ព័ត៌មានជាតិ

១៤ វិធី ដើម្បី​សម្រស់ស្អាត សុខភាពល្អ

សម្រស់របស់យើង​មិន​មែន​កើត​ឡើង​តាម​រយៈ​ការតុប​តែង​តែផ្នែក​ខាងក្រៅមួយ​មុខនោះទេ ប៉ុន្តែវាក៏អាស្រ័យលើការថែទាំសុខភាព និងសម្រស់ខាងក្នុងផងដែរ។
ដូច្នេះហើយទើបយើងនាំយកអាថ៌កំបាំងដើម្បីសុខភាពមកជម្រាបជូនមិត្តអ្នកអាន។ សូមជម្រាបថា បើអ្នកធ្វើតាមការណែនាំបានគ្រប់ទាំង១៤ វិធីនេះ នោះសុខភាព និងសម្រស់ដ៏ផូរផង់នៅមិនឆ្ងាយពីកណ្ដាប់ដៃរបស់អ្នកឡើយ ។
dengelibeslenme2

១-ទទួលទានផ្លែប៉ោម ឬផ្លែភែរ៏មួយថ្ងៃមួយផ្លែ

ពីព្រោះក្នុងផ្លែប៉ោម និងផ្លែភែរ៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីនកម្ម ដែលជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង។ ម្យ៉ាងទៀត វាក៏ជាផ្លែឈើដែលមានរសជាតិសរសៃខ្ពស់ ដែលជាតិសរសៃនេះវាទៅជួយរំលាយជាតិខ្លាញ់ និងប្រូតេអ៊ីន។ ដូច្នេះបើអ្នកណាដែលកំពុងតែគ្រប់គ្រងទម្ងន់ដើម្បីបានរាងស្វែលស្អាតរយៈពេលយូរ សូមសាកល្បងទទួលទានផ្លែប៉ោម និងផ្លែភែរ៍ ធានាថាមិនខុសបំណងឡើយ។

២-លាងដៃឲ្យបានញឹកញាប់

ជាពិសេសត្រូវលាងដៃមុនពេលទទួលទានអាហារ ពីព្រោះដៃរបស់យើងប៉ះកាន់ចំមេរោគផ្សេងៗជាច្រើន។ ដូច្នេះដើម្បីសុខភាពរបស់យើងផ្ទាល់ត្រូវលាងដៃជាប់ជាប្រចាំមុននឹងទទួលទានអាហារ។

៣-ហាត់ដកដង្ហើមវែងៗ

វិធីនេះមិនគ្រាន់តែជួយកាត់បន្ថយភាពតានតឹងបានយ៉ាងប្រសើរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយកាត់បន្ថយសម្ពាធឈាមបានទៀតផង។ យើងអាចចំណាយពេលប្រមាណជា ១៥នាទីក្នុងមួយថ្ងៃដើម្បីដកដង្ហើមវែងៗ និងបញ្ចេញមកវិញម្ដងបន្តិចៗយ៉ាងហោចណាស់ ១០ដងក្នុងមួយវិនាទី ពេលនោះអ្នកនឹងមានអារម្មណ៍ស្មឹងស្មាធិ៍ និងបានធូរស្បើយក្នុងខ្លួន ។ កត្តាសំខាន់មួយទៀត គឺត្រូវ ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ នោះសម្រស់ស្អាត និងសុខភាពល្អទៅណាមិនឆ្ងាយពីអ្នកឡើយ។

៤-ថែទាំកែវភ្នែកទាំងពីរឲ្យស្អាត

ទោះបីរដូវនេះជារដូវវស្សាភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ ភ្នែកយើងមិនសូវបានប៉ះនឹងពន្លឺថ្ងៃយ៉ាងណាក៏ដោយ ប៉ុន្តែលុះបានប៉ះចំពន្លឺខ្លាំងម្តងៗ ក៏ធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់យើងជាខ្លាំង។ ដូច្នេះដើម្បីការពារភ្នែករបស់យើង ត្រូវវ៉ែនតាការពារពន្លឺថ្ងៃពាក់ដើម្បីការពារពេលដែលយើងត្រូវប្រឈមនឹងពន្លឺថ្ងៃ។ កត្តាសំខាន់សូមកុំភ្លេចជំនួយផ្នែកខាងក្នុងតាមរយៈការទទួលទានបន្លែស្លឹកបៃតងឲ្យបានច្រើន ព្រោះវាអាចជួយដល់ភ្នែករបស់អ្នកស្អាត មើលឃើញច្បាស់ល្អរយៈពេលវែង។

