កំពង់ធំ៖ រឿងវិវាទដីធ្លីរវាងគ្រួសារតែមួយនិងបងថ្លៃ ក្នុងការទាមទារដណ្តើមយកកម្មសិទ្ធប្លង់ដីនិងផ្ទះដែលមានទំហំ១៥ម៉ែត្រx១៥ម៉ែត្រ ជាកម្មសិទ្ធស្របច្បាប់របស់លោក(ស្រីឆាយគឹមសាន)និងប្តីឈ្មោះ(ស៊ិនអេង)ស្ថិតក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខណៈដែលប្តីប្រពន្ធទាំង២នាក់បានព្រមព្រៀងលែងលះគ្នា តាមសាលក្រមលេខ១០(ង)ចុះថ្ងៃទី៥-១០-២០១១ របស់សាលាដំបូងខេត្តកំពង់ធំ ហើយបែរជាលិចមុខបងថ្លៃ ឈ្មោះសេង អ៊ាក រួមគំនិតជាមួយប្អូនបង្កើត ប្តឹងជំទាស់សាលក្រមសាលាដំបូង ថែមទាំងប្តឹងឲ្យតុលាការខេត្តកំពង់ធំ បើកការជំនុំជម្រះសារជាថ្មី ហើយនៅក្នុងសវនាការ ជំនុំជម្រះថ្មីនោះ សាលាដំបូងកំពង់ធំ បានសម្រេចឲ្យទៅឈ្មោះសេងអ៊ាក ជាអ្នកទទួលសិទ្ធគ្រប់គ្រងទៅលើលំនៅដ្ឋានដែលមានទំហំ១៥មx១៥មខាងលើនេះ ដោយច្រានចោលប័ណ្ណសំគាល់សិទ្ធកាន់កាប់ អចលនវត្ថុ របស់លោកស្រី(ឆាយគឹមសាន) ដែលចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោខេត្តកំពង់ធំ ដោយផ្អែកតាមសាលក្រមលេខ៥(ឈ)ចុះថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១២។ ដោយឃើញការហួសចិត្តនិងភាពអយុត្តិធម៍ចំពោះខ្លួន លោកស្រី(ឆាយគឹមសាន)ជាស្ត្រីមេម៉ាយថែមទាំងមានកូនស្រី២នាក់ហើយម្នាក់គរថ្លង់ បានប្តឹងទៅសាលាឧទ្ធរណ៏ លើសំណុំរឿងរដ្ឋប្បវេណី លេខ៥១០ចុះថ្ងៃទី២៤ធ្នូ២០១២តែសាលាឧទ្ធរណ៏បានចេញសាលដឺកាលេខ១០ក្រងចុះថ្ងៃទី២៣.៥.២០១៣ សម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តកំពង់ធំ ទុកជាបានការ ហើយច្រានចោលពាក្យបណ្តឹងឧទ្ធរណ៏លេខ២២៨ចុះថ្ងៃទី២ខែតុលាឆ្នាំ២០១២ របស់អ្នកស្រីឆាយគឹមសានជាចុងចម្លើយ។ បើតាមចម្លើយសាក្សីបីនាក់ជាអ្នកជិតខាងនិងជាមេភូមិឈ្មោះខាត់ថន បានបញ្ចាក់ឲ្យដឹងថាលោកបានឃើញគ្រួសារនេះដែលមានប្តីឈ្មោះស៊ិនអេង និងប្រពន្ធឈ្មោះឆាយគឹមសាន រស់នៅក្នុងភូមិខាងលើនេះតាំងពីយូណាស់មកហើយ ហើយថែមទាំងមានប្លង់កម្មសិទ្ធច្បាស់លាស់ពិតប្រាកដមែន មិនគួរណាឲ្យអ្នកស្រីទទួលភាពអយុត្តិធម៍បែបនេះទេ។ អ្នកស្រី ឆាយ គឹមសាន បានឲ្យដឹងថាប្តីរបស់គាត់ឈ្មោះស៊ិនអេងនេះ បានចុះចោលផ្ទះចោលប្រពន្ធកូនតាំងពីឆ្នាំ២០១០មកម្លេះ ថែមទាំងបានយកមាសអស់ចំនួន២៨តំឡឹងនិងម៉ូតូ១គ្រឿងទៅយកប្រពន្ធថ្មី ហើយឥឡូវនេះមានកូន២នាក់ទុកអោយអ្នកស្រីរស់នៅយ៉ាងលំបាកវេទនា រកស៊ីលក់នំបន្តិចបន្តួចដើម្បីចិញ្ចឹមកូនស្រី២នាក់ ហើយសព្វថ្ងៃគ្រួសារអ្នកស្រីបានទទួលប័ណ្ណក្រីក្រ ពីអង្គការមនុស្សធម៍ទៀតផង ដោយមានទិដ្ឋភាពលំបាកយ៉ាងនេះហើយ ទើបអ្នកស្រីឆាយគឹមសាន បានកើតទុកមិនសុខចិត្តនិងការសម្រេចរបស់សាលាឧទ្ធរណ៏ ឲ្យអ្នកស្រីដែលជាម្ចាស់អចលនវត្ថុចាញ់ក្តី ហើយចុះចេញពីលំនៅដ្ឋានរបស់ខ្លួនដែលកំពុងតែរស់នៅសព្វថ្ងៃ តែឥឡូវនេះនៅទឹកចុងក្រោយអ្នកស្រីឆាយគឹមសាន បានប្តឹងសារទុក ទៅតុលាការកំពូល ហើយសង្ឃឹមថាតុលាការកំពូលនិងរកយុត្តិធម៍ជូនអ្នកស្រីដោយភាពសុក្រិត ទន្ទឹមគ្នានេះដែរអ្នកស្រីឆាយគឹមសានបានទ្រហូយំ ហើយបួងសួងដល់វត្ថុសាកសិទ្ធនិងប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចទាំងពីរ ជានិច្ចជាកាលសម្តេចទាំងពីរ តែងតែជួយរំលែកទុក្ខដល់ប្រជាពលរដ្ឋដែលជួបឧបសគ្គនិងគ្រោះមហន្តរាយផ្សេងៗ ជាពិសេសភាពអយុត្តិធម៍ទៅលើពលរដ្ឋទីទាល់ក្រ៕
មតិយោបល់