ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈុន សុវណ្ណ​ភក្តី ម្ចាស់ផលិតកម្ម​វ័យ​ក្មេង​បំផុត ចេះ​និពន្ធ​បទ​ភ្លេង​ថ្មី រើស​បាន​ពី​ធុងសំរាម​

​ភ្នំពេញ​៖ មាន​ប្រិយមិត្ត​ជាច្រើន បាន​ឆ្ងល់​ថា តើ ឈុន សុវណ្ណ​ភក្តី ចា​ហ្វាង​ផលិតកម្ម BKS ជា​នរណា ? មាន​ប្រវត្តិ​សិក្សា​លើ​បទ​ភ្លេង យ៉ាងម៉េច​ដែរ ទើប​អាចបង្កើត​សាច់ភ្លេង​ជា​ស្នាដៃ​កូន​ខ្មែរ បាន​យ៉ាង​ល្អ​ដូចនេះ ?
​មួយ​ប្រាវ​របស់ ផលិតកម្ម BKS ដែល​ចេញផ្សាយ លើ​អន​ឡា​ញ ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង​កូន​ខ្មែរ ដោយ​ប្រកាន់​គោលជំហរ​មិន​ចម្លង​ពី​គេ​នោះ បាន​ធ្វើ​ឲ្យ​ផលិតម្ម​មួយ​នេះ មានមុខ​គួរសម ក្នុង​សង្វាក់​ឧស្សាហកម្ម​សិល្បៈ ។​

“​ខាង​ផលិតកម្ម BKS មិនមែន​ជា​ផលិតកម្ម ដែល​ចម្លង​បទ​ពី​បរទេស​ឡើយ ហើយ​រាល់​បទ ចម្រៀង​នៅ​ផលិតកម្ម មួយ​នេះ បើ​មិន​បាន​ធ្វើ​ខ្លួនឯង​គឺ​មិន​អស់ចិត្ត ព្រោះ​ថា​អ្នក​ស្តាប់​ភាគច្រើន​គាត់​ដឹង​ណាស់ ជាពិសេស​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក តែម្តង ធ្វើ​ស្រួល​មិន​ស្រួល​ប្រាកដ​ជា​គាត់​យក​ទៅ​រិះគន់​ជាមិនខាន​” ។ នេះ​បើ​តាម​សម្តី​របស់ ឈុន សុវណ្ណ​ភក្តី បាន​ប្រាប់​ទំព័រ ដំណឹង កាលពី​ព្រឹក​មិញ​នេះ ។​តារាចម្រៀង និង ចា​ហ្វាង​វ័យ ១៨ ឆ្នាំ​រូប​នេះ​បាន​បន្តថា “​ដើមចម ដែល​ធ្វើឲ្យ​ខ្ញុំ​អាចបង្កើត​បទ​ភ្លេង​ថ្មី​បាន បើ​និយាយ​ទៅ​មាន​ប្រិយមិត្ត​ជាច្រើន​ថា​ខ្ញុំ​អួត តែ​វា​ជា​រឿង​ពិត ដោយ​ដើមទី ខ្ញុំ​បាន​ទៅ​ស្ទីត​យ៉ូ មួយកន្លែង ហើយ រើស​បាន​ក្រដាស់ ណូត​ភ្លេង ដែល​គេ​បោះចោល​ក្នុង​ធុងសំរាម​ទៅហើយ​យក​មក​ទុក​មើល ហើយ​ក៏​រៀន​បទ​ភ្លេង​ខ្លួនឯង ។ ដោយ​ចំណង់​ចំណូលចិត្ត​ចូលចិត្ត​អ្វី​ដែល​ថ្មីៗ ហើយក៏​មិន​ចូលចិត្ត​រៀន​សាច់ភ្លេង​ពី​គេ​ដែល​មាន​ស្រាប់ ខ្លួន​ក៏​បាន​បង្កើត​សាច់ភ្លេង​ថ្មីៗ ដោយ​ព្យាយាម​គិត​លើ​ណូត​ភ្លេង និង​ឈាន​ជើង​ចូល​វិថី​សិល្បៈ​តែម្តង “ ។ ក្នុងចំណោម​ម្ចាស់​ផលិតកម្ម ក្នុងស្រុក​ជា​ច្រើន ដែល​មាន​អាយុ ខ្លះ ៣០ និង ៤០ ឆ្នាំ​ទៅហើយនោះ មានតែ ឈុន សុវណ្ណ​ភក្តី មួយ​គ​ត ដែល​មាន​អាយុ​ក្មេង​ជាងគេ
​ត្រឹមតែ ១៨ ឆ្នាំ បាន​បន្ត​ជីវិត​ដ៏​កំសត់​របស់​ខ្លួន​មុន​ឈាន​ជើង​ចូល​សិល្បៈ ថា “​ដោយសារ​តែ​ចិត្ត​ស្រលាញ់​សិល្បៈ ខ្លួន​បាន​លួច​រៀន​សាច់ភ្លេង​ដោយ​ខ្លួនឯង ហើយ​ឧបករណ៍​ដែល​បង្កើត​សាច់ភ្លេង​ទាំងនោះ ត្រូវបាន ឪពុក​របស់​ខ្លួន យក​ក​ម្រេច​ចោល​ម្តង​ហើយ​ម្តងទៀត ដោយ​ហាម​មិន​ឲ្យ​ដើរ​លើ​វិថី​នេះ ។ ក៏​ប៉ុន្តែ​នៅ​ទីបំផុត ដោយ​លោក យល់​ពី​អារម្មណ៍​របស់​ខ្ញុំ ក៏​បាន​អនុញ្ញាតិ​ឲ្យ​បន្ត​លើ​មាគ៌ា​នេះ​តែម្តង​ទៅ ” ។ ក្រៅពី​ការធ្វើ​សាច់​ភ្លេង និង​និពន្ធ​ទំនុក​ច្រៀង ឈុន សុវណ្ណ​ភក្តី ក៏​មាន​ជំនាញ​ខាង​គ្រប់គ្រង​លើ ស្ទីត​យ៉ូ ក្នុង​ការថត​សំលេង ក៏​កាត់ត​ជាដើម​។​

​ជា​ចុងក្រោយ ភក្តី បានបញ្ជាក់​ថា “​ជាមួយ​នឹង​រឿង​ខាងលើ​ដ៏​ជូរចត់​មុន​ឈាន​ជើង​ចូល​សិល្បៈ​នេះ ខ្លួន​ក៏​គ្រោង​នឹង​ចេញ​បទ​ចម្រៀង ដែល​និយាយ​អំពី​ជីវិត​ពិត​របស់​ខ្លួន ក្រោម​ចំណងជើង​ថា “​ជីវិត​ដ៏​សែន​លំបាក​លើ​វិថី​សិល្បៈ​” ត្រៀម​ចេញ​វ៉ុល ១ តែម្តង បើសិនជា​ធ្វើ​ទាន់ “៕

Chhun Sovanpheakdy

មតិយោបល់