កំពង់ចាម៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជូនជនសង្ស័យ ចំនួន៤នាក់ ករណីលេងល្បែងស៊ីសង ( បើកកន្លែងលក់ឆ្នោត កន្ទុយលេខ ) ទៅពន្ធនាគារ បន្ទាប់ពីឃាត់ខ្លួន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ ចំណុចភូមិអូរឡេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមរួចមក ។
លោក វរៈសេនីយ៍ទោ សុខ សំបូរ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា បន្ទាប់ពីមានការដឹកនាំបង្ក្រាបដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ចំណុចខាងលើ ជាលទ្ធផល ឃាត់ខ្លួន អ្នកបើកកន្លែងលក់ឆ្នោតកន្ទុយលេខ ចំនួន៣នាក់ រួមមាន៖ ១-ឈ្មោះ ស៊ឹង ធីណា ភេទស្រី អាយុ៤៣ឆ្នាំ ។ ២-កាក់ សុខា ភេទស្រី អាយុ៤៣ឆ្នាំ ។ ទី៣-គីវ ណារ៉ា ភេទស្រី អាយុ៣៥ឆ្នាំ អ្នកទាំង៣នាក់ រស់នៅភូមិអូរឡេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដូចគ្នា ។ និងអ្នកលេងឆ្នោតកន្ទុយលេខ ចំនួន១នាក់ផងដែរ មានឈ្មោះ ស៊ុយ សុផល ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអូរឡេង ឃុំព្រែករំដេង ស្រុកស្រីសន្ធ ខេត្តកំពង់ចាមដែរ ។ ដកហូតវត្ថុតាងមាន ៖ សៀវភៅកត់លេខឆ្នោត ចំនួន៨ក្បាល ម៉ាស៊ីនគិតលេខ ចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន៣គ្រឿង និងថវិការ ចំនួន១.០៥០.០០០(មួយលានប្រាំម៉ឺនរៀល)ផងដែរ ។
លោកនាយការិយាល័យបានបញ្ជាក់ទៀតថា បន្ទាប់ពីជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយតុលាការចាត់ការទៅតាមនិតិវិធី ដោយបញ្ជូនជនសង្ស័យទាំង៤នាក់ ទៅឃុំខ្លួនបណ្ណោះអាសន្ននៅពន្ធនាគារតែម្តង ៕
មតិយោបល់