ព័ត៌មានជាតិ

អនុរក្ស​ពន្ធនាគា​ប្តឹង​ប្រធាន អនុប្រធាន​ពន្ធនាគា​ខេត្ត​ប៉ៃលិន​រឿង​ពុករលួយ និង បើក​ល្បែងស៊ីសង​ក្នុង​ពន្ធនាគារ​

​ខេត្ត​ប៉ៃលិន ៖ ពេល​ថ្មីៗ​នេះ មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​ជាង​១០​នាក់ បាន​ឯកភាពគ្នា​ផ្តិតមេដៃ ប្តឹង​លោក នៅ ធឿង ប្រធាន​ពន្ធនាគារ និង​លោក​សុខ សារូ អនុប្រធាន​ពន្ធនាគារ​ខេត្ត ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ កេងប្រវ័ញ្ច​ថវិកា សម្ភារ និង​បង្កើត​នូវ​ភាពអនាធិបតេយ្យ​ខុស​ក្រមសីលធម៌ ក្នុង​អង្គភាព​ពន្ធនាគារ​ខេត្ត ។​
Pailin
​ដោយយោង​តាម​ពាក្យបណ្តឹង ដែល​បញ្ជូន ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ និង​ដាក់​ចូល​ទៅ​លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​រៀបរាប់​ឲ្យដឹងថា​៖ លោក នៅ ធឿង ប្រធាន​ពន្ធនាគារ និង​លោក សុខ សារូ អនុប្រធាន​ពន្ធនាគារ​ខេត្ត បាន​ប្រព្រឹត្ត​នូវ​អំពើ​ពុករលួយ មិនតែប៉ុណ្ណោះ បាន​បង្កើត​ភាព​មិន​ប្រក្រតី​មួយចំនួន ដែល​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៤ មក​ម្លេះ ដោយ​ពាក់ព័ន្ធ​ប្រាក់​បៀរត៏​វត្តន៏​របស់លោ​កកឿម កើ​ស ជា​មន្ត្រី​អនុរក្ស​ពន្ធនាគារ មិន​ដែល​បើក​ឲ្យ​រហូតមក ។​ទើប​នៅ ថ្ងៃទី​៣១ សីហា ២០១៤ ប្រធាន​ពន្ធនាគារ​លើក​សំណើសុំ​កាត់ឈ្មោះ​ខ្មោច​ចេញ​ពី​អង្គភាព ។​ចំណែក មន្ត្រី​អនុរក្ស​ឈ្មោះ ឆាយ ពេ​ង បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​១៧ វិច្ឆិកា ២០១២ ត្រូវបាន​លោក នៅ ធឿង និង​លោក សុខ សារូ កាត់​យក​លុយ​គោលនយោបាយ​គុណ​នឹង​ប្រាក់បៀវត្សរ៍​ចុងក្រោយ​ចំនួន​៦​ខែ សូម្បី​តែ​ប្រពន្ធ​កូន​របស់​សព តាម​សួរ​ច្រើនលើក ក៏​ពុំ​បាន​ផល​អ្វី​ដែរ គឺ​យក​ទាំងអស់​តែម្តង ។​

​អនុរក្ស​ពន្ធនាគារ​ម្នាក់ទៀត​ឈ្មោះ ស៊ុប ពិសិដ្ឋ ត្រូវបាន​ជន​ទាំង​ពីរ​នាក់​នេះ កាត់​យក​ប្រាក់​បៀវត្សរ៍ អស់​រយៈពេល​៨​ខែ គឺ​ចាប់ពី​ខែមិថុនា ២០១៣ ដល់​ខែ​មករា ឆ្នាំ​២០១៤ ដោយ​បើក​ឱ្យ​ត្រឹមតែ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ។​តាម​ការចោទប្រកាន់​បាន​បន្តថា អ្នក​ទាំង​ពីរ​ឱ្យ​អ្នកទោស​លក់ដូរ​អនាធិបតេយ្យ និង​ចង​ការប្រាក់ លេង​ល្បែង​ភ្នាល់​បាល់​ក្នុង​ពន្ធនាគារ ។ ទន្ទឹមនឹងនោះ បើ​នរណាម្នាក់​ហ៊ាន​សួរនាំ​នោះ លោក នៅ ធឿង បាន​ស្រែក ក្តែងៗ​ថា «​ស្រា​អញ​ជា​អ្នក​យក​ចូល ចង់​ប្តឹង​ទៅ​ណា​ក៏​ប្តឹង​ទៅ អញ​មិន​ខ្លាច​» ។ ម្យ៉ាងវិញទៀត ប្រធាន និង​អនុប្រធាន​ពន្ធនាគា​រយ​ក​ជន​ជាប់​ឃុំ​ទៅ​ធ្វើ​ពលកម្ម​ដោយ​គ្មាន​គិតពី​ថ្ងៃ​សៅរ៍​-​អាទិត្យ​ឡើយ សូម្បី​តែ​ថ្ងៃ​បុណ្យចម្រើនព្រះជន្ម ក៏​យក​ជន​ជាប់​ឃុំ​ទៅ​ធ្វើ​ពលកម្ម​ដែរ ។​
​ពួកគេ​ឱ្យ​អ្នកទោស​មាន​សិទ្ធិ​ប្រើ​ទូរស័ព្ទ​ទាំង​យប់​ទាំង​ថ្ងៃ​២៤​ម៉ោង ដែល​នេះ​ជា​បញ្ហា​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត ។​

​ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ៖​មេ​ពន្ធនាគា​រទាំង​ពីរ​រូប​នេះ បាន​កេងប្រវ័ញ្ច​យ៉ាងច្រើន​ដើម្បី​យក​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​អាង​លើ​អំណាច ធ្វើការ​សម្លុត​គំរាម​ដក​ហូត ផ្លាស់ប្តូរ​ទីកន្លែង ទៅលើ​មន្ត្រី​អនុរក្ស ដោយ​ជេរ​ប្រមាថ និង​គំរាម​កាត់ឈ្មោះ​ចោល ដូច្នេះ​គ្មាន​នរណា​ហ៊ាន​តវ៉ា​នោះឡើយ ។ ប្រភព​បន្តថា​៖ រឿង​ទាំងអស់​ដែល​កើតឡើង​នៅក្នុង​ពន្ធនាគារ ជន​ជាប់​ឃុំ​ដឹង​ទាំងអស់​មិន​ហ៊ាន​និយាយ​ទេ ព្រោះ​ខ្លាច​អំណាច​មេ​គុក​ធ្វើ​ទារុណកម្ម ។​ចំពោះ​សម្ភារ​ដែល​ក្រសួង​ផ្តល់​សម្រាប់​អ្នកទោស ប្រធាន​ពន្ធនាគារ​ពុំ​ធ្លាប់​បើក​ឱ្យ​ទេ រួម​មាន​ស្បែកជើង ក្រមា មុង ភួយ កន្ទេល ថ្នាំ​និង​ច្រាស​ដុសធ្មេញ សាប៊ូដុំ សាប៊ូ​ម្សៅ ។​ល​។​

​ដោយ​បើក​ឱ្យតែ​ខោអាវ​អ្នកទោស ប៉ុន្តែ​សម្រាប់​អ្នក​ជំនិត​ពីរ​បី​នាក់ គឺ​បើក​ឱ្យ​គ្រប់ ក្រៅពី​នោះ​អត់​បាន​ទេ ។ អនុរក្ស​ពន្ធនាគារ​ទាំងនេះ បាន​សំណូមពរ​សុំ​ធ្វើ​ការផ្លាស់ប្តូរ​ប្រធាន អនុប្រធាន​ពន្ធនាគារ​ទាំង​ពីរ​រូប​ខាងលើ ចេញ​ពី​អង្គភាព​ពន្ធ​គារ​ខេត្ត​ប៉ៃលិន ដើម្បី​ពង្រឹង​ការគ្រប់គ្រង​អង្គភាព​ឡើងវិញ ។​
​ប្រភព​ដដែល​រំលឹកថា លោក​នៅ ធឿង ប្រធាន​ពន្ធនាគារ​ខេត្ត ធ្លាប់​លេចឮ​ពី​ការប្រព្រឹត្ត​អំពើពុករលួយ​ម្តង​រួចមកហើយ កាលពី​ឆ្នាំ​២០០៦ ដោយ​ស៊ីដាច់​របប​មន្ត្រី​អនុរក្ស​១​ឆ្នាំ និង​ប្រាក់បៀវត្សរ៍​១​ខែ យក​ទៅ​ចាយវាយ​ផ្ទាល់ខ្លួន​៕​

មតិយោបល់