ពលរដ្ឋខ្មែរឥស្លាមក្មេងចាស់ប្រុសស្រី មានគ្នាចំនួនជិត១០០នាក់ រស់នៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្តាល បានផ្តុំគ្នាតវ៉ាចំពោះករណីទូកបូមខ្សាច់ដែលបង្ករផលប៉ះពាល់របរនេសាទលក្ខណៈគ្រួសាររបស់ពួកគាត់។
លោក រ៉ា ឌី តំណាងអ្នកភូមិតវ៉ាខាងលើបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ ទូកបូមខ្សាច់ដុះស្លែដែលមានម្ចាស់អាជីវកម្មឈ្មោះ លឹម ធារិទ្ឋិ បានបូមខ្សាច់មកប៉ះមងដាក់ត្រី របស់ពួកគាត់ បង្ករការខូចខាតអស់ចំនួន៣គ្រួសារ ហើយក្រោយពីខូចខាតពួកគាត់បានទាមទារសំណង ត្រឹមតែ២០ដុល្លារប៉ុណ្ណោះ ប៉ុន្តែម្ចាស់អាជីវកម្មខ្សាច់មិនព្រមចេញមុខដោះស្រាយនោះទេ។ ដោយឃើញដូចនេះពួកគាត់បានដោះយកម៉ាស៊ីនបូមខ្សាច់ មករក្សាទុកដើម្បីរង់ចាំការដោះស្រាយជាក្រោយ។
លុះរហូតដល់ម៉ោង១រសៀល ថ្ងៃដដែលនោះទើបមានការអន្តរាគមន៏ពី សមត្ថកិច្ចសង្កាត់ដើមមៀនដើម្បីឲ្យប្រគល់ម៉ាស៊ីនទៅឲ្យម្ចាស់គេវិញ ហើយម្ចាស់អាជីវកម្ម ព្រមផ្តល់ប្រាក់សំណង ១០០ដុល្លារ ដើម្បីបញ្ចប់ការតវ៉ានោះ។
លោក លឹម ធារិទ្ឋិ ម្ចាស់អាជីវកម្មបានលើកឡើងថា លោកទទួលបានច្បាប់អនុញ្ញាត្តិបូមខ្សាច់ដើម្បីបូមដាក់បន្ទាយ ហើយថាករណីនេះប្រជាពលរដ្ឋតវ៉ានោះជាអ្នកខុសទេ ដោយសារពួកគាត់ហ៊ានយកម៉ាស៊ីនគាត់ទៅទុក និងបានយកកាំបិតពូថៅ គម្រាមកម្មករលោកថែមទៀតប៉ុន្តែដើម្បីបញ្ចប់ជម្លោះ លោកក៏បានសងប្រាក់ចំនួន១០០ដុល្លារ ទៅនឹងការខូចខាតមងដាក់ត្រីរបស់ពួកគាត់នោះ។
លោកអនុសេនីយ៏ទោ សេង វុទ្ឋី នាយកប៉ុស្ត៏រដ្ឋបាលសង្កាត់ដើមមៀន និងលោក ស៊ូ សេន មេភូមិព្រែកតាពៅ១មានប្រសាសន៏ដូចគ្នាថា ដោយមានការស្នើសុំជួយអន្តរាគមន៏ ពីម្ចាស់អាជីវកម្មបូមខ្សាច់នោះ លោកក៏បានស្នើដល់ប្រជាពលរដ្ឋ ឲ្យយកម៉ាស៊ីមកប៉ុស្ត៏ប៉ូលីសដើម្បីដោះស្រាយ ដោយភាគីម្ចាស់អាជីវកម្មខ្សាច់បូមខ្សាច់ព្រមចេញការខូចខាត ជាប្រាក់ចំនួន១០០ដុល្លារ ដើម្បីបញ្ចប់ជម្លោះ។
យ៉ាងណាក៏ដោយករណីបូមខ្សាច់នេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ម្ចាស់អាជីវកម្ម ឈ្មោះ លឹម ធារិទ្ឋិទទួលបានច្បាប់អនុញ្ញាតិពីខាងណានោះទេ ហើយកន្លងមករដ្ឋាភិបាល ក៏បានដាក់ឱសានវាទ បញ្ឈប់ការបូមខ្សាច់ទាំងស្រុងអស់នៅហើយ នៅតាមដងទន្លេបាសាក់នេះ៕
មតិយោបល់