ព័ត៌មានជាតិ

មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​វារីវប្បកម្ម​សមុទ្រ​ភ្ញាស់​ត្រី​ស្ពង់ និង​បង្កង​ទទួលបាន​ជោគជ័យ​

​ខេត្ត​ព្រះសីហនុ​៖​លោក ម៉ម សុខ​ដា​រ៉ា ប្រធាន​ស្តីទី​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​វារីវប្បកម្ម​សមុទ្រ​បានឲ្យដឹងថា មជ្ឈមណ្ឌល​បាន​ធ្វើការ​ភ្ញាស់​កូន​ត្រី​ស្ពង់​សមុទ្រ​ទទួលបាន​ជោគជ័យ ក្នុង​រយះពេល ៩​ខែ​ដើមឆ្នាំ​២០១៤​នេះ ជ​ម្ឈ​មណ្ឌល​បាន​ភ្ញាស់​កូន​ត្រី​ស្ពង់​បាន​ចំនួន​ពីរ​លើក​រួចមកហើយ ដែល​មាន​កូន​ត្រី​ស្ពង់​ចំនួន ៦០,០០០​ក្បាល ដើម្បី​លក់​ចែកជូន​ប្រជាពលរដ្ឋ​យក​ទៅ​ចិញ្ចឹម​ជា​លក្ខណ​គ្រួសារ និង​ចិញ្ចឹម​តាម​សហគមន៌​ក្នុងព្រះសីហនុ កំពត និង​ខេត្ត​កំពង់ធំ ។​
​ ​លោក​ម៉ម សុខ​ដា​រ៉ា បានឪ្យ​ដឹង​បន្តថា បច្ចុប្បន្ន​មជ្ឈមណ្ឌល​មាន​ត្រី​មេ​ពូជ​ចំនួន ២២​ក្បាល ហើយ​ត្រី​មួយ​ក្បាល​វា​អាច​ពង កូន​បាន​ជា​រៀងរាល់​ខែ​ទៅ​តាម​តម្រូវការ​ដែល​យើង​ចង់បាន កា​ភ្ញាស់​កូន​ត្រី​ស្ពង់​មានកំណត់ អាស្រ័យ​ទៅតាម​តម្រូវការ​ទីផ្សារ​របស់​អ្នក​ចិញ្ជឹម ប្រសិនបើ​មាន​អ្នកទិញ​យក​ទៅ​ចិញ្ចឹម​ច្រើន យើង​នឹង​ធ្វើការ​ភ្ញាស់​កូន​ត្រី​ឪ្យ​បាន​ច្រើន ។ ការចិញ្ចឹម​ភាគច្រើន​គឺ​ប្រជាកសិករ​ពួក​គាត់​ទិញ​កូន​ត្រី​យក​ទៅ​ចិញ្ចឹម​នៅ​ចុង​រដូវវស្សា​ចន្លោះ​ពី​ខែ​វិច្ឆិកា និង​ខែធ្នូ ។ នៅ​ចុង​ខែ​តុលា​នេះ​យើង​មាន​គម្រោង​ភ្ញាស់​កូន​ត្រី​ស្ពង់​បន្តទៀត ។ កូន​ត្រី​អាច​យក​ទៅ​ចិញ្ចឹម​បាន​វា​មាន​អាយុ​ចាប់ពី​១​ខែ​កន្លះ ទៅ​ពីរ​ខែ និង​មាន​ប្រវែង​ពី​៣ ទៅ​៥​សង់ទីម៉ែត្រ​កូន​ត្រី​មួយ​ក្បាល​មាន​តម្លៃ​ត្រឹមតែ ៥០០​រៀល ។ ការចិញ្ចឹម​ត្រី​យើង​ឲ្យ​ស៊ី​ចំណី​តាម​លក្ខណ​បច្ចេកទេស រយះពេល ៦​ខែ ត្រី​អាចមាន​ទម្ងន់​ចាប់ពី ១,២០ គីឡូក្រាម ក្រៅ​ពី​ការចិញ្ចឹម​តាម​បែប​ក្នុង​ទឹកប្រៃ យើងក៌​បាន​ធ្វើការ​បន្សាំ​កូន​ត្រី​ស្ពង់​ជាមួយនឹង​ទឹកសាប ដើម្បីឪ្យ​កសិករ​យកទៅ​ធ្វើការ​ចិញ្ចឹម​នៅ​តាម​តំបន់​ទឹកសាប​បាន​ដូចគ្នា​នឹង​ទឹកប្រៃ​ផងដែរ យើង​បាន​ធ្វើ​ការសាកល្បង​ចិញ្ចឹម​កូន​ត្រី​ស្ពង់​នៅ​តំបន់​ទឹកសាប​ក្នុង​ខេត្ត​កំពង់ធំ​ដោយ​ពិនិត្យឃើញ​ថា​ការចិញ្ចឹម​នៅ​ទឹកសាប មាន​ការលូតលាស់​មិន​ចាញ់​ការចិញ្ចឹម​នៅ​ទឹកប្រៃ​នោះទេ ។​
​លោក​បាន​បន្តទៀតថា កាលពីមុន​ប្រជាកសិករ​អ្នក​ចិញ្ចឹក​ត្រី​ស្ពង់ ពួក​គាត់​ទិញ​កូន​ត្រី​មកពី​ប្រទេស​ថៃ និង​វៀតណាម ការដឹកជញ្ជូន​មានការ​ងាប់​ច្រើន​ធ្វើឪ្យ​ពួកគាត់​ខាតបង់​ថវិកា បច្ចុប្បន្ន​ពួកគាត់​ងាក​មក​ទិញ​កូន​ត្រី​ស្ពង់​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​វារីវប្បកម្ម​សមុទ្រ​វិញ ព្រោះ​ការទិញ​កូន​ត្រី​យក​ទៅ​ចិញ្ចឹម​មាន​តម្លៃថោក​ជាង និង​អត្រា​ងាប់​មាន​ចំនួន​តិច​បំផុត ។ បច្ចុប្បន្ន​នេះ​មាន​ខេត្ត​កំពង់ធំក៌​បានយ​ក​កូន​ត្រី​ស្ពង់​ទៅ​ចិញ្ចឹម​ក្នុង​ទឹកសាប​ផង​ដែរ​ទទួលបាន​ជោគជ័យ ដូច្នេះ​ការចិញ្ចឹម​ត្រី​ស្ពង់​អាច​ចិញ្ចឹម​បាន​ទាំង​ទឹកប្រៃ និង​ទឹកសាប​បាន​ដូចគ្នា ។
