តាកែវ ៖ បទល្មើសជលផលកើតមានពេញផ្ទៃបឹងក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដែលប្រព្រឹត្តឡើងដោយជនជាតិវៀតណាមឆ្លងដែន ។ ចំណែកអស់លោកមន្ត្រីជំនាញជលផលចាប់ពីថ្នាក់សង្កាត់រហូតដល់ថ្នាក់លើអត់ខ្ចីចុះបង្ក្រាបគឺបណ្តែតបណ្តោយជនជាតិវៀតណាមសំរុកឆ្លងដែនចូលប្រព្រឹត្តបទល្មើសជលផលពេញទំហឹង ។
បទល្មើសកំពុងកើតមានក្នុងស្រុកអង្គរបុរីរួមមាន សៃយឺនយក្ស ឡុកស្បៃមុងខៀវ កន្ទុយកណ្តុរ លបក្តាម លបត្រីរ៉ស់ ។ ឧបករណ៍ទាំងនេះជនជាតិវៀតណាមនាំចូលពីប្រទេសវៀតណាម មកបំផ្លាញមច្ឆាជាតិនៅស្រុកខ្មែរដោយសេរី ។ រីឯអស់លោកមន្ត្រីជំនាញជលផលសម្ងំទទួលលុយពីបទល្មើសយ៉ាងត្រជាក់ល្ហឹម ដូចគ្មានបទល្មើសអ្វីកើតឡើងនៅក្នុងផ្ទៃបឹងអញ្ចឹង ។
ប្រជាពលរដ្ឋរស់នៅឃុំធ្លក ស្រុកអង្គរបុរី បានឲ្យដឹងថាបទល្មើសជលផលកើតមានក្នុងភូមិសាស្ត្រ ស្រុកមួយនេះកើតមានយូរឆ្នាំមកហើយ តែអស់លោកមន្ត្រីជំនាញ និងអ្នកប្រព្រឹត្តបទល្មើសទាំងនោះហាក់ដូចជាស្គាល់ចិត្តថ្លើមគ្នាសម្បើមណាស់ មិនដែលចេញប្រតិបត្តិការចុះបង្ក្រាប ឬរំខានដល់មុខរបរបទល្មើសច្បាប់របស់ទូកនេសាទជនជាតិវៀតណាមម្តងណាទេ ។
ប្រភពពីប្រជានេសាទខ្មែរក្នុងលក្ខណះគ្រួសារបានបញ្ជាក់ឲ្យដឹងថា មន្ត្រីជលផលចុះបង្ក្រាបបទល្មើសជលផលផងដែរ តែក្រុមគេបង្ក្រាបទូកនេសាទខ្មែរទ្រុងទ្រាយតូចយកស្នាដៃ ។ រីឯបទល្មើសធំៗរបស់ទូកនេសាទវៀតណាមអត់ខ្ចីទៅក្បែរនោះទេ ។ នេះបង្ហាញឲ្យឃើញថា មន្ត្រីជំនាញជលផលទាំងនោះឃុបឃិតគ្នាជាប្រព័ន្ធលួចទទួលលុយសំណូកពីបទល្មើសជលផលឆ្លងដែន ។
ទាក់ទិនព័ត៌មាននេះ អ្នកព័ត៌មានយើង មិនអាចទំនាក់ទំនងសុំការបំភ្លឺពីមន្ត្រីជំនាញជលផលឈរជើងនៅទីនោះបានទេ ព្រោះក្រុមគេ ( មន្ត្រីជលផល ) ហាក់ដឹងខ្លួនមិនមានបំណងផ្តល់ព័ត៌មានពាក់ព័ន្ធបទល្មើសជលផលកំពុងកើតមានក្នុងទឹកដីដែលខ្លួនគ្រប់គ្រងឡើយ ។
ប្រភពពីមន្ត្រីជលផលតូចតាចម្នាក់នៅស្រុកអង្គរបុរីបានបង្ហើបថា ការដែលមន្ត្រីជំនាញអត់ចេញធ្វើសកម្មភាពបង្ក្រាបបទល្មើសជលផលព្រោះតែគ្មានថវិកាចុះបង្ក្រាប ។ មានន័យថានាយកដ្ឋានជលផលអត់ទំលាក់លុយឲ្យចុះធ្វើការបង្ក្រាប ៕
មតិយោបល់