ក្នុងពិធីបើកមហោស្រពតន្ត្រីនិងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០១៤ ដែលមានកុមារចំនួន២២ ក្រុមមកពីសាលារដ្ឋ សាលាឯកជននិងសហគមន៍មកពីខេត្តមួយចំនួននិងរាជធានីភ្នំពេញបានចូលរួមប្រឡង នារសៀលថ្ងៃទី០៤ខែតុលា ឆ្នាំ២០១៤នៅទីស្ដីការក្រសួងនោះ ឯកឧត្ដមរដ្ឋមន្ត្រីថ្លែងថា មហោស្រពនេះ គឺជាការផ្ដល់នូវកាលានុវត្តភាពដល់ក្មួយៗកុមារបញ្ចេញនូវសមត្ថភាពនិងទេពកោសល្យសម្ដែងរបស់ខ្លួន ដែលសកម្មភាពនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយតម្លៃរបស់កុមារកម្ពុជានិងជួយថែរក្សាអត្តសញ្ញាណជាតិនិងការអភិវឌ្ឍវប្បធម៌ ក្នុងបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌។ លើសពីនេះទៀតមហោស្រពតន្ត្រីនិងចម្រៀងកុមារនាពេលនេះបានបញ្ជាក់ឱ្យឃើញថែមទៀតពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្តកុមារ ការលុបបំបាត់ការកេងប្រវ័ញ្ច លើ កុមារការលុបបំបាត់ការសេពគ្រឿងញៀន សុវត្ថិភាពចរាចណ៍ តម្លៃនៃចំណេះវិជ្ជា សុជីវធម៌ និងសីលធម៌ សង្គម។ជាងនេះទៅទៀតនោះ គឺការគោរពឪពុកម្ដាយ ចាស់ទុំ ចាស់ព្រឹទ្ធាចារ្យនិងអ្នកដែលនៅជុំវិញខ្លួន។
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ថា ក្រៅពីតួនាទីធ្វើឱ្យអារម្មណ៍សប្បាយរីករាយ វិស័យតន្ត្រីនិងចម្រៀងគឺមានតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ មនុស្សគ្រប់វ័យ គ្រប់ស្រទាប់អាចជួយឱ្យប្រាជ្ញាស្មារតីភ្លឺថ្លាឆ្លាតវាងវៃ ពីព្រោះថាជីវិតនិងសិល្បៈពុំអាចឃ្លាតគ្នាបានឡើយ ទោះបីស្ថិតក្នុងសម័យកាលណា កាលៈទេសៈណាក៏ដោយ។
ក្នុងនោះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានថ្លែងនូវការកោតសរសើរ ចំពោះកវីនិពន្ធ ទាំងអស់ ដែលបានយកអស់ស្មារតីខិតខំ ប្រឹងប្រែងបង្កើតស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងថ្មីៗសម្រាប់កុមារ ដោយឈរលើគោលការណ៍ងាយចេះ ងាយយល់ ងាយចាំសម្រាប់កុមារកម្ពុជា ដើម្បីរួមចំ ណែកបម្រើសំណូមពររបស់សង្គមខ្មែរយើងទាំងមូល៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់