​ត្រី​ស្ពង់​វា​ចាប់​ផ្លាស់ប្តូ​ភេទ​ចាប់ពី​ញាស់​រហូត​ដល់​វា​មាន​ទម្ងន់​៤​គីឡូក្រាម ជា​ត្រី​ឈ្មោល​ទាំងអស់ ក៌​ប៉ុន្តែ​ចាប់ពី​ទម្ងន់​៤ ឡើងទៅ​៨​គីឡូក្រាម ប្រែ​ភេទ​មកជា​ត្រី​ញី​វិញ ។ មុន​ពេល​បង្កាត់​យើង​យក​វា​មក​ចាក់​ថ្នាំ​រយះពេល​៣៨​ម៉ោង វា​នឹង​ធ្លាក់​ពង ហើយ​ក្នុង​រយះពេល ១៨​ម៉ោង​ក្រោយមក​ពង​ក៌ញាស់​កូន​ត្រីញាស់​បាន ២​ថ្ងៃ វា​អាច​ចេះ​ស៊ី​ចំណី រហូត​ដល់​មួយអាទិត្យ​យើង​ដូរ​ចំណី​ផ្សេង និង​បន្ត​ដូរ​បន្តទៀត រហូត​ដល់​ត្រី​មាន​អាយុ​ជិត​២​ខែ ទើប​ចាប់​កូន​លក់​ឪ្យ​ប្រជាពលរដ្ឋ​យកទៅ​ចិញ្ចឹម​នៅ​តាម​បែប និង​តាម​ស្រះ​ក្នុង​គ្រួសារ និង​តាម​សហគមន៌ ។
​ ​ក្រៅ​ពី​ការ​ភ្ញាស់​កូន​ត្រី​ស្ពង់ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​វារីវប្បកម្ម​ស​មុត​ទ្រក៌បាន​ធ្វើ​ការភ្ញាស់​កូនបង្កង​បាន​ចំនួន​ជាង ៦០,០០០​ក្បាល​ទទួលបាន​ជោគជ័យ​រួចមកហើយ​ដែរ កាលពី​ឆ្នាំ​២០១៣​កន្លងមក ដែល​មាន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​តាកែវ ខេត្ត​ព្រះសីហនុ​ទិញ​យក​ទៅ​ចិញ្ចឹម ក្នុង​កូន​បង្កង​មួយ​ក្បាល​តម្លៃ​ត្រឹមតែ ១០០​រៀល​តែ​ប៉ុណ្ណោះ ។ ហើយ​នៅ​ចុងឆ្នាំ​២០១៤​នេះ មជ្ឈមណ្ឌល​កំពុង​រៀប​ចំ​ធ្វើការ​ភ្ញាស់​កូន​បង្កង​បន្តទៀត ដើម្បី​យកទៅ​លក់​ចែកចាយ​ឪ្យ​ប្រជាពលរដ្ឋ​យកទៅ​ចិញ្ចឹម​នៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ទិន្នផល​ទឹកសាប និង​ទិន្នផល​ត្រី​ទឹកប្រៃ​សម្បូរ​ឡើង ។
​ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​វារីវប្បកម្ម​សមុទ្រ​គ្រោង​និង​ធ្វើការ​ភ្ញាស់​កូន​ត្រី​ទឹក​កែ បន្ត​ទៀត​នៅ​ឆ្នាំ​២០១៥​ខាងមុខ បន្ទាប់ពី​យើង​បាន​ភ្ញាស់​កូន​ត្រី​ស្ពង់ និង​កូន​បង្កង​ទទួលបាន​ជោគជ័យ​រួចមក ។ ហើយ​ត្រី​ទឹក​កែ​ដែល​មាន​ទម្ងន់​ចាប់ពី​៤​គីឡូ​ចុះ​សុទ្ធតែ​ជា​ត្រី​ញឺ ក៌​ប៉ុន្តែ​នៅពេល​វា​មាន​ទម្ងន់​លើសពី​៤​គីឡូក្រាម វា​នឹង​ប្រែ​ភេទ​ជា​ត្រី​ឈ្មោល​វិញ ។
​ ​លោក ម៉ម សុខ​ដា​រ៉ា បានបញ្ជាក់​ថា បច្ចុប្បន្ន​ការ​ភ្ញាស់​ត្រី​ស្ពង់​ដោយ​មាន​ការជួយឧ​ប​ត្ត​ម្ភ​ចូលរួម​ពី​អ្នកជំនាញការ​ជប៉ុន ក្នុង​ការជួយ​បង្ហាត់បង្រៀន​ក្នុង​ពិធី​បង្កាត់​ពូជ​ត្រី​សមុទ្រ និង​បង្កង​នា​ពេល​កម្ល​ង​មក​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ៕

IMG-20141002-WA0001
IMG-20141002-WA0002

IMG-20141002-WA0003

មតិយោបល់