៥-ជ្រើសរើសប្រើកែវទាបៗសម្រាប់ផឹកទឹក

ការផឹកទឹកច្រើន ក៏អាចជួយកាត់បន្ថយការប្រឈមក្នុងការកើតជំងឺបេះដូងបានមួយផ្នែកដែរ។ ប៉ុន្តែបើត្រូវឃើញទឹកក្នុងដបធំៗ ឬក្នុងកែវខ្ពស់ៗ អាចធ្វើឲ្យយើងរួញរាក្នុងការផឹកវា។ ដូច្នេះយើងត្រូវជ្រើសរើសកែវណារាងទាបតូចល្មម ទើបធ្វើឲ្យយើងផឹកវាបានរឿយៗតាមតម្រូវការ។

៦-លើកដុំដែកឱ្យសាច់ដុំដៃរឹងប៉ឹងល្អ

ត្រូវឆ្លៀតពេលលើកដុំដែកឲ្យបានប្រមាណជា ២-៣ សិតក្នុងមួយសប្ដាហ៍នឹងជួយធ្វើឲ្យសាច់ដុំដៃរបស់អ្នករឹងប៉ឹង និងតឹងណែនល្អ។ ត្រូវលើកទម្ងន់ណាដែលសមកម្លាំងខ្លួនឯង នោះនឹងធ្វើឲ្យអ្នកក្លាយទៅជាម្ចាស់ដៃដ៏ស្អាតណែនល្អបានហើយ។

៧-ប្រើហ្វីតបលជួយក្នុងការពង្រាបក្បាលពោះ

ចង់ក្លាយជាស្ត្រីស្អាត មិនត្រូវបណ្ដោយឲ្យខ្លួនឯងដុះក្បាលពោះដូចចិនកាប់ជ្រូកនោះឡើយ។ដូច្នេះវិធីងាយៗដែលជួយធ្វើឲ្យអ្នកមានក្បាលពោះស្អាតមិនជាពិបាកនោះឡើយ ដោយគ្រាន់តែអ្នកប្រើមធ្យោបាយស៊ីតអាប់ប៉ុណ្ណោះ ពោលគឺត្រូវយកហ្វីតបលមកប្រើជាជំនួយក្នុងការស៊ីតអាប់។ វិធីនឹងជួយធ្វើឲ្យសាច់ដុំក្បាលពោះរបស់អ្នកតឹងណែនល្អរហូតដល់ទៅ ៣៨ ភាគរយឯណោះ។

៨-រំសាយបន្ធូរអារម្មណ៍ផ្លូវចិត្តដោយក្លិនផ្កាឡាវេនដ័រ

ការស្រង់ក្លិនឡាវេនដ័រ( Lavender ) ត្រឹមតែ៥នាទីនឹងជួយកាត់បន្ថយកម្រិតភាពតានតឹងក្នុងខ្លួនរបស់អ្នកបានយ៉ាងច្រើន។ ហើយនៅពេលប្រាសចាកពីភាពតានតឹង រាងកាយរបស់អ្នកក៏នឹងមានអារម្មណ៍ធូរស្បើយផ្ដល់ផលល្អចំពោះបេះដូង ធ្វើឲ្យចៀសផុតឆ្ងាយពីការប្រឈមនៃជំងឺបេះដូង។

៩-ប្រើចានតូចដាក់អាហារពេលល្ងាច

វិធីនេះវាអាចជួយគ្រប់គ្រងឲ្យអ្នកទទួលទានអាហារពេលល្ងាចបានតិច។ បើយើងប្រើចានធំដាក់អាហារ ច្បាស់ជាយើងទទួលទានច្រើនទៅតាមនោះដែរ ព្រោះបើទទួលទានតិច គឺស្ដាយអាហារដែលនៅសល់ក្នុងចាន។ ត្រូវដឹងថា អាហារពេលល្ងាចនេះហើយជាអ្នកបង្កើនទម្ងន់លំដាប់លេខមួយតែម្ដង។ ហេតុនេះត្រូវប្ដូរមកប្រើវិធីចិត្តវិទ្យាក្នុងការគ្រប់គ្រងអាហារដោយការប្ដូរទំហំចានឲ្យតូចទើបជាជម្រើសល្អសម្រាប់សុខភាពសម្រស់។

