ព័ត៌មានជាតិ

(មានវីដេអូ) អាសូរបំផុតការរដ្ឋានបូមខ្សាច់បុរីអ័រគីដេ ឆក់យកជីវិតកូនស្រីពីបេះដូងម្ដាយក្នុងពេលមួយពព្រិចភ្នែក

ភ្នំពេញៈ ប្រមាណជារយៈពេល២ម៉ោង សពក្មេងស្រីដែលបាត់ខ្លួននៅក្នុងគំនរខ្សាច់ ត្រូវបានសាច់ញាតិរកឃើញ ប៉ុន្តែអ្វីដែលសោកសង្រេងបំផុតនោះ គឺម្ដាយនាងបានដួលសន្លប់ ព្រោះតែឃើញសពកូន ត្រូវឪពុកបីត្រកង។

បើតាមអាជ្ញាធរបានប្រាប់ថា នៅម៉ោង៣និង៣០នាទីរសៀល សពក្មេងស្រីវ័យ៨ឆ្នាំ ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានសាច់ញាតិ រួមនឹងអ្នកភូមិរាវរកឃើញនៅក្នុងគំនរខ្សាច់របស់ការដ្ឋានក្រុមហ៊ុន បុរីអ័រគីដេ ខាងក្រោយបុរីរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងភូមិព្រែកតាសេក សង្កាត់លៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោយពីនាងជាប់ផុង និងបាត់ខ្លួនរយៈ២ម៉ោង ពោលបាត់ខ្លួនកាលពីម៉ោង១និង៣០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នេះ ។

កំឆូលអារម្មណ៍លាយឡំ និងទឹកភ្នែកបានហូរចុះមក នៅពេលដែលឃើញអ្នកភូមិ និងឪពុកបីត្រកងសពរបស់កូន បន្ទាប់ពីការដ្ឋានខ្សាច់បុរីអ័រគីដេ បានឆក់យកជីវិតនាងពីដើមទ្រូងម្ដាយ នេះបើតាមការលើកឡើងរបស់អ្នកភូមិនៅទីនោះ។

យ៉ាងណាក៏ដោយពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋទទូចទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាមានវិធានការ ឬក៏ស្រោវជ្រាវឲ្យបានល្អិតល្អន់ ដើម្បីផ្ដល់យុត្តិធម៌ជូនសាច់ញាតិជនរងគ្រោះ ខណៈការដ្ឋានមួយនេះ មិនមានការបិទបាំងហ៊ុំព័ទ្ធ និងដាក់បំរាមឲ្យបានត្រឹមត្រូវ។

បើតាមអ្នកភូមិនៅទីនោះ បានបង្ហើបថា ការដ្ឋានខ្សាច់របស់បុរីអ័រគីដេនេះ មានការចាក់លុបបឹង ដែលគេគ្រោងនឹងធ្វើផ្ទះល្វែង ហើយជាទូទៅ បុរីខ្លះមិនសូវជារឹងមាំប៉ុន្មានទេ នៅពេលដែលបូមខ្សាច់ចាក់លុបបឹងនោះ ខណៈទឹកភ្លៀងបានជន់លិចម្ដងៗ។

គួររំឭកថា នៅម៉ោង១និង៣០នាទីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ មានក្មេង២នាក់ បានជាប់ផុងនៅក្នុងការដ្ឋានបូមក្នុងបុរីអ័រគីដេ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

បន្តិចក្រោយមកក៏មានមនុស្សជាច្រើននាក់បានចុះរាវរកក្មេង២នាក់ដែលបាត់ខ្លួន ដែលគេសង្ស័យថា ជាប់ផុងក្នុងការដ្ឋានបូមខ្សាច់ បន្ទាប់មកក្មេងម្នាក់ ត្រូវបានគេជួយសង្គ្រោះ រីឯក្មេងស្រីរងគ្រោះម្នាក់ទៀតអាយុ៨ឆ្នាំបានបាត់ខ្លួន ។ លុះ២ម៉ោងក្រោយមក ទើបអ្នកភូមិរាវរកឃើញសាកសពនៅក្នុងទឹកបឹងការដ្ឋានបុរីនោះ៕

https://youtu.be/HgWV8gpvQK4

មតិយោបល់