ភ្នំពេញ ៖ បុរសម្នាក់ជាសន្តិសុខយាមម៉ូតូនៅក្នុងផ្សារទំនើប អ៊ីអនម៉ល បានលួចយកម៉ូតូរបស់ភ្ញៀវយកទៅផ្ញើរជិះចេញទៅបាត់ ហើយត្រូវបានគេឆែកមើលឃើញពីសកម្មភាពលួចម៉ូតូតាមរយៈខ្សែអាត់វីដេរអូរ ក្នុងកាមេរ៉ាសុវត្តិភាព ដែលបំពាក់នៅក្នុងផ្សារ បន្ទាប់ពីភ្ញៀវបានឆោឡោពីការបាត់ម៉ូតូ ។ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី ២៦ កញ្ញា ឆ្នាំ២០១៤នៅកន្លែងផ្ញើរម៉ូតូក្នុងផ្សារទំនើបអ៊ីអនម៉ល ។
ម្ចាស់ម៉ូតូដែលសន្តិសុខលួចយកទៅមានឈ្មោះ សារ ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ ជាបុគ្គលិករដ្ឋបាលរោងចក្រ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ហើយរស់នៅក្នុងភូមិកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះបាត់ម៉ូតូបានយកម៉ូតូម៉ាកគុប ពណ៌ខៀវ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1CJ-58476 ទៅផ្ញើរទុកនៅផ្ទះមិតភក្ត្រ័របស់នាងឈ្មោះ ស្រីហ៊ុន និងសុខនាង ដោយបានណាត់គ្នាទៅដើរលេងជុំគ្នានៅផ្សារទំនើបអ៊ីអន ម៉ល បន្ទាប់មកក៏នារីរងគ្រោះក៏បានឡើងជិះម៉ូតូម៉ាកស្គុបពីជាមួយមិត្តភក្ត្រ័ របស់នាងម្នាក់ទៀតឈ្មោះ សន ចិន្តា ទៅធ្វើការបាត់ទៅ ។ មកដល់វេលាម៉ោង ជាង២រសៀល ថ្ងៃដដែលមិត្តភក្ត្រ័នារីរងគ្រោះទាំងពីរនាក់បានជិះម៉ូតូម៉ាកគុបរបស់នារីរងគ្រោះទៅផ្សារ អ៊ីអន ម៉លមុន ហើយនារីរងគ្រោះនិងមិត្តភក្ត្រ័ម្នាក់ទៀតបានជិះម៉ូតូស្គុបពីមកដល់តាមការណាត់ ហើយក៏នាំគ្នាយកម៉ូតូទាំងពីរគ្រឿងទៅផ្ញើរនៅកន្លែងផ្ញើរម៉ូតូនៅផ្សារទំនើបអ៊ីអនម៉ល នោះ រួចនាំគ្នាដើរលេងក្នុងផ្សាររហូតដល់ម៉ោងជាង៥ល្ងាច ក៏បានមកយកម៉ូតូជិះចេញទៅផ្ទះទើបដឹងថាបាត់ម៉ូតូបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលថាមានភ្ញៀវបាត់ម៉ូតូពេលនោះសន្តិសុខមើលការខុសត្រូវក្នុងផ្សារបានឱ្យអ្នកជំនាញបច្ចេកទេសបើកមើលក្នុងកាមេរ៉ាសុវត្តិភាពដែលបំពាក់នៅក្នុងផ្សារ ពេលនោះក៏បានឃើញពីសកម្មភាពរបស់សន្តិសុខយាមម៉ូតូបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកគុបរបស់នារីរងគ្រោះ ។ ដោយពីដំបូងម៉ូតូគុបរបស់នារីរងគ្រោះដែលយកទៅផ្ញើរនោះបានភ្លេចកូនសោ ជាប់នឹងម៉ូតូឃើញដូចនោះសន្តិសុខដែលជាជនសង្ស័យបានដើរទៅដកសោទុក ហើយមួយសន្ទុះក្រោយមកក៏យកសោចាក់.កម៉ូតូជិះចេញទៅបាត់ដោយសុវត្តិភាព។
ក្រោយពេលកើតហេតុនារីរងគ្រោះបានទៅប្តឹងសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ហើយក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។
បញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី ១នោះទេ ដែល ផ្សារទំនើប AEON មួយនេះ បាត់ម៉ូតូ ដោយកន្លងមកមានជនរងគ្រោះជាច្រើន ដែលផ្ញើរម៉ូតូនៅទីនេះ បាត់ ដោយខាងផ្សារមិនទទួលខុសត្រូវ សងដល់ម្ចាស់ទ្រព្យ ដោយសម្អាងទៅលើហេតុផល ជួលដី ដាក់របស់ បាត់មិនសង៕
មតិយោបល់