ខេត្តកំពត៖ មានភាពចលាចលទាំងយប់ដោយសារតែមានសត្វពស់ថ្លាន់យក្សមួយយ៉ាងធំមិនដឹងលូនមកពីណាបានមករួមរឹតជ្រូកចិញ្ចឹមក្នុងទ្រុងចំនួន៣ក្បាលឲ្យងាប់បន្តបន្ទាប់គ្នា ដែលធ្វើឲ្យម្ចាស់ជ្រូកមានការសោកស្តាយជាពន់ពេក។
ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅរាត្រីម៉ោង១រំលងអធ្រាតឈានចូលថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ដែលមានម្ចាស់ផ្ទះឈ្មោះ លាង ស្រីមុំ អាយុ៣២ឆ្នាំ។តាមការរៀបរាប់ពីម្ចាស់ជ្រូកបានឲ្យដឹងថានៅវេលាដូចខាងលើខណៈដែលរូបគាត់កំពុងលង់លក់ក្នុងដំណេកនោះស្រាប់តែគាត់ត្រូវភ្ញាក់ក្រញាងដោយសារឮសំលេងជ្រូកស្រែកដ៏កងរំពង ពេលនោះគាត់ក៏បានបើកទ្វារចេញមកក្រៅហើយរត់ទៅមើលជ្រូកនៅក្នុងទ្រង់ស្រាប់តែឃើញពស់ថ្លាន់មួយក្បាលយ៉ាងធំកំពុងរឹតជ្រូករបស់គាត់ បណ្តាលឲ្យជ្រូកទាំងបីក្បាលនៅក្នុងទ្រុងងាប់គ្មានសល់។ឃើញសភាពបែបនេះគាត់ក៏ស្រែកហៅអ្នកជិតខាងឲ្យជួយចាប់ពស់ថ្លាន់១ក្បាលនេះដោយប្រើរយៈពេលជិតមួយម៉ោងឯណោះទើបចាប់ដាក់ច្រកក្នុងបាវបាន រួចនាំគ្នាថ្លឹងសាកមើលទម្ងន់រហូតដល់៤០គីឡូក្រាម។ស្ត្រីម្ចាស់ជ្រូកបានបញ្ជាក់ថា ពិតជាមិនធម្មតាព្រោះគាត់មិនដែលជួបពស់ថ្លាន់អីក៏ធំម្លេះថែមទាំងហ៊ានមករឹតសត្វជ្រូកក្នុងទ្រុងដែលសុទ្ធតែមានទម្ងន់មិនក្រោម២០០គីឡូក្រាម ហើយសត្វពស់ថ្លាន់ដែលកំពុងរឹតសម្លាប់ជ្រូករបស់គាត់នេះមិនដឹងលូនមកពីកន្លែងណានោះទេ ហើយកន្លងមកអ្នកស្រុកក្នុងតំបន់ខាងលើក៏មិនដែលបានជួបនូវហេតុការណ៍បែបនេះឡើយ។នេះជាលើកទីមួយហើយដែលមានហេតុការណ៍ដ៏កម្រនិងចម្លែកដែលនាំឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកគឺពស់ថ្លាន់រឹតសម្លាប់សត្វជ្រូកចិញ្ចឹមរបស់ប្រជាពលរដ្ឋ ហើយករណីខាងលើនេះក៏ជាកក្តាមួយធ្វើឲ្យម្ចាស់ជ្រូកត្រូវខាតបង់ថវិកាអស់រាប់លានរៀល ដោយសារពស់ថ្លាន់រឹតសម្លាប់រហូត៣ក្បាលឯណោះ។បច្ចុប្បន្នសត្វពស់ថ្លាន់យក្សមួយក្បាលនេះត្រូវម្ចាស់ជ្រូកឈ្មោះ លាង ស្រីមុំ សម្រេចច្រកបាវដឹកយកទៅប្រគល់ឲ្យសួនសត្វនៅទឹកឈូ ប៉ុន្តែគាត់សំណូមពរដល់ម្ចាស់សួនសត្វគឺលោក ញឹម វណ្ណដា ជួយផ្តល់ថវិកាមួយចំនួនសម្រាប់ទិញកូនជ្រូកយកមកចិញ្ចឹមវិញ៕
មតិយោបល់