ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា នឹងដាក់សំណើរនាំយកខ្សែបម្រើ Ross Barkley ពីក្លិបទូកក្តោង Everton នៅរដូវក្តៅក្រោយបន្ទាប់ពីក្លិបមេឃខៀវ Manchester City ខកខានលើការទិញយកយុវជនរូបនេះ ។
យោងតាមសារព័ត៌មាន Daily Star បានចុះផ្សាយថា ក្លិប Man City ធ្លាប់បង្ហាញចំណាប់អារម្មណ៍លើកីឡាករអន្តរជាតិអង់គ្លេសរូបនេះផងដែរដោយបានដាក់តម្លៃខ្លួនប្រមាណ៣៥លានផោន។
ទោះបីជាយ៉ាងណាក៏ដោយ ក្លិប Everton ចង់បានតម្លៃខ្លួនចំពោះ Barkley ចំនួន ៥០លានផោន ហើយក្លិប Chelsea អាចនឹងនាំយករូបគេបានបន្ទាប់ពីក្លិបព្រមលក់កីឡាករ Romelu Lukaku ទៅឲ្យ Everton និងឲ្យក្លិបនេះខ្ចីជើងកីឡាករ Christian Atsu ។
គួរបញ្ជាក់ថា Chelsea នៅតែបន្តភាពខ្លាំងរបស់ខ្លួនចាប់តាំងពីបើករដូវកាលថ្មីមកដោយបានយកឈ្នះក្លិប Aston Villa ៣-០ កាលពីយប់ថ្ងៃសៅរ៍ ៕
មតិយោបល់