ការស្ដាប់តន្ត្រីកន្លះម៉ោងជារៀងរាល់ថ្ងៃ ប្រហែលជាអាចនឹងបញ្ចុះសម្ពាធឈាមបានយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយ ដែលបានរាយការណ៍នៅក្នុងការប្រជុំស្ដីអំពីរោគលើសឈាមរបស់អង្គការរបស់អាមេរិកនៅក្នុងទីក្រុងញូវ អ័រលីន (New Orleans)សហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ។

នៅក្នុងការសិក្សានោះអ្នកស្រាវជ្រាវបានរកឃើញថា មនុស្សទាំងឡាយដែលមានសម្ពាធឈាមខ្ពស់ ហើយស្ដាប់តន្ត្រីប្រមាណ ៣០ នាទី ក្នុងមួយថ្ងៃក្នុងរយៈពេលមួយខែ ត្រូវបានគេអង្កេតឃើញមានការធ្លាក់ចុះសម្ពាធឈាមរបស់ពួកគេគួរឲ្យកត់សម្គាល់។
បណ្ឌិត ភីត្រូ អេ.ម៉ូដេស្ទី (Pietro A.Modesti) នៃសកលវិទ្យាល័យហ្វ្ល័ររ៉ែន(Florence) នៅក្នុងប្រទេសអ៊ីតាលី និងអ្នកធ្វើការសិក្សានេះបានឲ្យដឹងថា «ការស្ដាប់តន្ត្រីគឺជួយធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ហើយជារឿយៗវាជួយកាត់បន្ថយការឈឺចាប់ ឬ ការភ័យខ្លាចរបស់អ្នកជំងឺ និងជួយកាត់បន្ថយសម្ពាធឈាមផងដែរ។ ប៉ុន្តែនេះជាលើកទីមួយហើយ ដែលលទ្ធផលបានបញ្ជាក់យ៉ាងច្បាស់ អំពីផលប្រយោជន៍នៃការស្ដាប់តន្ត្រីជារៀងរាល់ថ្ងៃទៅលើការធ្វើសម្ពាធឈាមធ្លាក់ចុះ»។
គេបានធ្វើការសិក្សាលើមនុស្សពេញវ័យចំនួន ៤៨ នាក់ ដែលមានអាយុចាប់ពី ៤៥ ដល់ ៧០ ឆ្នាំ ដែលបានចាក់ថ្នាំទប់ស្កាត់រោគលើសឈាមក្នុងដំណាក់កាលស្រាល ហើយឲ្យចូលរួមនៅក្នុងការសិក្សានេះ។ នៅក្នុងចំណោមអ្នកចូលរួមទាំងអស់នេះ មាន ២៨នាក់ ស្ដាប់តន្ត្រីបុរាណ និងតន្ត្រី Celtic ឬ Raga របស់ឥណ្ឌាជារៀងរាល់ថ្ងៃ ខណៈពេលដែលអនុវត្តលំហាត់ប្រាណដោយដកដង្ហើមបែបយឺតៗ។ អ្នកចូលរួមដែលនៅសល់ចំនួន ២០ នាក់ទៀតដើរតួជាក្រុមតាមដាន ហើយពួកគេមិនបានធ្វើការផ្លាស់ប្ដូរចំពោះរបៀបរស់នៅរបស់គេទេ៕
មតិយោបល់