១០-បន្ថែមរសជាតិឱសថធម្មជាតិ

ដោយសារនៅក្នុងឱសថធម្មជាតិវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីដកម្ម ដែលល្អចំពោះរាងកាយរបស់យើង។ ដូច្នេះសូមសាកល្បងជ្រើសរើសទទួលទានអាហារដែលមានសមាសធាតុផ្សំនៃឱសថធម្មជាតិដូចជា ម្ទេស ម្រេច រ៉ូសប៊ែរី អរីកាណូ ជាដើម។ វាមិនគ្រាន់តែជួយធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ផលល្អដល់សុខភាពរបស់យើងទៀតផង។

១១- ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើនៗ

ទន្ទេញចាំជានិច្ចថា ក្នុងអាហារមួយពេលៗ យើងត្រូវជ្រើសរើសទទួលទានឲ្យបានសារធាតុអាហារគ្រប់ទាំង៥ក្រុម ជាពិសេសបន្លែ និង ផ្លែឈើមិនត្រូវខ្វះដាច់ខាត ពីព្រោះតាមលទ្ធផលនៃការស្រាវជ្រាវគេបានរកឃើញថា ការដែលយើងទទួលទានបន្លែឲ្យបានលើសពី 60 ក្រាមក្នុងថ្ងៃ នឹងជួយឲ្យយើងមានអាយុវែងបាន ២ ឆ្នាំថែមទៀត។

១២-ខ្ពុរមាត់ដោយទឹកខ្ពុរមាត់

ឆ្លងតាមលទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានទន្តសាស្រ្តក្នុងប្រទេសអង់គ្លេសគេបានរកឃើញថា ការខ្ពុរមាត់ដោយទឹកខ្ពុរមាត់នឹងជួយកម្ចាត់កំណកកំបោរ និងបាក់តេរីផ្សេងៗក្នុងមាត់។ ដូច្នេះដើម្បីសុខភាពមាត់ធ្មេញ ពេលដុសធ្មេញរួចត្រូវយកអំបោះខាត់ធ្មេញបន្តបន្ទាប់មកបញ្ចប់ដោយការខ្ពុរមាត់ជាមួយនឹងទឹកថ្នាំខ្ពុរមាត់។

១៣- ទទួលទានអាហារពេលព្រឹកឲ្យបានរាល់ថៃ្ង

ការទទួលទានអាហារពេលព្រឹក មិនគ្រាន់តែជួយខួរក្បាលឲ្យយើងគិតអ្វីឆាប់ឃើញប៉ុន្តែទេ ប៉ុន្តែវាក៏ជាវិធីមួយដែលជួយគ្រប់គ្រងទម្ងន់បានល្អជាងការបង្អត់អាហារព្រឹក ពេលនោះយើងនឹងទៅសម្រុកទទួលទានអាហារថ្ងៃត្រង់ និងអាហារល្ងាចច្រើនដែលទង្វើបែបនេះវាមិនបានហុចផលល្អដល់រាងកាយយើងទេ។ ម្យ៉ាងទៀតបើចង់ឲ្យកាន់តែល្អទៅទៀតនោះ គួរតែទំពាអាហារយឺតៗរាល់លើកពេលទទួលទានម្តងៗ។ វិធីនេះក្រៅពីបានជួយឲ្យប្រព័ន្ធរំលាយអាហារងាយធ្វើការហើយនោះ ថែមទាំងជួយធ្វើឲ្យអ្នកឆាប់ឆ្អែត និងហូបតិចទៀតផង។

១៤-ត្រូវហាត់ប្រាណ

ត្រូវចំណាយពេលហាត់ប្រាណឲ្យបានមួយថ្ងៃ ៣០នាទី បើចង់មានរូបរាងស្អាត និង សុខភាពល្អ។ ប៉ុន្តែបើមមាញឹកខ្លាំង ពុំមានពេលគ្រប់គ្រាន់ អ្នកអាចហាត់ប្រាណត្រឹមតែ ៣ ថ្ងៃក្នុងមួយសប្ដាហ៍ក៏បានដែរ ពេលនោះអ្នកនឹងដឹងថាបច្ច័យវិជ្ជមានដែលបានពីការហាត់ប្រាណវាល្អកម្រិតណាចំពោះសុខភាព និងសម្រស់៕

មតិយោបល់