ព័ត៌មានជាតិ

កំពង់ផែ​ឯកជន​ច្រើន​កន្លែង​នៅ​ខេត្ត​កោះកុង កំពុង​សាងសង់​ដោយ​គ្មាន​ច្បាប់ រួមជាមួយ​នឹង​ការរំលោភ​យក​ដី​ព្រលានយន្តហោះ​កោះកុង​

​កោះកុង ៖ មាន​សំណង់​កំពង់ផែ​ឯកជន​ជាច្រើន​កន្លែង​ណាស់​នៅក្នុង​ខេត្ត​កោះកុង ត្រូវ​គេ​រាយការណ៍​មក​ថា កំពុងតែ​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ព្រម​ជាមួយគ្នានេះ ដី​ចំណី​ព្រលាន​យន្ត​ក្នុងនេះ ក៏​មាន​សេចក្តីរាយការណ៍​ពី​ការរំលោភ​យក​ពី​ក្រុម​អ្នកមានអំណាច​ផងដែរ​។​

​ចំពោះ​សំណង់​កំពង់ផែ​ឯកជន​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ដែល​មាន​ខ្លះ​បាន​សាងសង់​ស្ទើរតែ​រួចរាល់​ហើយ​នោះ ត្រូវ​គេ​រាយការណ៍​មក​ថា មាននៅ​តាម​បណ្តោយ​ឆ្នេរ​កោះ​ប៉ោ ជិត​កំពង់ផែ​ដងទង់ ស្ថិតនៅ​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ដែល​គេ​សង្ស័យថា ម្ចាស់​ផែ​ឯកជន​ទាំងនោះ​អាច​ឃុបឃិត​ជាមួយនឹង​អាជ្ញាធរ ។​

​ដោយឡែក​ដី​ចំណី​ព្រលាន​យន្តហោះ​វិញ ក៏​ត្រូវ​គេ​រាយការណ៍​មក​ដែរ​ថា កំពុង​ត្រូវ​គេ​ឃុបឃិត​គ្នា​វាស់វែង​ចែកគ្នា ចាប់តាំងពី​មន្ត្រី​មូលដ្ឋាន​ដល់​ថ្នាក់លើ ចំណែកឯ​លិខិត​របស់​សាលាក្រុង​មិន​មាន​ប្រសិទ្ធភាព ត្រូវបាន​មជ្ឈដ្ឋាន​សង្គម​រិះគន់ថា ដូច​ឆាកល្ខោន ។

​សេចក្តីរាយការណ៍​បានឲ្យដឹងថា ដី​នៅ​ជាប់​របង​ព្រលាន​យន្តហោះ​នោះ​ត្រូវ​ចៅសង្កាត់​ស្មាច់មានជ័យ​ជា​មេ​ចំណែក​គឺ​អ្នក​តូច​បាន​តូច អ្នក​មាន​តួនាទី​ធំ​បាន​ធំ អ្នក​ឈឺឆ្អាល​ក្នុង​រឿង​នេះ​បាន​បន្ថែមថា ដី​នេះ​មាន​ទំហំ​ក្បាល​ដី​ប្រមាណ ជាង​៥០០​ម៉ែត្រ និង​ទទឹង​ជាង​១០​ម៉ែត្រ ដែល​ជា​ផ្លូវ​មួយ​ជាប់​របង​កាកបាទក្រហម​ខេត្ត​ស្ថិត​នៅក្នុង​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ។​

​ទាក់ទិន​នឹង​ការសាងសង់​កំពង់ផែ​ឯកជន លោក​មេភូមិ​២​បានអោយ​ដឹង​តាម​ទូរស័ព្ទ​ថា កំពង់ផែ​ឯកជន​សរុប​
​មាន​៦​កន្លែង ទីតាំង​កំពុង​សាងសង់​មាន​លក្ខណះ​រឹងមាំ​មាន ២​កន្លែង ចំណែក​មានច្បាប់ ឬ​អត់​ច្បាប់​នោះ លោក​
​មេភូមិ​ទី​២​ថា មិន​ដឹង​ទេ ព្រោះ​គេ​មិន​ដែល​ទំនាក់ទំនង​ថ្នាក់មូលដ្ឋាន​។ ដោយឡែក​ចៅសង្កាត់​ស្មាច់មានជ័យ និង​
​ចៅសង្កាត់​ដងទង់​មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ ។​

​លោក ហាក់ បូរ៉ា ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​ខេមរភូមិន្ទ​បាន​មានប្រសាសន៍​យ៉ាងខ្លី​ថា រឿង​កំពង់ផែ​គឺ​មាន​លិខិត​អោយ​ផ្អាក​៣​ដង​រួច​ហើយ ប៉ុន្តែ​គេ​នៅតែ​លួច​សាងសង់​ដដែល ចំណែក​ដី​នៅ​ជាប់​របង​ព្រលាន​យន្តហោះ​នោះ​លោក​មិន​ដឹង​ទេ​។​

​លោក ប៉ែន ប៊ុនឈួ​យ អភិបាលក្រុង​ស្តីទី​បាន​មាន​ប្រសា​ស​ន៏​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា ទាក់ទិន​នឹង​ការសាងសង់​កំពង់ផែ​ពិតជា​មាន​មែន ហើយ​សាលាក្រុង​បាន​ចាត់​ឲ្យ​មន្ត្រី​ទៅពិនិត្យ ហើយ​ថតរូប​ដើម្បី​នឹង​ចេញ​លិខិត​ឲ្យ​ផ្អាក​ការដ្ឋាន​ជា​លើក​ទី​២ និង​ធ្វើ​របាយ​ការណ៏​ទៅ​គណ​:​អភិបាលខេត្ត​ដើម្បី​ជ្រាប ។​

​លោក​អភិបាល​ស្តីទី​បាន​បញ្ជាក់ថា រាល់​សំណង់​នៅតាម​តំបន់ឆ្នេរ​ពុំមាន​ច្បាប់​អនុញ្ញាតិ​អោយ​សាងសង់​ទេ ចំណែក​ឯ​ដី​ជាប់​របង​ព្រលានយន្តហោះ​ក៏​ដូចគ្នា​ដែរ​មាន​ការសាងសង់​ខឿន ថ្ម ចំនួន​៣​ក្បាលដី សាលាក្រុង​ក៏​បាន​​ចេញ​លិខិត​ជាបន្ទាន់​អោយ​ផ្អាក​ដែរ ហើយ​បាន​ធ្វើ​របាយ​ការណ៏​ទៅ​អភិបាលខេត្ត​ដើម្បី​ពិនិត្យ និង​ចាត់ការ​បន្ត​។​

​គួរ​រំលឹក​ផងដែរ​ថា ទំនៀម​ទំលាប់​យក​ដី​រដ្ឋ យក​ប្រឡាយ​លូបង្ហូរទឹក ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ពី​សំណាក់​មន្ត្រី​
​ខិលខូច​មានអំណាច តែងតែ​កើតឡើង​ឥតឈប់ឈរ​ស្ទើរតែ​គ្រប់​ខេត្ត​រាជធានី​នៃ​ប្រទេស​កម្ពុជា​៕
2014-09-16_183847
2014-09-16_183902

2014-09-16_183914

មតិយោបល់