ព័ត៌មានជាតិ

លួច​កាប់​ចំ​៦​កាំបិតផ្គាក់​ស្លាប់​ចោទ​ថា​ចេះ​ធ្មប់​ធ្វើ​អ្នកស្រុក​ក្នុង​ភូមិ​

កំពង់ឆ្នាំង​៖​បុរស​ម្នាក់​ត្រូវ​ជនដៃដល់​លួច​កាប់​ត្រូវ​ចំនួន​៦​កាំបិត ស្លាប់​នៅក្នុង​កន្លែង​កើតហេតុ​​ដោយ​មាន​គុំនុំ​ថា​ជនរងគ្រោះ​ចេះ​ធ្វើ​ធ្មប់​នៅក្នុង​ភូមិ​។​ឃាតកម្ម​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៤ នៅ​តៀម​លក់​ដូរ​មួយ​កន្លែង​ក្នុង​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស មាន​ចម្ងាយ​ជាង​១០០​ម៉ែត្រ​ពី​ផ្ទះ​ជនរងគ្រោះ​។​
2014-10-07_204243
​លោក ខែម វិបុល អធិការនគរបាល​ស្រុក​ទឹកផុស​បាន​និយាយ​អោយដឹងថា​៖​ជនរងគ្រោះ​​មានឈ្មោះ សុខ សុផាត អាយុ​៤៤​ឆ្នាំ មុខរបរ​ធ្វើស្រែ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​ចំ​ណែ​ក​ជនដៃដល់​ឈ្មោះ អ៊ូ អែល អាយុ​៤៣​ឆ្នាំ មាន​មុខរបរ​ធ្វើស្រែ​និង​ឡើងត្នោត រស់នៅ​ក្នុង​ភូមិ​ឃុំ​​ជាមួយគ្នា និង​មាន​ផ្ទះ​នៅ​ទល់មុខ​គ្នា ធ្លាប់​មាន​គំនុំ​ពីមុនមក​។​

​ ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​អង្គុយ​ផឹក​និង​មើល​ទូរទស្សន៍​មាន​គ្នា​៣​នាក់​នៅក្នុង​តៀម​លក់​ដូរ​មួយកន្លែង​ក្នុងភូមិ ដែរ​មាន​ចម្ងាយ​ជាង​១០០​ពី​ផ្ទះ​ជនរងគ្រោះ​។​នៅពេល​នោះ​ដែរ​​ជនដៃដល់​បាន​មក​ពី​ឡើងត្នោត បាន​ឃើញ​ជនរងគ្រោះ​នៅ​ផឹក​ក្នុង​តៀម ហើយក៏​បាន​រែក​ទឹក​​ត្នោត​ទៅ​ទុក​ផ្ទះ ហើយ​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ចាក់​សាំង​នៅ​តៀម​លក់​ដូរ​នោះ​វិញ​។​ពេលនោះ​ជនរងគ្រោះ​បាន​និយាយថា ចាក់​សាំង​អី​មកចាក់​សាំង​ខាង​ណេះមក​។​ខ​ណះ​នោះ​ជនដៃដល់​ធ្លាប់​មាន​គំនុំ​ស្អប់​ថា​ជនរងគ្រោះ​ជា​អ្នក​ចេះ​ធ្វើ​ធ្មប់​ក្នុងភូមិ​ឃុំ​ផង ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅផ្ទះ​យក​កាំបិតផ្គាក់​មក ដល់​តៀម​វិញ​ក៏​បាន​ទាញ​កាំបិត​ផ្គាក់​កាប់​ផ្ទួនៗ​ចំ​៥​កាំបិត​តែម្តង​រហូត​ដល់​បាក់ដង​កាំបិត គឺ​ចំ​ក្បាល​៣​កាំបិត ដៃ​ឆ្វេង​២​កាំបិត និង​ពោះ​១​កាំបិត បណ្តាល​អោយ​ជនរងគ្រោះ​របួស​ធ្ងន់ធ្ង​រ និង​បាន​ស្លាប់​ក្រោយ​ពេល​កើតហេតុ​កន្លះ​ម៉ោង​។​

​ ​លោក​អធិការ​ស្រុក​ទឹកផុស​បានអោយដឹង​ទៀត​ថា​៖​ក្រោយពេល​កើតហេតុ ជនដៃដល់​​បាន​គេចខ្លួន​បាត់​ពី​ផ្ទះ ភ្លាមៗ​នោះ​ដែល​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក និង​ខេត្ត បាន​សហការ​គ្នា​តាម​ប្រមាញ់​ចាប់ខ្លួន​ជនដៃដល់ រហូតដល់​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៤ សមត្ថកិច្ច​ចាប់ខ្លួន​ជនដៃដល់​បាន​នៅ​ចំណុច​ទឹក​ចែក​ក្នុង​ខ្ទម​ស្រែ ក្នុង​ភូមិ​កោះ​ខ្ទម ឃុំ​​ទួល​ខ្ពស់ ស្រុក​ទឹកផុស​។​
​ ​នៅ​ចំពោះ​សមត្ថកិច្ច​ជន​ដៃដល់​បាន​សារភាព​ថា​៖​រូបគេ​ពិតជា​បាន​កាប់​ជនរងគ្រោះ​ពិត​​មែន​ដោយសារតែ​ជនរងគ្រោះ​ចេះ​ធ្មប់​ធ្វើ​អ្នកស្រុក​ក្នុង​ភូមិ​ឈឺ​ជាច្រើន​នាក់​មក​ហើយ និង​ធ្លាប់​បាន​តាម​កាប់​ជាច្រើន​លើក​រួច​មក​ហើយ​តែ​គ្មាន​ឱកាស​ធ្វើ​បាន​សំរេច​។​
​ ​លោក ប៉ុល វ​ទ្ធី ស្នងការរង​នគរបាល​ខេត្ត ដែល​បាន​ដឹកនាំ​សមត្ថកិច្ច​ចុះ​ចាប់​ជនល្មើស​
​ដោយផ្ទាល់​បាន​និយាយ​អោយដឹងថា​៖ តាម​ការស្រាវជ្រាវ​ប្រជា​ពលរដ្ឋ​មួយចំនួន​បាន​អោយ​លោក​ដឹងថា ជនរងគ្រោះ គាត់​មិន​ចេះ​ធ្មប់​អាប​អី​នោះ​ទេ នេះ​គឺជា​ការចោទប្រកាន់​និង​មាន​គំនុំ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​៕
Kill

មតិយោបល់