្រាប់ពីឈ្មោះថៅកែឈើទាំងនោះទេ ៕
មតិយោបល់